ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក អេង ឆៃអ៊ាង​៖ ពេទ្យ​នៅ​ខ្មែរ​ថា មិនបាច់​វះកាត់ ប៉ុន្តែ​ពេទ្យ​នៅ​ថៃ​ថា ត្រូវ​វះកាត់​ជាបន្ទាន់​
29, Oct 2015 , 12:06 pm        
រូបភាព
ដោយ: ថ្មីៗ
 ​ពី​ទីក្រុង​បាងកក លោក អេង ឆៃអ៊ាង អនុប្រធាន​គណៈកម្មកា​រ​នាយក​របស់​គណបក្ស​សង្គ្រោះ​ជាតិ បានផ្តល់​ព័ត៌មាន​ជុំវិញ​ស្ថានភាព​របួស​របស់លោក ញ៉យ ចំរើន និង​លោក គង់ សភា​។ តាមរយៈ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​នៅថ្ងៃនេះ លោក​បានលើកឡើង​ពី​ការវិនិច្ឆ័យ​រោគ​ខុសគ្នា​រវាង​ពេទ្យ​នៅក្នុង​ប្រទេស​កម្ពុជា និង​នៅ​ប្រទេស​ថៃ​។​

​លោក អេង ឆៃអ៊ាង បានសរសេរថា ស្ថានភាព​របួស​របស់​លោក ញ៉យ ចំរើន និង​លោក គង់ សភា ត្រូវបាន​គ្រូពេទ្យ​នៅ​មន្ទីរពេទ្យ​រ៉ូយ៉ាល់ភ្នំពេញ ធ្វើ​រោគវិនិច្ឆ័យ​ឃើញថា មិនមាន​សភាព​ធ្ងន់ធ្ងរ​ទេ ហើយ​ការព្យាបាល​មិនចាំបាច់​ធ្វើការ​វះកាត់​ឡើយ​។ ផ្ទុយទៅវិញ គ្រូពេទ្យ​នៅ​មន្ទីរពេទ្យ PHYATHAI 2 នៅ​ទីក្រុង​បាងកក បានធ្វើ​រោគវិនិច្ឆ័យ​ឃើញថា ស្ថានភាព​របួស​របស់​លោក ញ៉យ ចំរើន និង​លោក គង់ សភា មាន​សភាព​ធ្ងន់ធ្ងរ ដែល​ត្រូវធ្វើ​ការព្យាបាល​ដោយ​ការវះកាត់​ជាបន្ទាន់ បើ​មិន​ដូច្នោះ​ទេ អ្នក​ទាំងពីរ​នឹងមាន​ពិការភាព ។ 
 
​មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រឆាំង​រូបនេះ បាន​អះអាងថា លោក ញ៉យ ចំរើន បើ​មិន​ធ្វើការ​វះកាត់​ទាន់ពេលវេលា​ទេ នឹង​ខូចដៃ​ស្តាំ និង​ភ្នែក​ខាងស្តាំ ។ ឯ​លោក គង់ សភា ក៏​ដូចគ្នា​ដែរ បើ​មិន​ធ្វើការ​វះកាត់​ទេ នឹង​ខូច​ឆ្អឹងច្រមុះ និង​ថ្លង់ ៕
 

Tag:
 ញ៉យ ចំរើន​
  គង់ សភា
© រក្សាសិទ្ធិដោយ thmeythmey.com