អន្តរជាតិ
បក្សប្រឆាំង​នៅ​កាណាដា​ឈ្នះឆ្នោត​លើ​បក្ស​អភិរក្ស​ដែល​បាន​កាន់កាប់​អំណាច៣អាណត្តិ
20, Oct 2015 , 8:59 pm        
រូបភាព
គណបក្ស​សេរីនិយម ដែលជា​បក្សប្រឆាំង​កាណាដា បានឈ្នះ​ក្នុងការ​បោះឆ្នោត​សភា លើ​គណបក្ស​អភិរក្ស​ដែល​បាន​កាន់អំណាច​បី​អាណត្តិ កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ។ ប្រធាន​គណបក្ស​សេរីនិយម លោក Justin Trudeau នឹង​ក្លាយជា​នាយករដ្ឋមន្ត្រី​ថ្មី ជំនួស​លោក Stephen Harper ជា​នាយករដ្ឋមន្ត្រី​បច្ចុប្បន្ន ដែល​មកពី​គណបក្ស​អភិរក្សនិយម។

 
ក្រោយ​បញ្ចប់​នៃ​ការរាប់​សន្លឹកឆ្នោត លទ្ធផល​បានបង្ហាញ​ឲ្យ​ឃើញថា គណបក្សប្រឆាំង បានទទួល​អាសនៈ១៨៣ ក្នុងចំណោម​អាសនៈ​សរុប៣៣៨ ។ អាសនៈ​នេះ មានន័យថា បក្សប្រឆាំង​បានទទួល​សំឡេង​លើសពី​សំឡេង​ភាគច្រើន១៧០អាសនៈ​ក្នុង​សភា​របស់​កាណាដា​ទៅទៀត។ ចំណែកឯ គណបក្ស​អភិរក្សនិយម​របស់លោក​នាយករដ្ឋមន្ត្រី​Harperទទួលបាន១០៤អាសនៈ និង​គណបក្ស​ប្រជាធិបតេយ្យ​ថ្មី​ដែល​លំអៀង​ឆ្វេង ទទួលបាន៣៦អាសនៈ។
 
លោក Justin Trudeau ប្រធាន​គណបក្ស​សេរី​បានប្រកាស​ពី​ជ័យជំនះ​របស់ខ្លួន ចំពោះមុខ​អ្នកគាំទ្រ​ជាច្រើន​នៅក្នុង​ក្រុង​Montreal។ ក្នុង​ពិធី​នោះ​លោក​Trudeauបាន​ថ្លែងថា៖ នេះ​ជាស​ញ្ញា​វិជ្ជមាន​សម្រាប់​នយោបាយ។ ក្នុងនាម​ជា​ប្រធាន​គណបក្ស​ឈ្នះឆ្នោត​លោក​Trudeauនឹង​ក្លាយជា​នាយករដ្ឋមន្ត្រី​វ័យក្មេង​របស់​កាណាដា ខណៈ​លោក​មាន​អាយុ​ត្រឹម៤៣ឆ្នាំ។
 
ដោយឡែក លោក​Harperដែល​នឹងត្រូវ​ចាក​ចេញពី​តំណែង​បាន​អបអរសាទរ​ជ័យជម្នះ​របស់លោក​Trudeau។ ក្នុង​សុន្ទរកថា​ទៅកាន់​អ្នកគាំទ្រ លោក​ក៏បាន​បញ្ជាក់ដែរថា នេះ​មិនមែនជា​អ្វីដែល​យើង​ចង់បាន​នោះទេ តែ​ប្រជាជន​ចង់បាន។ 
 
ជ័យជម្នះ​បានបង្ហាញ​ពី​ប្រជាប្រិយភាព​របស់លោក​Trudeauបន្ទាប់ពី​មានការ​រិះគន់ថា​លោក​មិនមាន​បទពិសោធន៍​គ្រប់គ្រាន់​សម្រាប់​តំណែង​នេះ​នៅឡើយ។ លោក​Trudeauបាន​ក្លាយជា​សមាជិកសភា​កាលពី​ឆ្នាំ២០០៨ បន្ទាប់មក​ក្លាយជា​ប្រធាន​គណបក្ស​សេរីនិយម​នៅ​ឆ្នាំ២០១៣ ។           
 
គួរ​រម្លឹក​ផងដែរ​ថា កាលពី​យុទ្ធនាការ​បោះឆ្នោត លោក​Trudeauបាន​សន្យា​ដំឡើង​ពន្ធចំពោះ​អ្នកមាន បង្កើន​ការចំណាយ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ដើម្បី​ជំរុញ​ល្បឿន​សេដ្ឋកិច្ច និង​ជាពិសេស​នោះ​គឺ ពង្រឹង​ទំនាក់ទំនង​ជាមួយ​សហ​រដ្ឋ​អាមេរិក៕  
 

Tag:
 កាណាដា
© រក្សាសិទ្ធិដោយ thmeythmey.com