អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោកស្រី Bhandari ក្លាយជា​ប្រ​ធា​ធិបតី​ស្ត្រី​ទី​១​ក្នុង​ប្រវត្តិសាស្ត្រ​នេ​ប៉ាល់​
29, Oct 2015 , 5:16 pm        
រូបភាព
 ​សភា​នេ​ប៉ាល់ បាន​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ស្ត្រី​ជា​លើកដំបូង ក្នុង​ប្រវត្តិសាស្ត្រ​របស់ខ្លួន​។ នោះ​គឺ លោកស្រី Bidhya Devi Bhandari ដែល​បេក្ខជន​មកពី​គណបក្ស​កុ​ម្មុយ​នី​ស​នេ​ប៉ាល់ ដែល​ទទួលបាន​សំឡេងគាំទ្រ​ចំនួន ៣២៧ ទល់នឹង​គូប្រជែង​លោកស្រី​ដែល​ទទួលបាន​ការគាំទ្រ​ចំនួន​២១៤​សំឡេង ក្នុងការ​បោះឆ្នោត​កាលពី​ថ្ងៃទី​២៨ ខែតុលា ម្សិលមិញ​នេះ​។​

​ប្រធានសភា​នេ​ប៉ាល់​លោក Onsari Gharti Magar​បានប្រកាស​ពី​ជ័យជម្នះ​របស់លោក​ស្រី Bidhya Devi Bhandari ក្នុងការ​បោះឆ្នោត​ជ្រើសរើស​ជា​ប្រធានាធិបតី​ថ្មី​។ អ្នកនយោបាយ​បក្ស​កុ​ម្មុយ​នី​សវ័យ​៥៤​ឆ្នាំ​រូបនេះ នឹង​ក្លាយជា​ប្រធានាធិបតី​ស្ត្រី​ទី​១ របស់​សាធារណរដ្ឋ​ក្មេងខ្ចី​មួយ​នេះ​។ 
 
​សូមបញ្ជាក់​ផងដែរ​ថា លោកស្រី Bhandari គឺជា​អ្នកនយោបាយ​ម្នាក់​ដែល​បាន​តស៊ូ​យ៉ាងខ្លាំង​ក្លា​ដើម្បី​ជំរុញឱ្យមាន​ការគោរព​សិទ្ធិ​ស្ត្រី​ក្នុងប្រទេស​នេ​ប៉ាល់​។ លោកស្រី​ជា​មេដឹកនាំ​កុ​ម្មុយ​នី​ស​មកពី​គណបក្សកាន់អំណាច​រប​ស់​នាយករដ្ឋមន្ត្រី​បច្ចុប្បន្ន​លោក Khadga Prasad Oli ដែល​ទើប​ឈ្នះឆ្នោត​ផងដែរ​។ 
 
​លោកស្រី Bhandari​ក៏​ជា​អ្នកនយោបាយ​សកម្ម​ម្នាក់​ដែល​បាន​ចូលរួម​ក្នុង​បាតុកម្ម​ផ្តួលរំលំ​របបរាជានិយម​ផ្ដាច់ការ​របស់​ស្ដេច  Gyanendra ដើម្បី​នាំយក​របប​ប្រជាធិបតេយ្យ​មកឱ្យ​ប្រជាជន​នេ​ប៉ាល់​។ ឥឡូវនេះ លោកស្រី​គឺជា​ប្រធានាធិបតី​ទី​២ របស់​ប្រទេស​នេះ បន្ទាប់ពី​ក្លាយជា​សាធារណរដ្ឋ​ក្នុង​ឆ្នាំ​២០០៨ ។​
 
​សូម​រម្លឹក​ផងដែរ​ថា ចាប់តាំងពី​រំលាយ​របបរាជានិយម​ទៅជា​សាធារណរដ្ឋ​នៅ​ឆ្នាំ​២០០៨ នេ​ប៉ាល់​មាន​ប្រធានាធិបតី​ពីររូប​មកហើយ​។ ប្រធានាធិបតី​ទី​១ គឺ​លោក Ram Baran Yadav​និង​ទី​២ គឺ​លោកស្រី​Bhandari​នេះ​តែម្ដង​។ ចំពោះ​តំណែង​ប្រធានាធិបតី​នេះ គឺ​មិនមាន​អំណាច​អ្វី​ទេ ខណៈ​អំណាច​ទាំងអស់ គឺ​ស្ថិតក្នុង​ដៃ​នាយករដ្ឋមន្ត្រី​ដែលជា​អ្នកដឹកនាំ​រដ្ឋាភិបាល​៕ 
 

Tag:
 នេ​ប៉ាល់​
© រក្សាសិទ្ធិដោយ thmeythmey.com