អន្តរជាតិ
លោក បាន គី​មូ​ន ព្រមាន​អ៊ីស្រាអែល ករណី​ប្រើ​កម្លាំង​លើ​យុវជន​ប៉ា​លេ​ស្ទី​ន
21, Oct 2015 , 9:19 pm        
រូបភាព
អគ្គលេខាធិការ​អង្គការសហប្រជាជាតិ លោក បាន គី មូ​ន បាន​ព្រមាន​អ៊ីស្រាអែល​ដែល​បាន​ប្រើ​កម្លាំង​បង្ក្រាប​លើ​បាតុកម្ម​របស់​ក្រុមយុវជន​ប៉ា​លេ​ស្ទី​ន ខណៈ​កម្ដៅ​ហិង្សា​កាន់តែ​ពុះកញ្ជ្រោល​រវាង​អ៊ីស្រាអែល​និង​ប៉ា​លេ​ស្ទី​ន។ ការព្រមាន​របស់លោក​បាន គី​មូ​ន បានធ្វើ​ឡើង​ក្នុង​ដំណើ​ទស្សនកិច្ច​របស់លោក​ទៅកាន់​អ៊ីស្រាអែល។

 
កាលពី​ម្សិលមិញ ក្នុងជំនួប​ជាមួយ​ជាមួយ​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​លោក បេន​ចា​មីន នេ​តាន់​យា​ហ៊ូ ប្រមុខ​អង្គការសហប្រជាជាតិ​លោក បាន គី​មូ​ន បាន​ថ្លែងការណ៍​ប្រឆាំងនឹង​ការប្រើប្រាស់​កម្លាំង​ដើម្បី​ដោះស្រាយ​បញ្ហា​ដែល​កំពុង​កើតឡើង​រវាង​អ៊ីស្រាអែល​និង ប៉ា​លេ​ស្ទី​ន។ លោក បាន​ព្រមាន​ពី​ការរីក​រាលដាល​នៃ​ជម្លោះ​ដែល​អាច​ឈានដល់​ដំណាក់កាល​ជម្លោះសាសនា​ក្នុង​តំបន់ និង​ទទូច​ឱ្យមាន​ការខិតខំ​ដោះស្រាយ​បញ្ហា​ក្ដៅគគុក​នេះ។
 
‹‹ការប្រើប្រាស់​កម្លាំង អាច​នឹង​នាំឱ្យមាន​ផលវិបាក​ត្រលប់​មកវិញ ជាពិសេស វា​នឹង​ដុត​កំដៅ​ឱ្យ​កាន់តែ​ក្ដៅ និង​ធ្វើឱ្យ​ហិង្សា​កើត​កាន់តែច្រើន›។ នេះ​ជា​សម្ដី​របស់លោក បាន គី​មូ​ន ដែល​ថ្លែង​ទៅកាន់​ក្រុម​អ្នកសារព័ត៌មាន។ លោក បាន គី​មូ​ន ព្រមាន​ដូច្នេះ​ក្រោយពេល​អ៊ីស្រាអែល បាន​ប្រើ​កងកម្លាំង​របស់ខ្លួន​ប​ង្ក្រា​ប​លើ​ក្រុមយុវជន​ជាតិ​ប៉ា​លេ​ស្ទី​ន​ដោយ​ហិង្សា កាលពីពេលថ្មីៗនេះ។ 
 
វី​ឌី​អូ​ជាច្រើន​ត្រូវបាន​បង្ហោះ​លើ​បណ្ដាញ​សង្គម បង្ហាញ​ពី​សកម្មភាព​បាញ់ប្រហារ​របស់​កងទ័ព​អ៊ីស្រាអែល​លើ​យុវជន​ប៉ា​លេ​ស្ទី​ន។ ហើយ ការប្រើប្រាស់​កម្លាំង​នេះ ក៏បាន​រង​ការរិះគន់យ៉ាងខ្លាំងៗពី​សំណាក់​សហគមន៍​អន្តរជាតិ​ផងដែរ។
 
យ៉ាងណាក៏ដោយ លោ​កនេ​តាន់​យ៉ា​ហ៊ូ បាន​បដិសេធ​ចោលការ​ចោទប្រកាន់​ទាំងនេះ។ លោក​និយាយថា អ៊ីស្រាអែល គ្រាន់តែ​តបត​ដើម្បី​ការពារ​ប្រជាជន​ខ្លួន​តែប៉ុណ្ណោះ ហើយ​យើង​មិនបាន​ប្រើប្រាស់​កម្លាំង​ហួសហេតុ​នោះទេ។ លើសពីនេះទៅទៀត​លោក ក៏បាន​ចោទប្រកាន់​ប្រធានាធិបតី​ប៉ា​លេ​ស្ទី​ន ជា​អ្នក​នៅ​ពីក្រោយ​អំពើហិង្សា​ដែល​ប្រឆាំងនឹង​អ៊ីស្រាអែល។
 
ជំនួស​ការចោទប្រកាន់​ដោយ​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ លោក នាយករដ្ឋមន្ត្រី អ៊ីស្រាអែល បាន​លើក​បញ្ហា​មួយចំនួន​ដែល​បង្កឡើង​ដោយ​យុវជន​ប៉ា​លេ​ស្ទី​ន​មកលើ អ៊ី​ស្រា​អ៊ែ​ល​វិញ។ ‹‹ខ្ញុំ​ជឿថា វា​ដល់ពេល​ដែល​យើង​ត្រូវ​និយាយ​ការពិត​ពី​មូលហេតុ​នៅ​ពីក្រោយ​ការវាយប្រហារ​ភេ​វរ​កម្ម​របស់​ជនជាតិ​ប៉ា​លេ​ស្ទី​ន។ វា​មិនមែនជា​ការដោះស្រាយ​បញ្ហា ឬ​ដំណើរការ​សន្តិភាព​អ្វី​ទាំងអស់។ វា​ជា​ចេតនា​ក្នុងការ​កម្ទេច​រដ្ឋ​អ៊ីស្រាអែល›។ នេះ​ជាការ​លើកឡើង​របស់​នា​យក​រដ្ឋមន្ត្រី​អ៊ីស្រាអែល​លោក បេន​ចា​មីន នេ​តាន់​យា​ហ៊ូ៕ 
 

Tag:
 បាន គី​មូ​ន
  ​អ៊ីស្រាអែល
© រក្សាសិទ្ធិដោយ thmeythmey.com