ជាតិ
ព្រះមហាក្សត្រ​កម្ពុជា​ចាប់ផ្ដើម​ព្រះរាជទស្សនកិច្ច​លំហែ​ព្រះកាយ​នៅ​វៀតណាម
20, Oct 2015 , 4:24 pm        
រូបភាព
 
ព្រះមហាក្សត្រ​កម្ពុជា ព្រះបាទ​នរោត្តម សីហមុនី បាន​យាង​ដល់ទី​ក្រុង​វ៉េ ហើយ ក្នុង​ដំណើរ​ព្រះរាជទស្សនកិច្ច​លំហែ​ព្រះកាយ​រយៈពេល៤ថ្ងៃ ចាប់ពី​ថ្ងៃ១៩ដល់២២ ខែតុលា នៅ​សាធារណៈរដ្ឋ​សង្គមនិយម​វៀតណាម តប​តាម​សំណើ​យាង​ពី​សំណាក់​លេខា​បក្ស​កុំ​មុយ​នី​ស​វៀតណាម​លោក ង្វៀន ភូ​ត្រុ​ង Nguyen Phu Trong និង​ប្រធានាធិបតី​លោក ទ្រឿ​ង តាន់​សាង (Truong Tan Sang)។

 
បន្ទាប់ពី​យាង​ដល់​ក្រុង​វ៉េ នា​រសៀល​ថ្ងៃ១៩ តុលា ព្រះករុណា ព្រះមហាក្សត្រ​កម្ពុជា បាន​យាង​ជួប​សវនាការ​ជាមួយ ប្រធានាធិបតី​វៀតណាម​លោក​ទ្រឿ​ង តាន់​សាង។ ក្នុងជំនួប​សវនាការ​នេះ ប្រធានាធិបតី​វៀតណាម​បាន​សម្ដែង​ការស្វាគមន៍​ចំពោះ​ព្រះរាជដំណើរ​បស់​ព្រះមហាក្សត្រ​កម្ពុជា លើ​ទឹកដី​វៀតណាម។ លោក​ទ្រឿ​ង តាន់​សាង ក៏បាន​ផ្ញើ​សេចក្តី​សាកសួរ​សុខទុក្ខ​និង​ថ្វាយព្រះពរ​ពី​សំណាក់​លេខា​បក្ស​កុំ​មុយ​នី​ស​វៀតណាម​លោក​ង្វៀន ភូ​ត្រុ​ង។
 
ជាមួយគ្នានេះ លោក​ទ្រឿ​ង តាន់​សាង ក៏បាន​បញ្ជាក់ដែរថា ព្រះរាជទស្សនកិច្ច​នេះ ពិតជា​បានបង្ហាញ​នូវ​ការយក​ព្រះទ័យ​ទុកដាក់​របស់​ព្រះមហាក្សត្រ​កម្ពុជា​ចំពោះ​ការពង្រឹង​មិត្ត​ភាពជា​ប្រពៃណី​ដ៏​យូរអង្វែង​នៃ​ប្រទេស​ទាំងពីរ ក៏ដូចជា ចំពោះ​ប្រជាជន​និង​ប្រទេស​វៀតណាម​ផងដែរ។ 
 
លោក​ទ្រឿ​ង ក៏បាន​រម្លឹក​ពី​ប្រពៃណី​សាមគ្គីភាព​និង​ការគាំទ្រ​គ្នា​ទៅវិញទៅមក​រវាង​ប្រទេស​ទាំងពីរ ជាពិសេស ការជួយ​ទំនុកបម្រុង​ពី​សំណាក់​ព្រះមហាវីរក្សត្រ​កម្ពុ​ជាស​ម្ដេច នរោត្តម សីហនុ​និង​ប្រជាជន​កម្ពុជា​ចំពោះ​វៀតណាម​ក្នុងការ​ទាមទារ​ឯករាជ​និង​ប​ង្រូ​ម​ប​ង្រូ​ម​វៀតណាម​ទាំងពីរ។
 
ឆ្លៀតឱកាស​នោះ​ផងដែរ ប្រធានាធិបតី​វៀតណាម​បាន​គូសបញ្ជាក់​ជាថ្មី​ថា បក្ស រដ្ឋ និង​ប្រជាជន​វៀតណាម នឹង​បន្ត​ពង្រឹង​មិត្តភាព សាមគ្គីភាព សហប្រតិបត្តិ​ការជាប​ង​ប្អូន​រវាង​វៀតណាម​និង​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ​បន្ថែមទៀត​ពីព្រោះ​ប្រទេស​ទាំងពីរ​មាន​ជំហរ​ដូចគ្នា​ចំពោះ​ស្ថិរភាព ការអភិវឌ្ឍ​ក្នុង​តំបន់​និង​ពិភពលោក។
 
ជាការ​ឆ្លើយតប ព្រះមហាក្សត្រ​កម្ពុជា ទ្រង់​បាន​សម្ដែង​អំណរ​រាជ​គុណ​ចំពោះ បក្ស រដ្ឋាភិបាល និង​ប្រជាជន​វៀតណាម ដែល​តែងតែ​ជួយ​ដល់​កម្ពុជា​ក្នុង​គ្រប់​កាលៈទេសៈ។ ព្រះមហាក្សត្រ ទ្រង់មាន​ព្រះរាជបន្ទូល​ថា វៀតណាម គឺជា​មិត្ត​ល្អ និង​ជា​អ្នកជិតខាង​ល្អ សម្រាប់​ប្រជាជន​កម្ពុជា​ទាំងមូល ហើយ ទ្រង់​នឹង​បន្ត​ពូន​ជ្រុំ​មិត្តភាព សហ​ប្រតិ​ប​ត្ត​ការល្អ ឱ្យ​កាន់តែខ្លាំង​បន្ថែមទៀត ដើម្បី​ជា​ប្រយោជន៍​យូរអង្វែង​របស់​ប្រទេស​ទាំងពីរ។
 
ក្នុង​ព្រះរាជដំណើ​ទស្សនកិច្ច​នេះ ព្រះមហាក្សត្រ​កម្ពុជា​នឹង​យាង​ទៅកាន់​រមណីយដ្ឋាន​វប្ប​ធម៌​ប្រវត្តិសាស្ត្រ​មួយចំនួន​ក្នុង​ទីក្រុង​វ៉េ ដែលជា​អតីត​រាជធានី​បុរាណ​និង​ទីក្រុង​ដា​ឡា​ត់​ផងដែរ។ 
 
    
 
 

Tag:
 ព្រះមហាក្សត្រ
© រក្សាសិទ្ធិដោយ thmeythmey.com