ពីនេះ ពីនោះ
តើ​អ្នកមាន​ខួរក្បាល​ច្រើន ឆ្លាត​ជាង​អ្នកមាន​ខួរក្បាល​តិច​ឬ ?
23, Jul 2017 , 2:39 pm        
រូបភាព
ដោយ: ធីតា
នេះ​ជា​ដំណឹង​ល្អ​មួយ​សម្រាប់​មនុស្ស​ទាំងឡាយ​ដែលមាន​ក្បាល​តូច។ ទំហំ​នៃ​ខួរក្បាល​មិន​ជះឥទ្ធិពល​ដល់​ភាព​វៃឆ្លាត​ទេ នេះ​បើតាម​ការសិក្សា​មួយ​របស់​ប្រទេស​អូទ្រីស​ដែល​ត្រូវបាន​ចុះផ្សាយ​នៅក្នុង​ទស្សនា​វ​ដ្តី Neuroscience & Biobehavioral Reviews ។

 
ទំហំ​នៃ​ខួរក្បាល​មិន​សំខាន់​ទេ។ ក្រុម​អ្នកស្រាវជ្រាវ​នៃ​សាកលវិទ្យាល័យ Vienna បានធ្វើការ​សង្កេត​ទៅលើ​ខួរក្បាល​ចំនួន ៨ ពាន់ខុសៗគ្នា ដោយ​វិភាគ​ទាំង​លើ​ខួរក្បាល​មនុស្ស និង​ខួរក្បាល​ថនិកសត្វធំ។ ជាដំបូង ក្រុម​អ្នកវិទ្យាសាស្ត្រ​បាន​ប្រៀបធៀប​ទំហំ​នៃ​ខួរក្បាល​របស់​មនុស្ស និង​ពពួក​ថនិកសត្វធំៗដូចជា សត្វ​ដំរី និង​ពូជ​ត្រី​បា​ឡែ​ន​ម្យ៉ាង។ សត្វ​ដំរី​មាន​ខួរក្បាល​ទម្ងន់​ប្រមាណ ៥ គីឡូក្រាម ឯ​មនុស្ស​មានតែ ១,៣៥ គីឡូក្រាម​ប៉ុណ្ណោះ។ ឯ​ប្រភេទ​ត្រី​បា​ឡែ​ន​ម្យ៉ាង​វិញ មាន​ខួរក្បាល​ទម្ងន់​រហូតដល់ ៩ គីឡូក្រាម។ ទោះជា​សត្វ​ទាំងនេះ​មាន​ខួរក្បាល​ច្រើន ប៉ុន្តែ​នៅតែមាន​កម្រិត​បញ្ញា​ចាញ់​មនុស្ស។
 
បន្ទាប់មកទៀត អ្នកវិទ្យាសាស្ត្រ​បាន​តម្រូវ​ឲ្យ​អ្នកស្ម័គ្រចិត្ត​ចូលរួម​ក្នុងការ​សិក្សា​នេះ​ឆ្លងកាត់​ការធ្វើ​តេស្ត​បញ្ញា។ ទីបំផុត លទ្ធផល​បង្ហាញថា អ្នក​ដែលមាន​ទំហំ​ខួរក្បាល​ធំ​មាន​ភាព​វ័យឆ្លាត​តិចជាង​អ្នកមាន​ទំហំ​ខួរក្បាល​មធ្យម។
 
ម្យ៉ាងទៀត ជា​មធ្យម ពិតមែនតែ​មនុស្ស​ប្រុស​មាន​ខួរក្បាល​ធំ​ជាង​ស្ត្រី តែ​ភាព​វៃឆ្លាត​របស់​បុរស​មិនបាន​ខ្ពស់ជាង​ស្ត្រី​ទេ។ តាមពិតទៅ កត្តា​នៃ​ភាព​វៃឆ្លាត​ស្ថិតនៅលើ​រចនាសម្ព័ន្ធ​នៃ​ខួរក្បាល នេះ​បើតាម​លោក​វេជ្ជបណ្ឌិត Jakob Pietschnig អ្នកដឹកនាំ​ការស្រាវជ្រាវ។
 
កាលពីពេល​កន្លងមក ក្រុមគ្រូពេទ្យ​ធ្លាប់បាន​វះកាត់ និង​សិក្សា​រួចមកហើយ​លើ​ខួរក្បាល​របស់​អ្នកប្រាជ្ញ​ផ្នែក​រូបវិទ្យា និង​គណិតវិទ្យា​មួយរូប​គឺ​លោក Albert Einstein ដែលមាន​សញ្ជាតិ​អាមេរិកាំង ដើមកំណើត​អា​ល្លឺ​មង់ និង​បាន​បាត់បង់​ជីវិត​នៅ​ឆ្នាំ ១៩៥៥ ។ ក្រុម​គូ​ពេទ្យ​បាន​សង្កេតឃើញថា អ្នកប្រាជ្ញ​រូបនេះ​មាន​ខួរក្បាល​តូច​ជាង​កម្រិត​ធម្មតា តែមាន​លក្ខណៈ​សាំញ៉ាំ ជាពិសេស​គឺ​នៅត្រង់​ផ្នែក​សម្រាប់ធ្វើ​ការវិភាគ និង​ពិចារណា។ រចនាសម្ព័ន្ធ​នេះហើយ ទើប​ធ្វើ​ឲ្យ​លោក​មាន​ភាពរហ័សរហួន​ខាង​ផ្នែក​បញ្ញា៕
 

Tag:
 ប្លែក
© រក្សាសិទ្ធិដោយ thmeythmey.com