អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ប្រធានាធិបតី​តៃវ៉ាន់​ជួប​ប្រមុខរដ្ឋ​ចិន​បញ្ជាក់​ពី​ភាពជិតស្និទ្ធ​រវាង​ចិន​និង​តៃវ៉ាន់
05, Nov 2015 , 8:56 am        
រូបភាព
 
​ប្រធានាធិបតី​ចិន លោក ស៊ី ជិន​ពីង (Xi Jinping) និង​ប្រធានាធិបតី​តៃវ៉ាន់ លោក Ma Ying-jeou នឹង​ជួបគ្នា​ជា​លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ រាប់​ចាប់ ពី​បញ្ចប់​សង្គ្រាមស៊ីវិល​ក្នុង​ឆ្នាំ​១៩៤៩ ។ ជំនួប​ជា​ប្រវត្តិសាស្ត្រ​នឹងធ្វើ​ឡើង​នៅ​ថ្ងៃ​សៅរ៍​នេះ​នៅ​សិង្ហ​បុរី​។ តែ​មេដឹកនាំ​តៃវ៉ាន់​មិន​ផ្តល់ដំណឹង​ទៅ​សភា​ជាមុន​ពី​ជំនួប​នេះ​ទេ​។ 


 
​មេដឹកនាំ​ចិន​និង​តៃវ៉ាន់​នឹង​ជួបគ្នា​លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ បន្ទាប់​ជ័យជម្នះ​របស់​បក្ស​កុម្មុយនីស្ត​ចិន​លើ​បក្ស​គូ​មីង​តាំង អំឡុងពេល​សង្គ្រាមស៊ីវិល​ក្នុង​ឆ្នាំ​១៩៤៩ ។ មេដឹកនាំ​បក្ស​គូ​មីង​តាំង​បានរ​ត់ទៅ​បង្កើត​សាធារណរដ្ឋ​ចិន​នៅ​កោះ​តៃវ៉ាន់ ឯ​បក្ស​កុម្មុយនីស្ត​ចិន​បាន​បង្កើត​សាធារណរដ្ឋ​ប្រជាមានិត​ចិន​នៅលើ​ដីគោក មកដល់​សព្វថ្ងៃនេះ​។ ថ្វីបើ​ធ្វើ​ឲ្យ​ប្រជាជន​តៃវ៉ាន់​មួយចំនួន​មិន​សប្បាយចិត្ត​ព្រោះ​ជំនួប​ពិសេស​នេះ​ក៏ដោយ ក្រុង​ប៉េកាំង​កំពុង​រីករាយ​ព្រោះ​ខ្លួន​អាច​បង្កើន​ឥទ្ធិពល​របស់ខ្លួន​នៅ​តៃវ៉ាន់​បាន​។ 
 
​បើតាម​អ្នកនាំពាក្យ​របស់លោក Ma ប្រធានបទ​សំខាន់​ក្នុងជំនួប​ជា​ប្រវត្តិសាស្ត្រ​នេះ គឺ​បញ្ហា​ច្រក​សមុទ្រ​ដែល​បែងចែក​ចិនដីគោក​និង​តៃវ៉ាន់​។ មេដឹកនាំ​ទាំងពីរ​នឹង​ផ្ដោះ​ប្ដូរ​យោបល់​គ្នា​ជុំវិញ​បញ្ហា​ទាំងឡាយ​ដែល​កើតឡើង​ក្នុង​ច្រក​សមុទ្រ​នេះ​និង​បន្ត​កា​រក្សា​ស្ថិរភាព​នៅ​ទីតាំង​នេះ​។ ប៉ុន្តែ​អ្នកនាំពាក្យ​បន្តថា កិច្ចពិភាក្សា​នឹងមិន​នាំ​ឲ្យ​មានការ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ឬ​ការចេញ​សេចក្ដី​ថ្លែង​ការរួម​គ្នា​អ្វី​នោះទេ​។    
 
