អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
បក្សនយោបាយ​មី​យ៉ាន់​ម៉ា​បារម្ភ​អំពើហិង្សា​ក្នុង​ថ្ងៃ​បោះឆ្នោត​នៅ​ជាង​មួយ​សបា្តហ៍​ទៀត​
30, Oct 2015 , 9:10 am        
រូបភាព
 ​គណបក្សនយោបាយ​នៅ​មី​យ៉ាន់​ម៉ា​សម្ដែង​ការព្រួយបារម្ភ​ចំពោះ​អំពើហិង្សា​នានា​ដែល​អាច​កើតឡើង​នា ថ្ងៃ​បោះឆ្នោត​ទី​៨ ខែ​វិ​ច្ឆ​កា​ខាងមុខនេះ ។ គណបក្ស​មួយចំនួន​ដែល​ចូលរួម​ប្រជែង​ក្នុងការ​បោះឆ្នោត​សភា​មី​យ៉ាន់​ម៉ា បាន​អះអាងថា ករណី​ដូចជា ការ​ហែក​ផ្ទាំង​ឃោសនា និង​ការ​បង្ហោះ​ព័ត៌មាន​មិន​ពិត​តាម​បណ្ដាញ​សង្គម បានបង្ហាញ​ពី​ភាពមិនប្រក្រតី និង សញ្ញា​មិនល្អ​នោះទេ​សម្រាប់​ការបោះឆ្នោត​។

 
​គណបក្សនយោបាយ​ជាច្រើន លើកឡើង​ការព្រួយបារម្ភ​របស់ខ្លួន​ចំពោះ​អំពើហិង្សា​ដែល​អាច​កើតមាន​ក្នុងការ​បោះឆ្នោត ខណៈ​ថ្ងៃ​កំណត់​កាន់តែ​ខិត​មកដល់​។ គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ​របស់ លោកស្រី អង់​សាន សូ​ជី បាន​ចោទប្រកាន់​គណបក្ស​ដទៃ​ទៀតថា បាន​ប្រើ​យុទ្ធសាស្ត្រ​មិនល្អ​ក្នុង​ពេលធ្វើ​យុទ្ធនាការ​បោះឆ្នោត​។​
 
​យ៉ាងណាក៏ដោយ មកទល់ពេលនេះ មិនទាន់មាន​សេចក្ដី​រាយ​ការ​ណ៏​ពី​សកម្មភាព​ហិង្សា​ណាមួយ​កើតឡើង​នៅឡើយ​ទេ ស្រប​ពេលដែល​គណបក្ស​ទាំងអស់​កំពុង​ធ្វើ​សកម្មភាព​ឃោសនា​រក​សំឡេងឆ្នោត​នៅតាម​ទីតាំង​ផ្សេងៗ​គ្នា​។ ប៉ុន្តែ ក៏មាន​អ្នកសង្កេតការ​ខ្លះ​បានបង្ហាញ​ការព្រួយបារម្ភ​ផងដែរ នៅពេលដែល​គណបក្ស​ទាំងនោះ​ទទួលបាន​ការគាំទ្រ​កាន់តែច្រើន​។​
 
​ម៉ាន់​ដា​ឡេ ជា​តំបន់​ដែល​គេ​ព្រួយបារម្ភ​ថា អាច​នឹងមាន​ការកើត​ឡើង​អំពើហិង្សា​ក្នុង​ថ្ងៃ​បោះឆ្នោត​។ តំបន់​នេះ​សម្បូរ​ដោយ​សង្ឃ​ជាតិនិយម​ជ្រុល ហើយ​មានគំនិត​ប្រឆាំងនឹង​ជនភាគតិច​មូស្លីម​។ លោកសង្ឃ​ទាំងនេះ បានប្រកាស​គាំទ្រ​ប្រធានាធិបតី​បច្ចុប្បន្ន​គឺ​លោក ថេ​ន សេន ដែល​កំពុង​ស្វះស្វែង​សម្រាប់​តំណែង​ប្រធានាធិបតី​ក្នុង​អាណត្តិ​ទី​២​។​
 
​តាមពិតទៅ រឿង​អាក្រក់​មិន​ត្រឹម​កើតឡើង​ចំពោះ​បក្សប្រឆាំង​នោះទេ សូម្បី​បក្ស​កាន់អំណាច​ក៏​ក្លាយជា​គោលដៅ​សំខាន់​ផងដែរ​។ បេក្ខជន​ម្នាក់​មកពី​បក្ស​កាន់អំណាច​ត្រូវបាន​ចោទប្រកាន់ថា ព្យាយាម​ទិញ​សំឡេងឆ្នោត​ដោយបាន​ព្យាបាល​ជំងឺ​មិន​គិតថ្លៃ​។ ឯ​បេក្ខជន​ម្នាក់ទៀត​លើកឡើងថា វា​ជា​រឿង​អាក្រក់​សម្រាប់​មុខមាត់​ប្រទេស ក៏ដូចជា​បរិយាកាស​នៃ​ការបោះឆ្នោត​។​
 
​គួរ​រម្លឹក​ដែរ​ថា ការបោះឆ្នោត​នៅ​ថ្ងៃទី​៨ ខែ​វិ​ច្ឆ​កា ត្រូវបាន​សហគមន៍​អន្តរជាតិ​ជាច្រើន​រំពឹងថា ជាការ​បោះឆ្នោត​សេរី​និង​យុត្តិធម៌​លើកដំបូង​របស់​ប្រទេស​ចាប់តាំងពី​ការដកថយ​របស់​ក្រុម​យោធា​ដែល​បាន​កាន់អំណាច​អស់​ជាច្រើន​ទសវត្សរ៍​មកហើយ​។ កាលពី​ឆ្នាំ​២០១០ រដ្ឋាភិបាល​ស៊ីវិល​បាន​ចូលកាន់​តំណែង និង​បានប្រកាស​ធ្វើកំណែទម្រង់​ប្រទេស​តាមបែប​ប្រជាធិបតេយ្យ​នៅក្នុង​មី​យ៉ាន់​ម៉ា​៕ 
 
  

Tag:
 ​មី​យ៉ាន់​ម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com