អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
បេក្ខជន​ប្រធានាធិបតី​ហៃ​ទី ថា មាន​ការកេងបន្លំ​និង​ដុត​សន្លឹកឆ្នោត​
30, Oct 2015 , 9:59 pm        
រូបភាព
​ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ថ្មី​ក្នុងប្រទេស​ហៃ​ទី ត្រូវបាន​គេ​ចោទប្រកាន់ថា​មាន​ការកេងបន្លំ​សន្លឹកឆ្នោត ដ្បិត​មានការ​អះអាង​មួយចំនួន​ថា សន្លឹកឆ្នោត​របស់​បេក្ខជន​ប្រធានាធិបតី Moise Jean-Charles​ត្រូវបាន​គេ​បំផ្លាញចោល​។ ហេតុ​ការ​ណ៏​នេះ បាន​ដុត​បញ្ឆេះ​កំហឹង​របស់​ប្រជាជន ហើយ បាន​បណ្ដាលឱ្យ​មានការ​ប្រឆាំង​តវ៉ា​ក្នុង​រដ្ឋធានី​ផងដែរ​។



​ភាពមិនប្រក្រតី​ជាច្រើន​ត្រូវបាន​គេ​រកឃើញ​ក្នុងការ​បោះឆ្នោត​ប្រធានាធិបតី ជុំ​ទី​១ នៅក្នុង​ប្រទេស​ហៃ​ទី​។ សន្លឹកឆ្នោត​របស់​បេក្ខជន​ម្នាក់​គឺ​លោក Moise Jean-Charles​ត្រូវបាន​ប្រទះឃើញ​ដុតចោល ដែល​បណ្ដាលឱ្យ​មានការ​តវ៉ា​ដុត​កង់ឡាន​នៅក្នុង​រដ្ឋធានី​នៃ​ប្រទេស​នេះ​។​

​លោក Jean-Charles ត្រូវបាន​គេ​មើលឃើញថា ជា​បេក្ខជន​លេចធ្លោ​ម្នាក់​ក្នុងចំណោម​បេក្ខជន​ប្រមាណ​៥០​នាក់​ផ្សេងទៀត បន្ទាប់ពី​ការបោះឆ្នោត​ជុំ​ទី​១ ។ លោក Jean-Charles បាន​អះអាងថា លោក​មានសង្ឃឹម​ខ្ពស់​ដែល​អាចឈាន​ដល់​ជុំ​ទី​២​នៃ​ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃទី​២៧ ខែធ្នូ ខាងមុខ​។

​ស្រប​ពេលដែល​លទ្ធផល​នៃ​ការបោះឆ្នោត​នៅ​មិនទាន់​ដឹង​នៅឡើយ​នោះ ក្រុមបាតុករ​ដែល​គាំទ្រ​លោក Jean-Charles បាន​និយាយថា ពួកគេ​បាន​ប្រទះឃើញ​សន្លឹកឆ្នោត​ជាច្រើន​ត្រូវបាន​គេ​ដុតបំផ្លាញ​នៅក្នុង​បរិវេណ​ផ្ទះមួយ​កន្លែង​ក្បែរ​ទីក្រុង Port-au-Prince​។ ឯ​លោក Jean-Charles ក៏បាន​បញ្ជាក់ដែរថា សន្លឹកឆ្នោត​ដែល​គូស​គាំទ្រ​រូបលោក​បាន​បាត់​ដោយ​មិនដឹង​មូលហេតុ និង មាន​សកម្មភាព​ជាច្រើន​ទៀត​ដែល​ធ្វើឱ្យ​សំឡេងគាំទ្រ​ថយចុះ​។ ហើយ លោក Jean-Charles ក៏​ព្រមាន​ថា​វា​អាច​នឹង​ឈានដល់​ការ​ជ្រួលច្របល់​ខាង​នយោបាយ​ក្នុងប្រទេស​។​

​ប៉ុន្តែ​មន្ត្រី​ទទួលបន្ទុក​ការបោះឆ្នោត​ហៃ​ទី​បាន​បដិសេធ​ការចោទប្រកាន់​ទាំងនេះ​។ ឯម​ន្ត្រី រដ្ឋាភិបាល​ហៃ​ទី បាន​លើកឡើងថា ការអះអាង​របស់លោក Jean-Charles​ជាការ​ប្រឌិត​សុទ្ធសាធ​។ បើ​យោងតាម​ច្បាប់បោះឆ្នោត​ហៃ​ទី ក្រៅពី​ក្រុមប្រឹក្សា​បោះឆ្នោត គណបក្សនយោបាយ​នានា មិនត្រូវ​បានអនុញ្ញាត​ឲ្យ​ប្រកាស​លទ្ធផល​ជា​សាធារណៈ​ឡើយ​៕


Tag:
 ហៃ​ទី
© រក្សាសិទ្ធិដោយ thmeythmey.com