អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
រុស្សី​និង​អាមេរិក​ចុះ​កិច្ចព្រមព្រៀង​ប្រតិបត្តិការ​ដែនអាកាស​ស៊ី​រី បញ្ចៀស​ការប៉ះទង្គិច​គ្នា
21, Oct 2015 , 12:33 pm        
រូបភាព
រុស្សី​និង​អាមេរិក ចុះ​កិច្ចព្រមព្រៀង​ប្រតិបត្តិការ​ដែនអាកាស​មួយ​ដើម្បី​បញ្ចៀស​ការប៉ះទង្គិច​ជាយថាហេតុ​រវាង​យន្តហោះ​នៃ​ប្រទេស​ទាំងពីរ​ដែល​ធ្វើ​ប្រតិបត្តិការ​នៅលើ​ដែនអាកាស​របស់​ស៊ី​រី។ កិច្ចព្រមព្រៀង​នេះ​សំដៅ​ដល់​ការចៀសវាង​ការប្រឈមមុខគ្នា​រវាង​យន្តហោះ​នឹង​យន្តហោះ​ប្រសិនបើ​មានការ​ប្រទះ​គ្នា អំឡុង​ពេលធ្វើ​ប្រតិបត្តិការ​កម្ចាត់​ក្រុម​រដ្ឋ​ឥស្លាម។


លោក មុំ ពិទូរ្យ លម្អិព័ត៌មាននេះ


 
កាលពី​ម្សិលមិញ មន្ទីរ​បញ្ច​កោណ​សហរដ្ឋអាមេរិក បាន​បញ្ចេញ​នូវ​ឯកសារ​មួយ​ស្តីពី​ការប្រើប្រាស់​ដែនអាកាស​ស៊ី​រី​រវាង​អាមេរិក​និង​រុស្សី។ ឯកសារ​នោះ គឺជា​កិច្ចព្រមព្រៀង​ដែលមាន​ឈ្មោះ​ពេញ​ថា « អនុស្សារណៈ​យោគយល់​រួមគ្នា​រវាង​ក្រសួង​ការពារ​រុស្ស៊ី​និង​អាមេរិក ស្តីពី​ការការពារ​ឧប្បទ្ទវហេតុ និង ការផ្តល់​សញ្ញា​ហោះហើរ​អំឡុងពេល​នៃប្រតិបត្តិ​នៅ ស៊ី​រី»។ 
 
បើតាម​មន្ត្រី​អាមេរិក អនុស្សារណៈ​ដែល​ចុះហត្ថលេខា​ដោយ​មន្ត្រី​យោធា​ប្រទេស​ទាំងពីរ យន្តហោះ​ចំបាំង​ប្រទេស​ទាំងពីរ នឹងមិន​ធ្វើ​ប្រតិបត្តិការ​ក្នុង​តំបន់​តែមួយ​ឬ ចម្ងាយ​ជិតគ្នា​លើ​ដែនអាកាស​ស៊ី​រី​នោះទេ។
 
ការចុះហត្ថលេខា បានធ្វើ​ឡើង​ក្រោយ​មានការ​ប្រឈមមុខ​ដាក់​គ្នា​ជាច្រើនលើក ខណៈដែល​យន្តហោះ​រុស្សី​បើក​ការវាយប្រហារ​ប្រឆាំងនឹង​ក្រុម​រដ្ឋ​ឥស្លាម។ រដ្ឋាភិបាល​ក្រុង​មូ​ស្គូ​លើកឡើងថា នេះ​ជាការ​វាយប្រហារ​លើ​ក្រុម​រដ្ឋ​ឥស្លាម ប៉ុន្តែ​បើ​គោលដៅ​វាយប្រហារ​ភាគច្រើន គឺ​បាន​ធ្លាក់​លើ​ទីតាំង​របស់​ក្រុម​ឧទ្ទាម​បះបោរ​ប្រឆាំងនឹង​ប្រធានាធិបតី​អាសាដ​ទៅវិញ។
 
យ៉ាងណាក៏ដោយ អ្នកនាំពាក្យ​មន្ទីរ​បញ្ច​កោណ លោក Peter Cook មិន​បញ្ជាក់​ឱ្យ​ច្បាស់​ថា យន្តហោះ​ប្រទេស​ទាំងពីរ នឹង​ស្ថិតនៅ​ចម្ងាយ​ប៉ុន្មាន​ពីគ្នា​នោះទេ។ លោក​ថា៖ អ្នកបើកបរ​យន្តហោះ​អាមេរិក​គឺ​ដឹង​ច្បាស់​ពី​រឿងនេះ។ បើតាម​ការអះអាង​រប​ស់​អ្នក​នាំ​ដដែល រុស្ស៊ី បានស្នើ​អាមេរិក មិនឱ្យ​បញ្ចេញ​ឯកសារ​នេះ​ជា​សាធារណៈ​នោះទេ។ 
 
ចំណែកឯ​រុស្សី​វិញ ក៏បាន​សម្តែង​ការ​សាទរ​លើ​កិច្ចព្រមព្រៀង​នេះដែរ។ ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​មួយ ក្រសួងការពារជាតិ​រុស្សី​និយាយថា នេះ​គឺជា​ជំហាន​វិជ្ជមាន​មួយ។ សេចក្ដីប្រកាស​ដដែល​ប​ន្ត​ថា កិច្ចព្រមព្រៀង​នេះ​ពិត​ជាមាន​សារៈសំខាន់​ណាស់។ ហើយ វា​នឹង​ជួយ​ត្រួតពិនិត្យ​រាល់​ការហោះហើរ​ទាំងឡាយ​លើ​ដែនអាកាស​ស៊ី​រី។ យ៉ាងណាមិញ ក្រសួង​ការពារ​រុស្សី​គូសបញ្ជាក់ថា កិច្ចព្រមព្រៀង​នេះ នឹងមិន​ប៉ះពាល់​ដល់​ប្រតិបត្តិការ​បច្ចុប្បន្ន​រប​ស់​ខ្លួន​ឡើយ។ 
 
គួរ​បញ្ជាក់ដែរថា កិច្ចព្រមព្រៀង​នេះ មិនមែន​គ្រាន់តែ​សំដៅ​ការបញ្ចៀស​ការប្រឈមមុខ​ដាក់គ្នា​រវាង​យន្តហោះ និង​គ្របដណ្ដប់​តែ​លើ​ប្រតិបត្តិការ​នានា​លើ​ដែនអាកាស​របស់​ស៊ី​រី​តែប៉ុណ្ណោះ​នោះទេ តែ​វា​ក៏​គ្របដណ្ដប់​ដល់​យន្តហោះ​ចំបាំង​មកពី​ប្រទេស​ដ៏​ទៃ​ដូចជា ទួរគី អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត និង​អារ៉ាប់​រួម​ផងដែរ៕ 
 
 
 

Tag:
 រុស្សី​
  ​អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com