អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោក ពូ​ទីន​ប្រាប់​អាសាដ​ថា វាសនា​ប្រទេស​ស៊ី​រី​នៅក្នុង​ដៃ​ប្រជាជន​ស៊ី​រី​ខ្លួនឯង
22, Oct 2015 , 9:37 am        
រូបភាព
 ប្រធានាធិបតី​ស៊ី​រី​លោក បា​សា អាល់​អាសាដ បានធ្វើ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​រុស្សី ដោយ​បង្ក​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង។ នេះ​គឺជា​ដំណើរ​ទៅកាន់​បរទេស​លើកទីមួយ​របស់លោក​អាសាដ តាំងពី​កើតសង្គ្រាម ឆ្នាំ២០១១ ។ លោក​បាន​អរគុណ​រុស្សី​ដែល​បាន​ចូល​អន្តរាគមន៍​ក្នុង​ស៊ី​រី ។ឯ​លោក ពូ​ទីន បាន​កោតសរសើរ​ប្រជាជន​ស៊ី​រី​តែ​លោក​សង្កត់ធ្ងន់ថា ជោគវាសនា​ស៊ី​រី​ស្ថិតក្នុង​ដៃ​របស់​ប្រជាជន​ស៊ី​រី​ខ្លួនឯង​ប៉ុណ្ណោះ។

 
កាលពី​ថ្ងៃ​អង្គារ​កន្លងទៅនេះ លោក​បា​សា អាល់​អាសាដ បានធ្វើ​ដំណើរ​ដោយ​កម្រ​និង ភា្ញ​ក់​ផ្អើល​មួយ​ទៅកាន់​ទីក្រុង​មូ​ស្គូ ហើយ​លោក​បាន​ជួប​ជាមួយ​ប្រធានាធិបតី​រុស្សី​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន នៅឯ​វិមាន​ក្រេ​ម​ឡាំង។ លោក​អាសាដ បាន​ថ្លែងអំណរគុណ​ដល់​លោក ពូ​ទីន ដែល​បានសម្រេច​ធ្វើ​អន្តរាគមន៍​យោធា​ក្នុង​ទឹកដី​ស៊ី​រី​ដើម្បី​កម្ចាត់​ក្រុម​ភេរវជន។ 
 
ចំណែកឯ លោកពូ​ទីន វិញ​បានលើកឡើង និង​សរសើរ​ការតស៊ូ​របស់​ប្រជាជន​ស៊ី​រី។ លោក​បន្ថែមថា ប្រជាជន​ស៊ី​រី​បាន​តស៊ូ​យ៉ាង​ប្ដូរផ្ដាច់​នឹង​ក្រុម​ភេ​វរជន​អស់​ជាច្រើន​ឆ្នាំ​មកហើយ។ ក្នុង​កិច្ចពិភាក្សា​ជាមួយ​សម​ភាគី​ស៊ី​រី លោក ពូ​ទីន ក៏បាន​បញ្ជាក់ទៀតថា ទោះបីជា​យ៉ាងណាក៏ដោយ ការសម្រេចចិត្ត​លើ​ជោគវាសនា​របស់​ប្រទេស គឺ​ស្ថិតនៅលើ​ដៃ​របស់​ប្រជាជន​ស៊ី​រី​តែមួយគត់។
 
សូម​រម្លឹក​ផងដែរ​ថា នេះ​គឺជា​ដំណើរ​ទស្សនកិច្ច​លើក​ដំ​បួង​របស់លោក​អាសាដ​ទៅ​បរទេស ចាប់តាំងពី​មាន​ចលនា បះបោរ​ក្នុង​ឆ្នាំ២០១១ ហើយ​ដំណើរ​ទស្សនកិច្ច កើតឡើង​តែ៣សប្តាហ៍​ប៉ុណ្ណោះ​ក្រោយ​អន្តរាគមន៍​តាម​អាកាស​របស់​រុស្សី​ចូលក្នុង​ប្រទេស​របស់លោក។
 
យ៉ាងណាក៏ដោយ ទស្សនកិច្ច​នេះ​មិន​ត្រូវបាន​ទម្លាយ​ឱ្យដឹង​ទេ ប៉ុន្តែ​នៅ​ព្រឹក​ម្សិលមិញ​នេះ មានការ​ចេញផ្សាយ​វីដេអូ​នៃ​ជំនួប​មេដឹកនាំ​ទាំងពីរ​នៅឯ​វិមាន​ក្រេ​ម​ឡាំង។ គេ​មិនទាន់​ដឹង​ច្បាស់​ទេ​ថា ប្រធានាធិបតី​ស៊ី​រី​បន្ត​ស្ថិតនៅក្នុង​រុស្សី​ឬ​យ៉ាងណា​នោះទេ។
 
ក្នុងជំនួប​នោះ​លោក​អាសាដ​បានបង្ហាញ​តួនាទី​ដ៏​សំខាន់​របស់​រុស្សី​ក្នុង​តំបន់​មជ្ឈិមបូព៌ា។ លោក​ថ្លែងប្រាប់​សម​ភាគី​រុស្ស៊ី​ថា ប្រសិនបើ​គ្មាន​ជំនួយ​របស់​រុស្សី​ទេ ភេរវជន​នឹង​កាន់តែខ្លាំង​ជាក់​ជាមិនខាន ហើយ​ពួកគេ​នឹង​ពង្រីក​ខ្លួន​កាន់តែ​ធំ​ក្នុង​តំបន់។ ជាទូទៅ របប​លោក​អាសាដ តែងតែ​ចាត់ទុក​ក្រុម​ឧទ្ទាម​បះបោរ គឺជា​ក្រុម​ភេ​វរជន ហើយ​រុស្សី​តែង​ចោទប្រកាន់​លោកខាងលិច​ថា ប្រឹង​ជួយ​តែ​ក្រុម​ឧទ្ទាម ហើយ​មិន​វាយប្រហារ​លើ​ក្រុម​រដ្ឋ​ឥស្លាម​នោះទេ៕ 
 
គួរ​បញ្ជាក់ដែរថា រុស្សី​បាន​អន្តរា​គម​ន៏​ដោយ​ប្រើ​យោធា​នៅ​ស៊ី​រី ដើម្បី​កម្ចាត់​ក្រុម​រដ្ឋ​ឥស្លាម តែ​ទទួលរង​ការរិះគន់​ពី​សំណាក់​លោកខាងលិច ថា​ជាការ​ជួយ​របប​លោក​អាសាដ​ទៅវិញ។ ប្រតិបត្តិការ​នេះ​បាន​វាយប្រហារ​ចំ​លើ​គោលដៅ​ក្រុម​រដ្ឋ​ឥស្លាម​ជាច្រើន​ក្នុងប្រទេស​ស៊ី​រី ហើយ​ថែមទាំង​ត្រូវចំ​ទីតាំង​ក្រុម​ឧទ្ទាម​ប្រឆាំង​លោក​អាសាដ​ទៀតផង៕ 
 
 

Tag:
 ពូ​ទីន
  អាសាដ​ថា
© រក្សាសិទ្ធិដោយ thmeythmey.com