អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោក មូ​ហ្កា​បេ មេដឹកនាំ​ផ្ដាច់ការ​វ័យ៩១ឆ្នាំ​ទទួល​ពានរង្វាន់​សន្តិភាព​ខុង​ជឺ​ចិន
22, Oct 2015 , 3:59 pm        
រូបភាព
 
 មេដឹកនាំ​ផ្ដាច់ការ​ស៊ីម​បា​វ៉េ លោក រ៉ូ​ប៊ឺ​ត មូ​ហ្កា​បេ បាន​ជាប់​ឈ្មោះ​ជា​ជ័យលាភី​សម្រាប់​ពានរង្វាន់​ខុង​ជឺ ដែលជា​ទូទៅ​ត្រូវបាន​គេ​ស្គាល់​ថា​ជា​ពានរង្វាន់​ណូបែល​សន្តិភាព​របស់​ចិន។ ពានរង្វាន់​នេះ​ត្រូវបាន​បង្កើតឡើង​នៅ​ឆ្នាំ២០១០ ។

 
ប្រធានាធិបតី​ផ្ដាច់ការ​របស់​ស៊ីម​បា​វ៉េ​លោក រ៉ូ​ប៊ឺ​ត មូ​ហ្កា​បេ ដែល​គ្រប់គ្រង​ប្រទេស​អស់​រយៈពេល២៨ឆ្នាំ បាន​ជាប់​ជា​ជ័យលាភី​ពានរង្វាន់​សន្តិភាព​ខុង​ជឺ ពី​ស្ថាប័ន​មួយ​ឈ្មោះថា​គណៈកម្មាធិការ​ពាន​រង្វាន់​សន្តិភាព​ខុង​ជឺ ដែលមាន​មូលដ្ឋាន​នៅ​ក្រុង​ហុងកុង​ប្រទេស​ចិន។ 
 
មានការ​រិះគន់​ជាច្រើន​ចំពោះ​ការផ្ដល់​ពានរង្វាន់​នេះ​ដល់​លោក​មូ​ហ្កា​បេ។ នេះ​ក៏​ព្រោះតែ​ការគ្រប់គ្រង​បែប​ផ្ដាច់ការ​និង​សាហាវឃោរឃៅ​ដែល​បាន​កើតឡើង​ក្រោម​អំណាច​ផ្ដាច់មុខ​របស់​បុរស​វ័យ៩១ឆ្នាំ​រូបនេះ។ ក្រោម​ការដឹកនាំ​របស់​លោ​កមូ​ហ្កា​បេ ស៊ីម​បា​វ៉េ​បាន​ធ្លាក់​ចូលក្នុង​ភាពច្របូកច្របល់​ពោរពេញ​ដោយ​ការភ័យខ្លាច។ មនុស្ស​ជាច្រើន​ដែល​ប្រឆាំងនឹង​លោក តែង​ត្រូវបាន​ធ្វើទុក្ខបុកម្នេញ​ឬ​រង​នូវ​ការសម្លាប់ មិនតែប៉ុណ្ណោះ សេដ្ឋកិច្ច​បាន​ដាំ​ក្បាល​ចុះ ហើយ​អតិផរណា​កើន​កាន់​ខ្ពស់។
 
ប៉ុន្តែ​ជាមួយ​ការផ្ដល់​ជ័យលាភី​នេះ គណៈកម្មាធិការ​ពានរ​ង្វាន់​សន្តិភាព​ខុង​ជឺ​ហាក់ដូច​ជាមាន​លក្ខខណ្ឌ​ដោយឡែក​ពី​ពានរង្វាន់​ដ៏​ទៃ ក្នុងការ​ជ្រើសរើស​បេក្ខភាព​សម្រាប់​ពានរង្វាន់​របស់ខ្លួន។ 
 
ពានរង្វាន់​សន្តិភាព​ខុង​ជឺ​នេះ ត្រូវបាន​បង្កើតឡើង​ក្នុង​គោលបំណង​ដើម្បី​ជំរុញឱ្យមាន​សន្តិភាព​ក្នុង​ពិភពលោក។ បើតាម​នាយក​គណៈកម្មាធិកា​រ​នេះ លោក Tan Changliu បានឱ្យដឹងថា ចិន​ជា​ប្រទេស​ទទួល​ឥទ្ធិពល​ពី​ទស្សនៈ​ខុង​ជឺ​ដែល​ផ្ដោតលើ​សន្តិភាព ដូច្នេះ​យើង​ចង់ឱ្យមាន​សន្តិភាព​នៅ​ជុំវិញ​ពិភពលោក។
 
ចាប់តាំងពី​បង្កើត​កាលពី៥ឆ្នាំមុន មាន​មេដឹកនាំល្បីៗជុំវិញ​ពិភពលោក បាន​ជាប់​ជា​បេក្ខភាព​ពានរង្វាន់​សន្តិភាព​ខុង​ជឺ។ មេដឹកនាំ​ទាំងនោះ​មាន ប្រធានាធិបតី​រុស្សី​លោក​វ្ល៉ា​ឌី​មៀរ ពូ​ទីន អតីត​ប្រធានាធិបតី​គុយបា​លោក​ហ្វី​ដែល កា​ស្ត្រូ រួមទាំង​អតីត​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​លោក​កូហ្វី អាណាន់​ផងដែរ៕ 
 
 
 
 
 

Tag:
 មូ​ហ្កា​បេ
© រក្សាសិទ្ធិដោយ thmeythmey.com