អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោក ថេន សេន ​​ព្រមាន​ពី​សង្គ្រាម​បង្ហូរឈាម​ប្រសិនបើ​បក្ស​ខ្លួន​ចាញ់ឆ្នោត​
05, Nov 2015 , 9:30 am        
រូបភាព
 
​ប្រធានាធិបតី​មី​យ៉ាន់​ម៉ា លោក ថេ​ន សេន និង​ជា​ប្រមុខ​គណបក្សកាន់អំណាច​បា​ន​បង្ហោះ​វីដេអូ​មាន​លក្ខណៈ​ព្រមាន​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់លោក​។ ក្នុង​វីដេអូ​រយៈពេល​៤​នាទី​លោក ថេ​ន សេន បាន​ព្រមាន​ពី​ការកើតឡើង​អំពើហិង្សា ដែល​លោក​ប្រដូច​អ្វីដែល​បាន​កើតឡើង​ក្នុង​បដិវត្តន៍​អារ៉ាប់​នៅ​មជ្ឈិមបូព៌ា​។ 


លោក មុំ ពិទូរ្យ លម្អិតព័ត៌មាននេះ


 
​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ប្រធានាធិបតី​មី​យ៉ាន់​ម៉ា លោក ថេ​ន សេន បាន​បង្ហោះ​វីដេអូ​ព្រមាន​មួយ​ដែល​បាន​លើកឡើងថា អំពើហិង្សា​បង្ហូរឈាម​នឹង​កើតមាន ប្រសិនបើ​គណបក្ស​លោក​ចាញ់​ការបោះឆ្នោត នា​ថ្ងៃអាទិត្យ​ខាងមុខនេះ​។ វីដេអូ​នេះ​បាន​បង្កឱ្យមាន​ការខឹង​សម្បា​យ៉ាងខ្លាំង​ក្នុងចំណោម​អ្នកប្រើប្រាស់​ហ្វេ​ស​ប៊ុ​កមី​យ៉ាន់​ម៉ា​។ 
 
​ការ​បង្ហោះ​វីដេអូ​ព្រមាន​នេះ​ធ្វើឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ មុន​ថ្ងៃ​បោះឆ្នោត​មកដល់​។ គណបក្សប្រឆាំង​របស់​ជ័យលាភី​ណូបែល​សន្តិភាព​លោកស្រី អង់​សាន ស៊ូ​ជី រំពឹងថា​នឹង​ទទួល​ជ័យជម្នះ​ភ្លូកទឹកភ្លូកដី​។ 
 
​ក្នុង​វីដេអូ​នោះ គេ​ឃើញ​មាន​រូបភាព​នៃ​អំពើហិង្សា​ដែល​កើតឡើង​នៅ​មជ្ឈិមបូព៌ា​ដាក់​ព្រម​គ្នា​ជាមួយ​រូបភាព​បង្ហាញ​ពី​សុខសន្តិភាព​និង​ការអភិវឌ្ឍ​ក្នុងប្រទេស​មី​យ៉ាន់​ម៉ា​កំឡុងពេល​អន្តរកាល​ទៅរក​ប្រជាធិបតេយ្យ​និង​អមដោយ​សំឡេង​ភ្លេង​ពីក្រោយ​។ បើតាម​លោក Zaw  Htay ប្រធានការិយាល័យ​ប្រធានាធិបតី  វីដេអូ​ដដែល​នេះ​បញ្ចប់ទៅ​ជាមួយ​ប្រយោគ​ថា លុះត្រា​តែមាន​សន្តិភាព ទើប​ដំណើរ​ឆ្ពោះទៅរក​ប្រជាធិបតេយ្យ​អាច​ទទួលជោគជ័យ​បាន​។​
 
​លើសពីនេះ​ទៀត លោក Zaw  Htay បានលើកឡើង​ពី​ដំណើរការ​ប្រជាធិបតេយ្យ​នៅក្នុង​ប្រទេស​និង​ប្រៀបធៀប​ស្ថានភាព​មី​យ៉ាន់​ម៉ា​ជាមួយ​ព្រឹត្តិការណ៍​ដែល​បានកើត​ឡើង​នៅ​តំបន់​អារ៉ាប់​។ លោក​បន្តថា មី​យ៉ាន់​ម៉ា​មាន​ស្ថិរភាព​និង​កំពុង​បោះជំហាន​ទៅមុខ ហើយ​យើង​ត្រូវ​រង់ចាំ​បន្តទៀត​។ ប៉ុន្តែ​បក្សប្រឆាំង​បានបង្ហាញ​ការព្រួយបារម្ភ​ថា ដំណើរការ​ប្រជាធិបតេយ្យ​នៅ​មី​យ៉ាន់​ម៉ា​កំពុងតែ​ដើរ​ថយក្រោយ​ទៅវិញ​។​
 
​គួរ​បញ្ជាក់ថា អំពើហិង្សា​នៅតែ​បន្ត​កើតឡើង​ក្នុង​មី​យ៉ាន់​ម៉ា​នាពេល​ថ្មីៗ​នេះ​។ ជាពិសេស ជម្លោះសាសនា​រវាង​ពុទ្ធសាសនិក​និង​ជន​មូស្លីម​រ៉ូ​ហ៊ីង​យ៉ា​។ ម្យ៉ាងទៀត ការរំលោភបំពាន​សិទ្ធិមនុស្ស​នៅតែ​បញ្ហា​ប្រឈម​សម្រាប់​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា​។ រដ្ឋាភិបាល​របស់លោក ថេ​ន សេន ត្រូវ​ចោទប្រកាន់ថា​បាន​រំលោភបំពាន​សិទ្ធិមនុស្ស​យ៉ាងធ្ងន់ធ្ងរ តួយ៉ាង​ការប្រយុទ្ធ​ជាមួយ​ក្រុម​ឧទ្ទាម​ភាគតិច​នាពេល​កន្លងមក​៕ 
 
 
 

Tag:
 មី​យ៉ាន់​ម៉ា
  ថេន​សេន
© រក្សាសិទ្ធិដោយ thmeythmey.com