ជាតិ
សង្គមជាតិ
សេដ្ឋកិច្ច
លោក ហ៊ុន សែន និយាយថា «គាត់​ឈប់​រាប់អាន»មន្ត្រី​លេងល្បែង​ទៀតហើយ
01, Nov 2015 , 3:56 pm        
រូបភាព
ភ្នំពេញ៖ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា​អំពាវនាវ​នៅ​ថ្ងៃអាទិត្យ​ទី១ខែវិច្ឆិកា​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់​ឈប់​លេងល្បែង​បៀ ឆ្នោត និង​ល្បែងភ្នាល់​កីឡាប្រដាល់។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​បង្ហើប​ឲ្យ​ដឹងថា លោក​បាន​ឈប់​រាប់អាន​មន្ត្រី និង​មនុស្ស​មួយចំនួន​ដែល​ចូលចិត្ត​លេងល្បែង ហើយ​សុំ​ប្រាក់​ពី​គាត់។


 
នៅក្នុង​ពិធី​សំណេះសំណាល​ជាមួយ​ជនពិការ និង​ចំ​ថ្ងៃ​បើក​បវេសនកាល​ឆ្នាំ​សិក្សា២០១៥-២០១៦, ពី​ខេត្តកំពត, ប្រមុខ​រាជរដ្ឋាភិបាល​លោក ហ៊ុន សែន បាន​មានប្រសាសន៍​បែប​កំប្លែង​លេង​បន្តិច​ផង​ថា លោក​មិនអាច​រាប់អាន​មន្ត្រី និង​មនុស្ស​មួយចំនួន​ដែល​លោក​ស្គាល់ ហើយ​លេងល្បែង​នោះ​ទៀតឡើយ។ «ខ្ញុំ​សូម​ផ្ញើ​សារ​ពី​ទីនេះ​ទៅ​តែម្តង។ ខ្ញុំ​មាន​អារម្មណ៍​ខ្មាសអៀន។ ពួកគាត់​គិតតែ​ពី​ត្រូវការ​លុយ​ពី​យើង។ រីឯ​ខ្ញុំ, ខ្ញុំ​ត្រូវការ​ទុក​លុយ​របស់ខ្ញុំ​ដើម្បី​ឧបត្ថម្ភ​ជនពិការ ឬ​អ្នកក្រីក្រ។ ហេតុអ្វី​ខ្ញុំ​ត្រូវ​ឲ្យ​គេ​បោក?»។ 
 
បើទោះបីជា​លោក​និយាយ​ពី​មន្ត្រី​ក៏ដោយ ប៉ុន្តែ​លោក​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​មិនបាន​បង្ហាញ​អត្តសញ្ញាណ​មន្ត្រី​នោះ​ថា ជា​នរណា​ទេ។ មិន​ត្រឹមតែ​ផ្ញើ​សារ​ទៅកាន់​មន្ត្រី​ដែល​ធ្លាប់​រកលុយ​ពី​លោក​ទេ តែ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​អំពាវនាវ​ឲ្យ​ប្រជាជន​ខ្មែរ​ទូទាំងប្រទេស​បញ្ឈប់​នូវ​រាល់​ទម្រង់​ល្បែងស៊ីសង ដូចជា​ល្បែង​បៀ​ល្បែង​ចាក់​កន្ទុយលេខ ឬ​ល្បែង​ចាក់​កីឡាប្រដាល់​ជាដើម។ លោក​អំពាវនាវ​ឲ្យ​អាជ្ញាធរ​បោសសម្អាត​មេ​កន្ទុយលេខ និង​មេ​ល្បែង។ 
 
លោកនាយក​រដ្ឋមន្ត្រី​បន្ថែមទៀតថា៖«សូម​បញ្ឈប់​រឿង​កាត់​យល់សប្តិ​ទៀត​ទៅ។ អ្នកខ្លះ​យល់សប្តិ​ឃើញ​ខ្ញុំ ក៏​ចាក់​តាម​អាយុ​ខ្ញុំ៦៥ឆ្នាំ តាមពិត អាយុ​ពិត​របស់ខ្ញុំ​វា​ផ្សេង​ពីនេះ​ទេ»។ «បើ​ចង់​ទទួល​បានការ​រាប់អាន​ដ៏​ស្មោះស្ម័គ្រ​ពី​ខ្ញុំ ត្រូវ​ឈប់​លេងល្បែង»។ នេះ​គឺជា​ការអំពាវនាវ​បន្ថែម​របស់លោក ហ៊ុន សែន៕ 
 

Tag:
 លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com