អន្តរជាតិ
ឥណ្ឌូនេស៊ី​បិទ​ព្រលានយន្តហោះ​បាលី ព្រោះ​ភ្នំភ្លើង​បញ្ចេញ​ផ្សែង​ខ្លាំង​
05, Nov 2015 , 10:12 am        
រូបភាព
 
​ប្រទេស​ឥណ្ឌូនេស៊ី​បានប្រកាស​បិទ​ព្រលានយន្តហោះ​នៅលើ​កោះ​បាលី នៅពេលដែល​ភ្នំភ្លើង Rinjani ដែល​ស្ថិតនៅ​កោះ​ឡុំ​បុក​ក្បែរ​ខាង បញ្ចេញ​ផ្សែង​និង​ផេះ​យ៉ាងខ្លាំង​។ ជើងយន្តហោះ​ជាច្រើន​ដែល​ចេញ​-​ចូល​កោះ​បាលី​ត្រូវបាន​លុបចោល​។​

 
​បើតាម​មន្ត្រី​អាកាសយានដ្ឋាន​របស់​ឥណ្ឌូនេស៊ី ព្រលានយន្តហោះ Ngurah Rai​របស់​កោះ​កំសាន្ត​បាលី ត្រូវ​បិទ​រហូតដល់​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​។ ព្រលាន​នេះ​អាច​នឹង​បើក​ឡើងវិញ​នៅពេលដែល​មានការ​វាយតម្លៃ​ត្រឹមត្រូវ​ចំពោះ​ស្ថានភាព​ភ្នំភ្លើង​ពី​មន្ត្រី​មាន​សមត្ថកិច្ច​។​
 
​ជាមួយគ្នានេះដែរ ជើងយន្តហោះ​ប្រហែល ៧០០​ដែល​គ្រោង​ហោះ​ចេញ​-​ចូល​កោះ​បាលី​ត្រូវបាន​លុបចោល​ជាបន្ទាន់​ដោយសារ​ផ្សែង​និង​ផេះ​បញ្ចេញ​ដោយ​ភ្នំភ្លើង​។ ក្នុង​សេចក្ដីថ្លែងការណ៍​មួយ​បាន​បង្ហាញថា ភ្នំភ្លើង Rinjani នៅតែ​បន្តសកម្មភាព​និង​បាន​បង្កើត​លំ​ញ័រ​នៅ​កោះ​បាលី​។ ហើយ​គេ​រំពឹងថា កម្រិត​នៃ​ការរញ្ជួយ​ភ្នំភ្លើង​នៅតែ​បន្ត​កើន​ខ្ពស់​។​
 
​លើសពីនេះទៅទៀត ការរញ្ជួយ​ភ្នំភ្លើង​នេះ​បានធ្វើឱ្យ​ប៉ះពាល់​ដល់​ការបញ្ជូន​ឧក្រិដ្ឋជន​ម្នាក់​ទៅកាន់​ប្រទេស​ឥណ្ឌា បន្ទាប់ពី​ត្រូវបាន​ចាប់ខ្លួន​នៅលើ​កោះ​បាលី​កាលពី​សប្ដាហ៍​មុន​។ ជននេះ​ជាម​នុស្ស​ដែល​ឥណ្ឌា​ត្រូវការ​បំផុត​ក្រោយ​ការរត់​គេចខ្លួន​អស់​រយៈ​ពេៈ​២០​ឆ្នាំ​។​
 
​សូម​រម្លឹកថា ភ្នំភ្លើង Rinjani​ដែល​ស្ថិតក្នុង​កោះ​ឡុំ​បុក មាន​ទីតាំង​នៅក្បែរ​កោះ​បាលី​បានចាប់ផ្ដើម​រញ្ជួយ​កាលពី​សប្ដាហ៍​មុន​។ ការបញ្ចេញ​ផ្សែង​បាន​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​ប្រជាជន​នៅលើ​កោះ​បាលី​និង​ឡុំ​បុក ជាពិសេស​ទេសចរណ៍​ដែលជា​វិស័យ​ដ៏​សំខាន់​របស់​ឥ​ណ្ឌួ​នេ​ស៊ី​។      
 
 

Tag:
 ឥណ្ឌូនេស៊ី​
© រក្សាសិទ្ធិដោយ thmeythmey.com