​ចំណែក​ឯខាង​ក្រុង​ប៉េកាំង​ឯណោះ​វិញ​ក៏បាន​បញ្ជាក់​ពី​ជំនួប​នេះដែរ​។ សារព័ត៌មាន​រដ្ឋ​ចិន​បានប្រកាសថា ប្រធានាធិបតី​ចិន លោក ស៊ី ជិន​ពីង​នឹង​ជួប​លោក Ma Ying-jeou នៅ​សិង្ហ​បុរី​នា​ចុង​សប្ដាហ៍​នេះ​។ 
 
​ជំនួប​លើកដំបូង​ជា​ប្រវត្តិសាស្ត្រ​រវាង​ប្រធានាធិបតី​តៃវ៉ាន់ និង​ចិន នឹង​លេច​ជា​រូបរាង​ឡើង ខណៈ​ទំនាក់ទំនង​រវាង​ចិន​និង​តៃវ៉ាន់​មាន​ភាព​កាន់តែ​ល្អប្រសើរ​នាពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​។ ពោលគឺ​ក្រោយ​ការឡើង​កាន់អំណាច​រប​ស់លោក Ma​នៅ​ឆ្នាំ​២០០៨ ។ ប្រមុខរដ្ឋ​តៃវ៉ាន់​ហាក់​មាន​គោលនយោបាយ​ទន់ភ្លន់​ចំពោះ​ទីក្រុង​ប៉េកាំង ពីព្រោះ​លោក​បានចាត់ទុក​ការជំរុញ​ឱ្យមាន​ទំនាក់ទំនង​ល្អជា​មួយ​ចិនដីគោក​ជា​រឿង​សំខាន់​ក្នុងការ​ដឹកនាំ​ប្រទេស​របស់លោក​។​
 
​យ៉ាងណាក៏ដោយ ជំនួប​នេះ​មិនបាន​ធ្វើឱ្យ​ប្រជាជន​តៃវ៉ាន់​ទាំងអស់​សប្បាយចិត្ត​នោះទេ​។ គណបក្សប្រឆាំង​របស់​កោះ​តៃវ៉ាន់​បានលើកឡើង​ថា លោក Ma មិនបាន​ប្រាប់​សភា​ពី​ជំនួប​នេះ​ទេ​។ លើសពីនេះ ក្រុមប្រឆាំង​សម្តែង​ការព្រួយបារម្ភ​ពី​ការជ្រៀតជ្រែក​របស់​ចិនដីគោក​មក​ក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់ខ្លួន ខណៈ​ការបោះឆ្នោត​ខិតជិត​មកដល់​។ ពួកគេ​ព្រមាន​ថា ចិនដីគោក​នឹង​ប្រើប្រាស់​ជំនួប​នេះ ដើម្បី​ផលប្រយោជន៍​ផ្ទាល់​របស់គេ​។​
 
​សូម​រម្លឹកថា ទីក្រុង​ប៉េកាំង​តែង​ចាត់ទុក​ទឹកដី​កោះ​តៃវ៉ាន់​ជា​ផ្នែក​មួយ​របស់ខ្លួន​។ មិនតែប៉ុណ្ណោះ ចិន​តែងតែ​គំរាម​ប្រើប្រាស់​កម្លាំង​ទ័ព​ដើម្បី​វាយ​ដណ្ដើម​តៃវ៉ាន់​មក ប្រសិនបើ​តៃវ៉ាន់​ហ៊ាន​ប្រកាស​ឯករាជ្យ​ដោយ​ឯកតោភាគី​។ ឯ​តៃវ៉ាន់​ដែលមាន​អាមេរិក​ពីក្រោយ​ខ្នង​បាន​ខិតខំ​យ៉ាងខ្លាំង​ដើម្បី​ការពារ​អ្វីដែល​ខ្លួន​មាន​នាពេល​សព្វថ្ងៃ​៕ 
 
 
 
 
 

Tag:
 តៃវ៉ាន់
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com