អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
តួ​ក​គី​លុបចោល​ការដេញថ្លៃ​ប្រព័ន្ធ​មី​ស៊ី​ល​របស់​ចិន​តម្លៃ​ពាន់​លាន​ដុល្លារ
16, Nov 2015 , 7:59 pm        
រូបភាព
​តួ​ក​គី​បាន​លុបចោល​ការដេញថ្លៃ​ប្រព័ន្ធ​មី​ស៊ី​ល​ដែលមាន​តម្លៃ​រហូតដល់​៣.៤​ពាន់​លាន​ដុល្លារ របស់​ក្រុមហ៊ុន​ចិន ពីព្រោះ​អាមេរិក​និង​អឺរ៉ុប​មានការ​ព្រួយបារម្ភ​ខ្លាំង​លើ​បញ្ហា​នេះ​។ នេះ​បើ​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន​រ៉​យ​ទ័​រ ដែល​បាន​ដកស្រង់​សំដី​របស់​មន្ត្រី​ការិយាល័យ​នាយករដ្ឋមន្ត្រី​តួ​ក​គី ម្សិលមិញ​។



​រដ្ឋាភិបាល​តួ​ក​គី​បានសម្រេច​ចិត្ត​លុបចោល​ការដេញថ្លៃ​គម្រោង​ផ្គត់ផ្គង់​ប្រព័ន្ធ​មី​ស៊ី​ល​រយៈ​ចម្ងាយ​ឆ្ងាយ​ដែលមាន​តម្លៃ​៣.៤​ពាន់​លាន​ដុល្លា​របស់​ក្រុមហ៊ុន​ចិន​។ ការផ្ដល់​សិទ្ធិ​ទៅ​ឲ្យ​ចិន​ផ្គត់ផ្គង់​លើ​ប្រព័ន្ធ​ការពារ​នេះ បាន​បង្ក​ឲ្យ​មានការ​ព្រួយបារម្ភ​ជាខ្លាំង​ពី​សំណាក់​សមាជិក​បក្សសម្ព័ន្ធ​ណា​តូ​មាន​អាមេរិក​និង​អឺរ៉ុប​ដែលជា​មិត្ត​ជិតស្និទ្ធ​របស់​តួ​ក​គី​។

​កាលពី​ឆ្នាំ​២០១៣ តួ​ក​គី​ដែលជា​សមាជិក​មួយ​រប​ស់ ណា​តូ បាន​ចរចា​ជាមួយ​ក្រុមហ៊ុន​ចិន Precision Machinery Import and Export Corp ដោយ​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​នេះ​ជា​អ្នកទទួលបន្ទុក​ក្នុងការ​ផ្គត់ផ្គង់​ប្រព័ន្ធ​ការពារ​អាកាស​ដល់​ខ្លួន​។ ភ្លាមៗ​លោកខាងលិច​ក៏បាន​បង្ហាញ​ការព្រួយបារម្ភ​ដោយ​លើក​ហេតុផល​ថា បច្ចេកវិទ្យា​របស់​ចិន​អាច​បង្ក​ឲ្យ​មាន​បញ្ហា​ផ្នែក​សន្តិសុខ​។​
​បើតាម​មន្ត្រី​ដដែល លោកនាយក​រដ្ឋមន្ត្រី​តួ​ក​គី Davutoglu សម្រេចចិត្ត​លុបចោល​គម្រោង​នេះ ហើយ​លោក​បាន​ចុះហត្ថលេខា​លើ​សេចក្ដីសម្រេចចិត្ត​នេះ​រួចហើយ​។ មន្ត្រី​រូបនោះ​បន្តថា តួ​ក​គី​មាន​គម្រោង​ចាប់ផ្ដើម​ផលិត​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​នេះ​ដោយ​ខ្លួនឯង​។

​ចំពោះ​មូលហេតុ​នៃ​ការលុបចោល​នេះ មន្ត្រី​ការពារជាតិ​តួ​ក​គី​បញ្ជាក់ថា អាចពាក់ព័ន្ធ​នឹង ការស្ទាក់ស្ទើរ​របស់​ចិន​ក្នុង​ការផ្ទេរ​បច្ចេកវិទ្យា​ដែល​អនុ​ញ្ញ​ត​ឲ្យ​តួ​ក​គី​មាន​សមត្ថភាព​ក្នុង​ចាត់ចែង​ប្រព័ន្ធ​បាន​និង​អាច​ឈានដល់​ការអភិវឌ្ឍ​ប្រព័ន្ធ​នេះ​ដោយ​ខ្លួនឯងបាន​នាពេល​អនាគត​៕  


Tag:
 តួ​ក​គី
© រក្សាសិទ្ធិដោយ thmeythmey.com