អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
អ៊ីរ៉ង់​អាច​នឹងមាន​វត្តមាន​លើកដំបូង​ក្នុងការ​ដោះស្រាយ​វិបត្តិ​ស៊ី​រី​
28, Oct 2015 , 9:59 pm        
រូបភាព
​រដ្ឋាភិបាល​អ៊ីរ៉ង់ នឹងត្រូវ​អញ្ជើញ​ឱ្យ​ចូលរួម​កិច្ចប្រជុំ​ស្ដីពី​បញ្ហា​ស៊ី​រី​លើកដំបូង ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃ​ចុង​សប្ដាហ៍​នេះ នៅឯ​ទីក្រុង​Vienna នៃ​ប្រទេស​អូទ្រីស​។ អ៊ីរ៉ង់​ដែលជា​សម្ព័ន្ធមិត្ត​ជិតស្និទ្ធ​របស់លោក អាសាដ នឹងចូលរួម​ពិភាក្សា​ដើម្បី​ស្វែងរក​ដំណោះស្រាយ​នយោបាយ​មួយ​សម្រាប់​ប្រទេស​ស៊ី​រី​។ នេះ​បើ​យោងតាម​ការ​ឱ្យដឹងពី​សំណាក់​មន្ត្រី​ក្រសួងការបរទេស​អាមេរិក​។​



​កាលពី​ថ្ងៃទី​២៧​ម្សិលមិញ ក្រសួងការបរទេស​អា​មេ​រិ​ក​អះអាងថា អ៊ីរ៉ង់​អាច​នឹងត្រូវ​អញ្ជើញ​ឱ្យចូល​រួម​ក្នុងការ​ពិភាក្សា​ស្ដីពី​បញ្ហា​ស៊ី​រី នៅ​ទីក្រុង​Vienna​។ កិច្ចប្រជុំ​នេះ​នឹងមាន​វត្តមាន​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​លោក John Kerry និង​សម​ភាគី​រុស្សី លោក Sergey Lavrov ក៏ដូចជា​មន្ត្រីការទូត​មកពី​អឺរ៉ុប​និង បណ្តា​ប្រទេស​ពាក់​ព​ន្ធ័​ផ្សេងទៀត​។

​ជុំវិញ​កិច្ចប្រជុំ​នេះ មន្ត្រី​ប្រចាំ​តំបន់​បាន​បញ្ជាក់ថា លិខិតអញ្ជើញ​បាន​ដល់ដៃ​ប្រទេស​អ៊ីរ៉ង់​ហើយ​។ អនុរដ្ឋមន្ត្រី​ការបរទេស​អ៊ីរ៉ង់​លោក Hossein Amir-Abdollahian នឹង​តំណាងឱ្យ​អ៊ឺ​រ៉ង់​ចូលរួម​ប្រជុំ​ក្នុង​កិច្ចប្រជុំ​នេះ ជំនួស​ប្រមុខ​ការទូត​លោក Mohammad Javad Zarif​។​

​បើ​យោងតាម​អ្នកនាំពាក្យ​ក្រសួងការបរទេស​អាមេរិក​លោក John Kirby នឹងមាន​ប្រទេស​ចំនួន​១២ ចូលរួម​កិច្ចប្រជុំ​នេះ​។ គេ​រំពឹងថា កិច្ចព្រមព្រៀង​នយោបាយ​មួយ​នឹងត្រូវ​លេច​ជា​រូបរាង​ដើម្បី​ជា​ដំណោះស្រាយ​សម្រាប់​ស៊ី​រី​ដែល​អាច​ឈានដល់​ការចាកចេញ​របស់​ប្រធានាធិបតី​អាសាដ​ទៅតាម​ការទាមទារ​រប​ស់លោក​ខាងលិច​ផងដែរ​។

​សម្រាប់​អ៊ីរ៉ង់ ចូលរួម​ឬ​មិន​ចូលរួម ជាការ​សម្រេចចិត្ត​រប​ស់មេ​ដឹកនាំ​របស់គេ​។ តែ​យើង​នឹង​សាទរ​ប្រសិនបើ​អ៊ីរ៉ង់​ចូលរួម​។ នេះ​ជាការ​បញ្ជាក់បន្ថែម​រប​ស់លោក Kirby​។​

​មានមតិ​មួយចំនួន បាន​លើកឡើងថា​ការអញ្ជើញ​អ៊ីរ៉ង់​ចូលរួម​ក្នុង​កិច្ចប្រជុំ​នេះ ជា​គំនិត​ផ្តួចផ្តើម​របស់​អាមេរិក​និង អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត ដែល​ត្រូវបាន​គេ​ស្គាល់​ថា​ជា​អ្នក​នៅ​ពីក្រោយ​ក្រុម​ឧទ្ទាម​ប្រឆាំង​លោក​អាសាដ​។ ហើយ​វា​កើតឡើង បន្ទាប់ពី​ការពិភាក្សា​រវាង​ព្រះមហាក្សត្រ សាល់​ម៉ាន Salman និង​ប្រធានាធិបតី​អូ​បា​ម៉ា​។

​សូមបញ្ជាក់​ផងដែរ​ថា ខណៈ​វិបត្តិ​ស៊ី​រី​កំពុង​បន្ត អាមេរិក​និង រុស្សី​បាន​ប្រឹងប្រែង​យ៉ាងខ្លាំង​ដើម្បី​ស្វែងរក​ដំណោះស្រាយ​នយោបាយ​សមស្រប​សម្រាប់​ប្រជាជន​ស៊ី​រី​។ ប៉ុន្តែ​បញ្ហា​ប្រឈម​នោះ​សម្រាប់​ភាគី​ទាំងពីរ គឺ​ការបន្ត​ឱ្យ​លោក អាសាដ ស្ថិត​ជា​មេដឹកនាំ​ឬ​អត់​។ រុស្សី​ចង់​រក្សា​លោក អាសាដ ឯ​អាមេរិក​និង​ក្រុម​លោកខាងលិច​ចង់ឱ្យ​លោក អាសាដ​ចាកចេញ ៕


Tag:
 អ៊ីរ៉ង់
  ស៊ី​រី​
© រក្សាសិទ្ធិដោយ thmeythmey.com