អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោក បាន គី​មូ​ន ត្រៀម​ជួប​ គីម ជុង​អ៊ុន​នៅ​កូរ៉េខាងជើង​ក្នុង​សប្ដាហ៍​នេះ​
16, Nov 2015 , 12:00 pm        
រូបភាព
​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ (UN) លោក បាន គី​មូ​ន នឹង​ទៅ​ទស្សនកិច្ច​កូរ៉េខាងជើង​នៅ​សប្ដាហ៍​នេះ​។  ដំណើរ​ទស្សនកិច្ច​នេះ  ប្រហែលជា​រឿង​ដ៏​កម្រ​មួយ​របស់​កូរ៉េខាងជើង​ក្នុងការ​បើកចំហ​ការទូត​របស់ខ្លួន​។ នេះ​បើ​យោងតាម​ការ​រាយ​ការ​ណ៏​របស់​ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េខាងត្បូង Yonhap នៅ​ថ្ងៃ​ច័ន្ទ​នេះ ដោយ​ដកស្រង់​ប្រភព​របស់ UN​។​

 
​លោក បាន គី​មូ​ន នឹង​ទស្សនកិច្ច​ទីក្រុង​ព្យុងយ៉ាង​រដ្ឋធានី​របស់​កូរ៉េខាងជើង​នៅ​សប្ដាហ៍​នេះ​។ ទស្សនកិច្ច​លើកដំបូង​របស់​អគ្គលេខា​ធិ​ការ UN ទៅកាន់​រដ្ឋ​ផ្តាច់ការ​នេះ ជា​រឿង​ថ្មី​បំផុត​ក្នុង​រយៈពេល​ជិត​២០​ឆ្នាំ​ចុង​ក្រោយនេះ​។ លោក បាន គី​មូ​ន នឹង​ក្លាយជា​អគ្គលេខាធិការ UN ទី​៣ ដែល​ធ្វើ​ទស្សនកិច្ច​នៅ​កូរ៉េខាងជើង បន្ទាប់ពី​លោក Kurt Waldheim និង លោក Boutros Boutros-Ghali​។​
 
​តាមពិតទៅ អគ្គលេខាធិការ UN ដែលជា​ជនជាតិ​កូរ៉េខាងត្បូង​រូបនេះ មាន​គម្រោង​ទស្សនកិច្ច​នៅ​កូរ៉េខាងជើង​តាំងពីដើម​ឆ្នាំ​មក​ម្ល៉េះ ប៉ុន្តែ​ត្រូវបាន​រដ្ឋាភិបាលក្រុង​ព្យុងយ៉ាង​លុបចោល​នៅ​នាទីចុងក្រោយ​ដោយ​មិន​បញ្ជាក់​ពី​មូលហេតុ​ឡើយ​។  ទីភ្នាក់ងារ​ព័ត៌មាន Yonhap ដដែល​បន្តថា ក្នុង​ដំណើរ​ទស្សនកិច្ច​លើក​នេះ លោក បាន គី​មូ​ន នឹង​ជួប​ជាមួយ​មេដឹកនាំ​កំពូល​កូរ៉េខាងជើង លោក គីម ជុង​អ៊ុន ផងដែរ​។ ទស្សនកិច្ច​នេះដែរ នឹង​ក្លាយជា​ជំហាន​ការទូត​ដ៏​សំខាន់​ដល់​ដំណើរការ​ដោះស្រាយ​បញ្ហា​សន្តិសុខ​នៅ​ឧបទ្វីប​កូរ៉េ​។   
 
​យ៉ាងណាក៏ដោយ គេ​មិនទាន់​ច្បាស់​ទេ​ថា របាយ​ការ​ណ៏​នៃ​ទស្សនកិច្ច​នេះ​ពិតប្រាកដ​ឬ​នោះទេ​។ ក្រសួងការបរទេស​កូរ៉េខាងត្បូង​មិនទាន់​អាច​បញ្ជាក់​ពី​រឿងនេះ​ទេ ឯ​ការិយាល័យ​អ្នកនាំពាក្យ​របស់ UN ក៏​មិន​បានធ្វើ​អត្ថាធិប្បាយ​ច្រើន​ពី​រឿង​នេះដែរ​។  
 
​គួរ​បញ្ជាក់ដែរថា រយៈពេល​ចុងក្រោយ​នេះ រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​ហាក់​មានការ​បើកចំហរ​ច្រើន​និង​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​ស​ហគ​មន៍​អន្តរជាតិ​ជាង​មុខ​។ ថ្មីៗ​នេះ ក្រុង​ព្យុងយ៉ាង​ធ្លាប់​បើក​ឲ្យ​អ្នកសារព័ត៌មាន​បរទេស​ចូលទៅ​ទឹកដី​ខ្លួន ហើយ​ក៏បាន​អញ្ជើញ​មន្ត្រី​ផ្នែក​សិទ្ធិមនុស្ស​របស់​អឺរ៉ុប​មកកាន់​ទីក្រុង​ព្យុងយ៉ាង តែ​ក៏ត្រូវ​លើក​ពេល​ទៅវិញ​។ បន្ទាប់មក ទីក្រុង​ព្យុងយ៉ាង​ក៏បាន​អញ្ជើញ​មន្ត្រី​សិទ្ធិមនុស្ស​ជាន់ខ្ពស់​របស់ UN មក​ត្រួតពិនិត្យ​របាយការណ៍​ម្ដងទៀត ដោយ​កាលបរិច្ឆេទ​កំពុងតែ​ពិភាក្សាគ្នា​នៅឡើយ​៕ 
 
 

Tag:
 បាន គី​មូ​ន
 គីមជុងអ៊ុន
© រក្សាសិទ្ធិដោយ thmeythmey.com