ពីនេះ ពីនោះ
បុគ្គលិក គឺជា​ម្ចាស់​ក្សត្រិយ៍, អតិថិជន គឺជា​ស្តេច!
23, Jul 2017 , 4:39 pm        
រូបភាព
ជារឿយៗនៅក្នុង​ពិភព​នៃ​អ្នកជំនួញ គេ​តែងតែ​លឺ​ឃ្លា​ថា«អតិថិជន គឺជា​សេ្ត​ច។ ឃ្លា​នេះ​មានន័យថា អ្នកលក់​ទំនិញ ឬ​លក់​សេវាកម្ម​ត្រូវ​ចាត់ទុក​អ្នកទិញ​ដូចជា​សេ្ត​ច​អ៊ីចឹង ពោល គឺ​ត្រូ​បម្រើសេវា​កម្ម​ឲ្យ​បានល្អ​បំផុត ទោះ​ក្នុង​កាលៈទេសៈ​ណាក៏ដោយ។


 
ជាការ​ពិត ដើម្បី​ឲ្យ​អាជីវកម្ម​មួយ​ដំណើរការបាន គេ​ត្រូវ​ចាត់ទុក​អតិថិជន ដូចជា​សេ្ត​ច។ ចុះ​បុគ្គលិក​វិញ? ក្រុមហ៊ុន​ត្រូវ​ចាត់ទុក​ពួកគេ​ជា​អ្នកបម្រើ​អតិថិជន​ធម្មតា? ឬ​ត្រូវ​ចាត់ទុក​ពួកគេ​ជា​ម្ចាស់​ក្សត្រិយ៍?
 
ក្នុងនាម​ជា​ក្រុមហ៊ុន, ក្រុមហ៊ុន​ត្រូវ​ចាត់ទុក​អតិថិជន​ជា​សេ្ត​ច ហើយ​ចាត់ទុក​បុគ្គលិក​ជា​ម្ចាស់​ក្សត្រិយ៍ មានន័យថា ក្រុមហ៊ុន​ត្រូវ​គិតគូរ​បុគ្គលិក​ឲ្យ​ខ្លាំង​ជាង​អតិថិជន​ទៅទៀត។ នៅពេលដែល​បុគ្គលិក​ទទួលបាន​ភាពកក់ក្តៅ​ពី​ក្រុមហ៊ុន​ល្អ​ហើយ ពេលនោះ បុគ្គលិក​នឹង​បម្រើ​អតិថិជន​ឲ្យ​បាន​កាន់តែ​ប្រសើរឡើង។ ប្រសិនបើ​បុគ្គលិក​មិន​ត្រូវបាន​ម្ចាស់​ក្រុមហ៊ុន​ចាត់ទុកជា​ម្ចាស់​ក្សត្រិយ៍​ទេនោះ នោះ​អតិថិជន ក៏​មិន​ត្រូវបាន​បុគ្គលិក​ចាត់ទុកជា​សេ្ត​ច​ដែរ ពីព្រោះ បុគ្គលិក​គ្មាន​ទឹកចិត្ត​នឹងធ្វើ​កិច្ចការ​ឲ្យ​បានល្អ ហើយ​ពេលនោះ ក្រុមហ៊ុន​នោះ អាច​ប្រឈម​នឹង​បរាជ័យ។ 
 
និយាយ​ឲ្យ​សាមញ្ញ មានន័យថា ក្រុមហ៊ុន​ត្រូវ​គិតគូរ​បុគ្គលិក​ឲ្យ​គ្រប់​ជ្រុងជ្រោយ និង​ល្អ​បំផុត មុន​ពេលដែល​អនុញ្ញាត​ឲ្យ​ពួកគេ​អាច​បម្រើ​អតិថិជន​ឲ្យ​បានល្អ ដូច​បម្រើ​សេ្ត​ច​នោះ។ បញ្ច្រាស​មកវិញ បើ​បុគ្គលិក​មិន​ត្រូវបាន​ក្រុមហ៊ុន​ឲ្យ​តម្លៃ​ផង​នោះ តើ​ពួកគេ​អាច​បម្រើសេវា​ជូន​អតិថិជន​បានល្អ​ឥតខ្ចោះ​ដែរឬទេ? នេះ​ជា​ចំណុច​ដែល​ម្ចាស់​ក្រុមហ៊ុន​ទាំងឡាយ​ត្រូវ​លើក​យកមក​ពិចារណា។ ពិចារណា​លើ​ឃ្លា៖«អតិថិជន គឺជា​ស្តេច, បុគ្គលិក គឺជា​ម្ចាស់​ក្សត្រិយ៍!»។ 
 

© រក្សាសិទ្ធិដោយ thmeythmey.com