អន្តរជាតិ
យ៉ាងហោចណាស់​មនុស្ស​១៨​នាក់​បាន​ស្លាប់​ដោយសារ​បាក់​អាគារ​នៅ​ប៉ា​គី​ស្ថាន​
05, Nov 2015 , 4:35 pm        
រូបភាព
 ​មនុស្ស​យ៉ាងតិច​១៨​នាក់​ស្លាប់​ក្នុង​ហេតុការណ៍​បាក់​រលំ​អាគារ​រោងចក្រ​ក្នុង​តំបន់ឧស្សាហកម្ម​ក្នុង​ទីក្រុង​ឡា​ហ័​រ​ភាគ​ខាងកើត​ប្រទេស​ប៉ា​គី​ស្ថាន​។ បុគ្គលិក​សង្គ្រោះបន្ទាន់​កំពុង​ញាប់​ដៃជើង​ជួយសង្គ្រោះ​មនុស្ស​ប្រមាណ​១០០​នាក់​ផ្សេងទៀត​ដែល​កំពុង​ជាប់​ក្នុង​អាគារ​នោះ​។​

 
​មនុស្ស​យ៉ាងតិច​១៥​នាក់​និង​ជាច្រើន​នាក់​ទៀត​របួស​ក្នុង​ហេតុការណ៍​បាក់​រលំ​អាគារ​មួយ​កាលពី​រាត្រី​ថ្ងៃ​ពុធ​ម្សិលមិញ​។ អាគារ​ដែល​បាន​ដួលរលំ​មាន​កម្ពស់​៤​ជាន់ និង​ជា​អាគារ​រោងចក្រ​ផលិត​កាបូប​ក្នុង​តំបន់ឧស្សាហកម្ម​ទីក្រុង​ឡា​ហ័​រ​។ មនុស្ស​ប្រហែល​១៥០​នាក់​កំពុងធ្វើការ​នៅក្នុង​អាគារ​នោះ​ពេលដែល​វា​ដួលរលំ​។ បុគ្គលិក​សង្គ្រោះបន្ទាន់​កំពុង​ដែល​ចូលរួម​ដោយ​ប៉ូលីស​និង​ទាហាន​កំពុងតែ​ធ្វើ​សកម្មភាព​យ៉ាង​ញាប់ដៃ​ដើម្បី​ស្វែងរក​មនុស្ស​ដែល​កប់​ក្នុង​គំនរ​អាគារ​ដែល​បាន​ដួលរលំ​។​
 
​ជុំវិញ​មូលហេតុ​នៃ​ការដួលរលំ​អាគារ​នេះ គឺអាច​បណ្ដាល​មក​ការរញ្ជួយ​ដី​ក្នុងប្រទេស​ប៉ា​គី​ស្ថាន​និង​អា​ហ្វ​ហ្គា​នី​ស្ថាន​កាលពី​សប្ដាហ៍​មុន​។ ការរញ្ជួយ​ដី​បានសម្លាប់​មនុស្ស​ប្រមាណ​៤០០​នាក់ និង​បាន​ប៉ះពាល់​ដល់​សំណង់​អាគារ​ជាច្រើន​។​
 
​បើតាម​មន្ត្រីជាន់ខ្ពស់​ក្នុង​ទីក្រុង​ឡា​ហ័​រ​បាន​លើកឡើងថា មនុស្ស​មានជីវិត​ប្រមាណ​៧០​នាក់​ត្រូវបាន​ទាញ​ចេញពី​អាគារ​និង​បញ្ជូនទៅ​មន្ទីរពេទ្យ​។ ឯ​ផ្នែក​កងទ័ព​ក៏បាន​បញ្ជូន​មន្ត្រី​ជំនាញ​មកជួយ​ក​ញ្នុ​ង​ប្រតិបត្តិការ​ផងដែរ​។ ការជួយ​សង្គ្រោះ​នៅមាន​ភាពយឺតយ៉ាវ​នៅឡើយ ពីព្រោះ​ផ្លូវ​ចូលទៅ​កាន់​អាគារ​មាន​ភាព​តូចចង្អៀត​ពិបាក​ចូលទៅ​ជួយសង្គ្រោះ​។​
 
​ចំណែកឯ ប្រធាន​មន្ទីរពេទ្យ​បាន​លើកឡើងថា ជនរងគ្រោះ​ភាគច្រើន​ជា​កម្មករ​វ័យក្មេង​។ ពួកគេ​រងរបួស​ក្បាល​និង​បាក់​ដៃជើង​។ មន្ទីរពេទ្យ​ទាំងអស់​ក្នុង​តំបន់​បានប្រកាស​ភាពអាសន្ន​ស​ម្រា​ប់ទ​ទួល​ជនរងគ្រោះ​។​
 
​ជាទូទៅ ស្ដង់ដា​សំណង់​អាគារ​ក្នុងប្រទេស​ប៉ា​គី​ស្ថាន ត្រូវបាន​គេ​មើលឃើញ​នៅ​ទាប​នៅឡើយ​។ ការដួលរលំ​អាគារ​គឺមាន​កើត​ឡើងជា​ញឹកញាប់​និង​មាន​មនុស្ស​ស្លាប់​ជា​បន្តបន្ទាប់​។ តួយ៉ាង កាលពី​ឆ្នាំមុន មនុស្ស​យ៉ាងតិច​២៤​នាក់​បាន​ស្លាប់​ក្នុង​ការបាក់​អាគារ​វិហារ​ឥស្លាម​។ ម្យ៉ាងទៀត មនុស្ស​២៥៥​នាក់​បាន​ស្លាប់​ក្នុង​ការឆេះ​អាគារ​រោងចក្រ​មួយ​ក្នុង​ទីក្រុង​កា​រ៉ា​ជី​កាលពី​ឆ្នាំមុន​ផងដែរ​៕ 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com