អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
កងកម្លាំង​អាមេរិក និង​អ៊ីរ៉ាក់ រំដោះ​អ្នកទោស​ជាច្រើន​នាក់​ពី​គុក​ក្រុម​រដ្ឋ​ឥស្លាម
23, Oct 2015 , 4:05 pm        
រូបភាព
បើ​យោងតាម​មន្ត្រី​សហរដ្ឋអាមេរិក កងកម្លាំង​ពិសេស​របស់​អាមេរិក​និង​អ៊ីរ៉ាក់​បាន​វាយឆ្មក់​លើ​គុក​មួយកន្លែង​របស់​ក្រុម​រដ្ឋ​ឥស្លាម​ដោយ​នៅឯ​តំបន់​ហា​វី​ចា(Hawija) ភាគ​ខាងជើង​ប្រទេស​អ៊ីរ៉ាក់។ ក្នុងការ​វាយឆ្មក់​នោះ បាន​ជួយ​រំដោះ​អ្នកទោស​ជាច្រើន​នាក់ ប៉ុន្តែ​ទាហាន​អាមេរិក​ម្នាក់​បាន​ស្លាប់។


លោក រឿន ភា​រុន រាយការណ៍​ព័ត៌មាន​លម្អិត៖

 
ក្នុង​សេចក្ដីប្រកាស​មួយ​ដែល​បានចេញ​កាលពី​ថ្ងៃ​ម្សិលមិញ​នេះ មន្ត្រី​ក្នុង​មន្ទីរ​បញ្ច​កោណ​បាន​និយាយថា កងកម្លាំង​អាមេរិក​ដែល​បាន​សហការ​ជាមួយ​កងទ័ព​អ៊ីរ៉ាក់ បានធ្វើ​ប្រតិបត្តិការ​វាយឆ្មក់​លើ​មូលដ្ឋាន​មួយ​របស់​ក្រុម​រដ្ឋ​ឥស្លាម​នៅ​តំបន់​ភាគ​ខាងជើង​នៃ​ប្រទេស។ រឿង​ដែល​គួរ​ឲ្យ​សាទរ​នោះ អ្នកទោស​ដែល​ភាគច្រើន​ជា​ទាហាន​និង​ប្រជាជន​ស្លូតត្រង់ ដែល​ត្រូវបាន​ក្រុម​រដ្ឋ​ឥស្លាម​ឃុំខ្លួន និង​កំពុង​រង់ចាំ​ថ្ងៃ​ប្រហារជីវិត​ត្រូវបាន​រំដោះ​ចេញ​ក្នុង​ប្រតិបត្តិការ​នេះ។ 
 
សេចក្ដីប្រកាស​ដដែល​ប​ន្ត​ថា ក្រុម​សកម្មជន​រដ្ឋ​ឥស្លាម​មួយចំនួន ត្រូវបាន​សម្លាប់ តែ​ជា​អកុសល ទាហាន​អាមេរិក​ម្នាក់​បាន​បាត់​បង់ជីវិត​ក្នុងការ​វាយឆ្មក់​នោះ​ផងដែរ។ ហើយ​នេះ គឺជា​ទាហាន​របស់​អាមេរិក​ទីមួយ​ដែល​បាន​ស្លាប់ ចាប់តាំងពី​ការចាប់ផ្ដើម​យុទ្ធនាការ​ប្រឆាំង​ក្រុម​រដ្ឋ​ឥស្លាម​ក្នុង​ប្រតិបត្តិការ​នៅ​អ៊ីរ៉ាក់ ដែល​បាន​ធ្វើឡើង​អស់​រយៈពេល​ប្រមាណ​មួយឆ្នាំ​មកហើយ​នោះ។
 
តាម​ប្រភព​ជាច្រើន ប្រតិបត្តិការ​វាយឆ្មក់​អាចធ្វើ​ឡើង​ដោយមាន​ការស្នើសុំ​របស់​រដ្ឋាភិបាល​អ៊ីរ៉ាក់។ មកទល់ពេលនេះ​មាន​ឧទ្ធម្ភាគចក្រ​ជាច្រើន​គ្រឿង​បានឃើញ​ហោះហើរ​នៅ​តំបន់​នៃ​ការ​វាយឆ្មក់​ដែល​ស្ថិតក្នុង​តំបន់​ជនជាតិ​ឃើ​ដ​ហើយ​កំពុង​ត្រួតត្រា​ដោយ​ក្រុម​រដ្ឋ​ឥស្លាម។
 
សូម​រម្លឹក​ផងដែរ​ថា ការ​វាយ​ប្រយុទ្ធ​គ្នា​កាលពី​អំឡុង​រដូវក្ដៅ ក្នុង​ឆ្នាំ២០១៤ ក្រុម​ជ្រុលនិយម​រដ្ឋ​ឥស្លាម​បាន​កាន់កាប់​ផ្នែក​ជាច្រើន​នៅ​អ៊ីរ៉ាក់ ដោយ​រួមទាំង​តំបន់​ភាគ​ខាងជើង​របស់​ពួក​ឃើ​ដ។ ក្រុម​នេះ​បាន​ចាប់ខ្លួន​មនុស្ស​ជាច្រើន ជាពិសេស​ជនជាតិ​ឃើ​ដ ដើម្បី​ជំរឹត​ទារប្រាក់​ដើម្បី​ជា​ថ្នូរ​នឹង​ការដោះលែង ខណៈ​អ្នកទោស​ជាច្រើន​នាក់​ទៀត​ត្រូវបាន​សម្លាប់។
 
គួរ​បញ្ជាក់ដែរថា តំបន់​ហា​វី​ចា (Hawija) គឺជា​មូលដ្ឋាន​ដ៏​រឹងមាំ​របស់​ក្រុម​សកម្មប្រយុទ្ធ​រដ្ឋ​ឥស្លាម​ដែល​ដណ្ដើមបាន​ពី​ជនជាតិ​ឃើ​ដ។ ទីតាំង​នេះ​ត្រូវបាន​ប្រើ​ជា​កន្លែង​វាយប្រហារ​បក​លើ​កងក​ម្លាំ​ង​អ៊ីរ៉ាក់ និង​ជា​កន្លែង​ឃុំ​អ្នកទោស​ផងដែរ៕
 
 
 
 
 

Tag:
 អ៊ីរ៉ាក់
  ​អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com