អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
នាយករដ្ឋមន្ត្រី​ថ្មី​វ័យក្មេង​កាណាដា​ប្រកាស​ដកទ័ព​ចេញពី​សម្ព​ន្ធ័​យោធា​អាមេរិក​នៅ​ស៊ី​រី​និង​អ៊ីរ៉ាក់
22, Oct 2015 , 7:39 am        
រូបភាព
លោកនាយក​រដ្ឋមន្ត្រី​ថ្មី​កាណាដា ប្រកាស​ដក​កម្លាំង​រប​ស់​ខ្លួន​ចេញពី​ប្រតិបត្តិ​ការកម្ទេច​ក្រុម​រដ្ឋ​ឥស្លាម​នៅ​ប្រទេស​ស៊ី​រី និង អី​រ៉ា​ក់ ។ សេចក្តីប្រកាស នេះ ធ្វើឡើង​ក្រោយ​តែមួយ​ថ្ងៃ​ប៉ុណ្ណោះ ដែល​នាយករដ្ឋមន្ត្រី​លោក Justin Trudeau បានប្រកាស​ពី​ជ័យជម្នះ​ពី​ការបោះឆ្នោត​សភា។

 
កាលពី​ថ្ងៃ​ម្សិលមិញ​នេះ នាយករដ្ឋមន្ត្រី​វ័យក្មេង​ថ្មី​នៃ​កាណាដា​លោក​Justin Trudeau បាន​ប្រាប់​ប្រធានាធិបតី​អាមេរិក​លោក​បា​រ៉ា​ក់ អូ​បា​ម៉ា ពី​ផែនការ​នៃ​ការ​ដកទ័ព​របស់ខ្លួន​ដែល​ចូលរួម​ប្រឆាំងនឹង​ក្រុម​រដ្ឋ​ឥស្លាម​នៅក្នុង​ទឹកដី​ស៊ី​រី និង អ៊ីរ៉ាក់។ ការដក​ប្រតិបត្តិការ​នេះ គឺជា​ការដក​យន្តហោះ​ទម្លាក់​គ្រាប់បែក​ត្រលប់​មកវិញ តែ​នឹង​រក្សាទុក​នូវ​ប្រតិបត្តិ​ការផ្ដល់​ជំនួយ​មនុស្ស​ធម៌​និង ការហ្វឹកហ្វឺន​បន្តទៀត។
 
គួរកត់សម្គាល់​ដែលថា បន្ទាប់ពី​ការបោះឆ្នោត​កាណាដា​បានបញ្ចប់​កាលពី​ប៉ុន្មាន​ថ្ងៃ​កន្លងទៅនេះ រដ្ឋាភិបាល​ក្រុង​វ៉ា​ស៊ិន​តោន បាន​សម្តែង​ការសង្ឃឹម ថា រដ្ឋាភិបាល​ថ្មី​កាណាដា នឹង​បន្ត​ចូលរួម​ជាមួយ​កងកម្លាំង​ចម្រុះ​ដែល​នាំមុខ​ដោយ​អាមេរិក​ដើម្បី​ប្រឆាំង​ក្រុម​រដ្ឋ​ឥស្លាម​បន្តទៀត។ 
 
ជុំវិញ​ការដក​ទ័ព​ចេញ​របស់​កាណាដា​នេះដែរ មិន​បានធ្វើ​សហរដ្ឋអាមេរិក​ប្រតិកម្ម​នោះទេ តែ​រដ្ឋ​ទាំងពីរ នឹង​បន្ត​កិច្ចសហប្រតិបត្តិការ​រួម​គ្នា​ទៅទៀត។ ‹‹ខ្ញុំ​បាន​និយាយ​ជាមួយ​ប្រធានាធិបតី​អូ​បា​ម៉ា។ គាត់​យល់​ពី​ការសម្រេចចិត្ត​របស់ខ្ញុំ​ចំពោះ​រឿងនេះ›› នេះ​ជាស​ម្ដី​លោក Trudeau ប្រាប់​ដល់​អ្នកសារព័ត៌មាន​លើ​ការសន្ទនា​របស់លោក​ជាមួយនឹង​ប្រធានាធិបតី​អាមេរិក លោកប៉ា​រ៉ា​ក់ អូ​ប៉ា​ម៉ា។ 
 
សូម​រម្លឹក​ផងដែរ​ថា កាលពី​យុទ្ធនាការ​ស្វែងរក​សំឡេងឆ្នោត លោកនាយក​រដ្ឋមន្ត្រី​វ័យ៤៣ឆ្នាំ​ដែលជា​កូនប្រុស​អតីត​នាយករដ្ឋមន្ត្រី​កាណាដា​ផងដែរ​នោះ បាន​សន្យាថា លោក​នឹង​ដក​ត្រលប់​មកវិញ​នូវ​កងកម្លាំង​យន្តហោះ​របស់​កាណាដា ព្រមទាំង​បញ្ចប់​ប្រតិបត្តិ​ការប្រយុទ្ធ​ក្នុង​ស៊ី​រី​និង​អី​រ៉ា​ក់។ នេះ​មានន័យថា លោកនាយក​រដ្ឋមន្ត្រី​ថ្មី​កាណាដា កំពុងតែ​អនុវត្ត​ជំហាន​ដំបូង​របស់ខ្លួន​ទៅនឹង​អ្វីដែល​ខ្លួន​បាន​សន្យា​ក្នុង​យុទ្ធនា​ការបោះឆ្នោត។ 
 
សូម​បញ្ជាក់ដែរថា លោក​Justin Trudeau ទើបតែ​ដឹកនាំ​គណបក្ស​សេរីនិយមរបស់លោក ឈ្នះ​ការបោះឆ្នោត​សភា​ភ្លូកទឹកភ្លូកដី​លើ​បក្ស​អភិរក្សដែលជាបក្សកាន់អំណាច​ដែល​កាន់អំណាច​បី​អាណត្តិ និង បាន​ក្លាយជា​នាយករដ្ឋមន្ត្រី​វ័យក្មេង​របស់​ប្រទេស​កាណាដា។ ក្នុង​អាណត្តិ​របស់លោក លោក​បាន​សន្យា​នាំមក​ការផ្លាស់ប្ដូរ​សម្រាប់​ប្រទេស និង ប្រជាជន​កាណាដា​ទៀតផង៕ 
 

Tag:
 កាណាដា
© រក្សាសិទ្ធិដោយ thmeythmey.com