អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
​សមាជិក​១៩១​នៃ​UN​គាំទ្រ​បញ្ចប់​ការ​ហ៊ុម​ព​ទ្ធ័​សេដ្ឋកិច្ច​គុយបា ខណៈ​អាមេរិក​ជំទាស់​
28, Oct 2015 , 10:30 am        
រូបភាព
 ​ប្រទេស​ចំនួន​១៩១​ក្នុងចំណោម​១៩៣​ដែលជា​សមាជិក​អង្គការសហប្រជាជាតិ បាន​បោះឆ្នោត​គាំទ្រ​លើ​សេចក្ដីសម្រេច​មួយ​សំដៅ​ដល់​ការបញ្ចប់​ការហ៊ុមព័ទ្ធ​សេដ្ឋកិច្ច​លើ​ប្រទេស​គុយបា​។ ប៉ុន្តែ​សហរដ្ឋអាមេរិក​និង​អ៊ីស្រាអែល បាន​បោះឆ្នោត​ជំទាស់​នឹង​សេចក្ដីសម្រេច​នេះ​។

 
​កាលពី​ថ្ងៃទី​២៧​ម្សិលមិញ រដ្ឋ​សមាជិក​អង្គការសហប្រជាជាតិ​ចំនួន​១៩១ បាន​បោះឆ្នោត​យល់ព្រម​លើ​សេចក្ដីសម្រេច​របស់​មហា​សន្និបាត ដើម្បី​ស្នើឱ្យ​អាមេរិក​បញ្ចប់​ការហ៊ុមព័ទ្ធ​របស់ខ្លួន​លើ​គុយបា​ដែល​បានធ្វើ​អស់​ជាច្រើន​ទសវត្សរ៍​មកហើយ ខណៈដែល​មានតែ​អាមេរិក​និង អ៊ីស្រាអែល​ប៉ុណ្ណោះ បោះឆ្នោត​ជំទាស់​។ យ៉ាងណាក៏ដោយ សេចក្ដីសម្រេច​នេះ​មិនមាន​អំណាច​ចាប់បង្ខំ​ឱ្យ​អនុវត្ត​នោះទេ​។​
 
​រយៈពេល​ចុងក្រោយ​នេះ អាមេរិក​បាន​សម្រួល​ទំនាក់ទំនង​ការទូត​ជាមួយ​គុយបា​ដោយបាន​បើក​ដំណើរការ​ស្ថានទូត​របស់ខ្លួន​ទៅវិញទៅមក​។ ជាមួយគ្នានេះ​លោក​ប្រធានាធិបតី​អូ​បា​ម៉ា ក៏បាន​ជំរុញឱ្យមាន​ការលើកលែង​ការហ៊ុមព័ទ្ធ​សេដ្ឋកិច្ច​ផងដែរ​។ ប៉ុន្តែ មាន​បញ្ហា​ប្រឈម​មួយចំនួន​នោះ​គឺ ការសម្រេច​ចុងក្រោយ​នៃ​ការបញ្ចប់​ការ​ហ៊ុម​ព​ទ្ធ័ គឺ​ស្ថិតក្នុង​ដៃ​រដ្ឋសភា​អាមេរិក​ដែល​គ្រប់គ្រង​ដោយ​ក្រុម​សាធារណរដ្ឋ​។​
 
​យ៉ាងណាក៏ដោយ សេចក្តីសម្រេច​នៃ​ការដក​ការ​ឡោម​ព​ទ្ធ័​អាចនិយាយបាន​ថា​ជា​ជោគជ័យ មួយ​របស់​គុយបា​ដែល​តែងតែ​ស្នើឱ្យ​មានការ​លើកលែង​ការហ៊ុមព័ទ្ធ​នេះ​។ ជុំវិញ​បញ្ហា​នេះ រដ្ឋមន្ត្រីការបរទេស​គុយបា​លោក​Bruno Rodriguez បាន​អបអរសាទរ​លើ​ការសម្រេច​នេះ ហើយ លោក ក៏បាន​ស្នើឱ្យ​រដ្ឋសភា​អាមេរិក​ធ្វើការ​សម្រេច​មួយ​ដែល​សមស្រប​ទៅនឹង​សេច ក្តី​សម្រេច​របស់​មហាសន្និបាត​អង្គការសហប្រជាជាតិ​ដែរ​។​
 
​មាន​ប្រទេស​មួយចំនួនទៀត ក៏បាន​សាទរ​ការសម្រេច​នេះ​ផងដែរ​។ ក្នុងនោះ​តំណាង​ប៉ា​រ៉ា​ហ្កា​យ បាន​លើកឡើងថា វា​ដល់ពេល​សម្រាប់​ការបញ្ចប់​ការ​ឡោម​ហ៊ុមព័ទ្ធ​នេះហើយ​។ ឯ​ប្រទេស​អ៊ីរ៉ង់​វិញ​ដែលជា​តំណាង​ចលនា​មិន​ចូលបក្ស​ស​ម្ជ័​ន្ធ បញ្ជាក់ដែរថា ការបន្ត​ការហ៊ុមព័ទ្ធ​នឹង​ធ្វើឱ្យ​រាំងស្ទះ​ដល់​ការអភិវឌ្ឍន៍​របស់​គុយ​បា​។ 
 
​គួរ​បញ្ជាក់ដែរថា រដ្ឋាភិបាល​អាមេរិក បានដាក់​ការហ៊ុមព័ទ្ធ​ផ្នែក​សេដ្ឋកិច្ច​លើ​ប្រទេស​គុយបា បន្ទាប់ពី​ការឡើង​កាន់អំណាច​រប​ស់មេ​ដឹកនាំ​បដិវត្ត​លោក Fidel Castro​នៅ​ឆ្នាំ​១៩៦០ ដែល​គិត​ទៅ​មាន​រយៈពេល​៥៥​ឆ្នាំ​មកហើយ​។ កាលពី​ឆ្នាំ​២០១៤ លោក​ប្រធានាធិបតី​អូ​បា​ម៉ា បានប្រកាស​ការសម្រួល​ទំនាក់ទំនង​ឡើងវិញ​ជាមួយ​គុយបា ហើយ​លោក​ក៏បាន​ផ្លាស់ប្តូរ​គោលនយោបាយ​រឹងត្អឹង​របស់​អាមេរិក​ចំពោះ​គុយបា​មួយចំនួន​ផងដែរ​៕ 
 
 
 
 

Tag:
 un
© រក្សាសិទ្ធិដោយ thmeythmey.com