អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ប្រធានកិត្តិយស​បក្សប្រឆាំង​៖ លោកស្រី ស៊ូ​ជី នៅតែមាន​សិទ្ធិ​ធ្វើជា​ប្រធានាធិបតី​
11, Nov 2015 , 11:23 am        
រូបភាព
​ក្នុង​កិច្ច​សម្ភាស​ជាមួយ​វិទ្យុ​អាស៊ីសេរី ប្រធានកិត្តិយស​គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ លោក Tin Oo និយាយថា លោកស្រី អ៊ុង​សាន ស៊ូ​ជី នៅតែ​អាច​ក្លាយ​ប្រធានាធិបតី​មី​យ៉ាន់​ម៉ា ទោះបី​រដ្ឋធម្មនុញ្ញ​ហាមឃាត់​ក៏ដោយ​។ លោក​បាន​និយាយ​ដូចនេះ ខណៈដែល​លទ្ធផល​បឋម​បង្ហាញថា គណបក្សប្រឆាំង​របស់​លោកស្រី ស៊ូ​ជី កំពុងមាន​សំឡេង​នាំមុខ​ដាច់​លើ​គណបក្សកាន់អំណាច​។



​មី​យ៉ាន់​ម៉ា​ទើបតែ​បញ្ចប់​ការបោះឆ្នោត​ជា​ប្រវត្តិសាស្ត្រ​របស់ខ្លួន​កាលពី​ថ្ងៃអាទិត្យ ហើយ​ពេលនេះ​ជា​ដំណាក់កាល​រាប់​សន្លឹកឆ្នោត​។ លទ្ធផល​បឋម​បង្ហាញថា គណបក្សប្រឆាំង​របស់​លោកស្រី ស៊ូ​ជី​បានទទួល​សំឡេងគាំទ្រ​យ៉ាងច្រើន​លើសលប់​។ ជាមួយ​លទ្ធផល​នេះ មេដឹកនាំ​ម្នាក់​របស់​បក្សប្រឆាំង​លើកឡើងថា លោកស្រី ស៊ូ​ជី នឹង​ក្លាយជា​មេដឹកនាំ​មី​យ៉ាន់​ម៉ា​។​

​អំឡុងពេល​ផ្ដល់​បទ​សម្ភាស​ដល់​វិទ្យុ​អាស៊ីសេរី ប្រធានកិត្តិយស​គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ លោក Tin Oo ត្រូវបាន​សួរថា តើ​មី​យ៉ាន់​ម៉ា​នឹងមាន​ប្រធានាធិបតី​ជា​លោកស្រី អង់​សាន ស៊ូ​ជី​ឬទេ​? លោក Tin Oo ឆ្លើយថា  ខ្ញុំ​មាន​ជំនឿ​ចិត្ត​ថា លោកស្រី ស៊ូ​ជី នៅតែ​ក្លាយជា​ប្រធានាធិបតី ទោះបី​រដ្ឋធម្មនុញ្ញ​រារាំង​ក៏ដោយ​។ រឿងនេះ​នឹង​កើតឡើង អី​ុ​ចឹ​ង​ហើយ​បានជា​ខ្ញុំ​ធ្វើ​ការជួយ​លោកស្រី​។

​យ៉ាងណាមិញ លោក Tin Oo មិនបាន​បញ្ជាក់​ឱ្យ​ច្បាស់​ពី​រឿងនេះ​ទេ​។ លោក​គ្រាន់តែ​និយាយថា ដំណើរការ​ទៅមុខ​នឹងត្រូវ​ធ្វើ​តាមបែប​ប្រជាធិបតេយ្យ​និង​ដោយ​អហិង្សា​។ លោកស្រី ស៊ូ​ជី នឹងធ្វើ​ការសម្របសម្រួល​មួយ​ជាមុនសិន ហើយ​រដ្ឋធម្មនុញ្ញ​ឆ្នាំ​២០០៨ នឹងត្រូវ​កែប្រែ​។

​ក្នុង​បទ​សម្ភាស​ដដែល​នោះ លោក Tin Oo ក៏បាន​លើកសរសើរ​ពី​លក្ខណសម្បត្តិ​របស់លោក​ស្រី ស៊ូ​ជី ដែល​ស័ក្ដិ​សមជា​មេដឹកនាំ​ប្រទេស​។ លោក​បញ្ជាក់ថា យើង​មាន​មេដឹកនាំ​ដែល​ពូកែ វាងវៃ និង​មាន​សមត្ថភាព​គ្រប់គ្រាន់​សម្រាប់​ប្រទេស​។ លោកស្រី ស៊ូ​ជី គឺជា​វីរនារី​សម្រាប់​ប្រជាជន​មី​យ៉ាន់​ម៉ា​ទាំងអស់​។

​គួរ​បញ្ជាក់ថា រដ្ឋធម្មនុញ្ញ​មី​យ៉ាន់​ម៉ា​ដែល​បាន​ព្រាង​ដោយ​រដ្ឋាភិបាលយោធា​នៅ​ឆ្នាំ​២០០៨ បាន​រារាំង​លោកស្រី ស៊ូ​ជី ធ្វើជា​ប្រធានាធិបតី​។ វាក្យខណ្ឌ​មួយ​របស់​មាត្រា​៥៩​នៃ​រដ្ឋធម្មនុញ្ញ​នេះ បញ្ជាក់ថា​‹‹​ប្រធានាធិបតី​ឬ​អនុ​ប្រធានាធិបតី មិនគួរ​មាន​ឱ​ពុក​ម្ដាយ​ឬ​ស្វាមីភរិយា​ឬ​កូន ដែលមាន​សញ្ជាតិ​បរទេស​ឡើយ​››​។ ប្ដី​និង​កូនប្រុស​ពីរ​នាក់​របស់​លោកស្រី ស៊ូ​ជី មាន​សញ្ជាតិ​អង់គ្លេស​។


Tag:
 អ៊ុង​សាន ស៊ូ​ជី​
  បោះឆ្នោត​មី​យ៉ាន់​ម៉ា​
  មី​យ៉ាន់​ម៉ា​
© រក្សាសិទ្ធិដោយ thmeythmey.com