អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លី​បង់​ចាប់ខ្លួន​មនុស្ស​៩​នាក់​ពាក់ព័ន្ធ​នឹង​ការ​បំផ្ទុះ​គ្រាប់បែក​សប្ដាហ៍​មុន​
16, Nov 2015 , 5:14 pm        
រូបភាព
​អាជ្ញាធរ​លី​បង់​បាន​ចាប់ខ្លួន​មនុស្ស​៩​នាក់​ដែល​បាន​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​បំផ្ទុះ​គ្រាប់បែក​កាលពី​សប្ដាហ៍​មុន​ដែល​សម្លាប់​មនុស្ស​ប្រហែល ៤៤​នាក់​នៅក្នុង​ទីក្រុង​បៃ​រ៉ូ​ត​។ នេះ​បើ​យោងតាម​មន្ត្រីជាន់ខ្ពស់​លី​បង់​។ ជន​ទាំង​៩​នាក់​នោះ មាន​៧​នាក់​ជា​ជនជាតិ​ស៊ី​រី​និង​២​នាក់​ទៀត​ជា​ជនជាតិ​លី​បង់​ផ្ទាល់​។

 
​រដ្ឋមន្ត្រី​មហាផ្ទៃ​លី​បង់​លោក Nuhad Mashnuq បញ្ជាក់ថា កងកម្លាំង​សន្តិសុខ​របស់​លី​បង់​បាន​ចាប់ខ្លួន​មនុស្ស​ចំនួន​៩​នាក់ ដែល​បាន​ចូលរួម​ក្នុងការ​បំផ្ទុះ​គ្រាប់បែក​ចំនួន​ពីរ​គ្រាប់​កាលពី​សប្ដាហ៍​មុន ដោយបាន​សម្លាប់​មនុស្ស​យ៉ាងតិច​៤៤​នាក់​និង​រាប់សិប​នាក់​ផ្សេងទៀត​រងរបួស​។ 
 
​ក្នុង​សន្និសីទ​សារព័ត៌មាន​តាមរយៈ​ទូរទស្សន៍​កាលពី​ថ្ងៃអាទិត្យ លោក Mashnuq និយាយថា​៖« មកទល់ពេលនេះ យើង​បាន​ចាប់ខ្លួន​ជនជាតិ​ស៊ី​រី​៧​នាក់​និង​ជន​លី​បង់​២​នាក់​។ ក្នុងចំណោម​ជនជាតិ​លី​បង់​ទាំងពីរ មាន​ម្នាក់​ជា​អ្នក​បំផ្ទុះ​គ្រាប់បែក​និង​ម្នាក់ទៀត​ជា​អ្នករត់ពន្ធ​មនុស្ស​ខុសច្បាប់​ចូលមក​ពី​ប្រទេស​ស៊ី​រី​ជិតខាង​»​។ លោក​បន្តទៀតថា អ្នក​នៅ​ពីក្រោយ​ការដាក់​គ្រាប់បែក​និង​បណ្ដាញ​របស់គេ ត្រូវបាន​ចាប់ខ្លួន​ក្នុង​រយៈពេល​៤៨​ម៉ោង​ក្រោយ​ការផ្ទុះ​។​
 
​តាមរយៈ​សន្និសីទ​សារព័ត៌មាន​ដដែល​លោក Mashnuq បន្ថែមទៀតថា ជនជាតិ​ស៊ី​រី​ទាំង​៧​នាក់​ខ្លះ​ត្រូវបាន​ចាប់ខ្លួន​ក្នុង​ជំរំ​ជនភៀសខ្លួន​ប៉ា​លេ​ស្ទី​ន Burj al-Barajneh និង​ខ្លះទៀត​នៅឯ​ទីតាំង​មួយកន្លែង​ក្នុង​សង្កាត់ Ashrafieh ដែល​ទីតាំង​នោះ​ត្រូវបាន​ប្រើ​សម្រាប់​រៀបចំ​គ្រាប់បែក​។ លើសពីនេះទៅទៀត លោក​ក៏បាន​បញ្ចេញ​គម្រោងការ​របស់​ពួកគេ​ផងដែរ​។ បើតាម​គម្រោង ក្រុម​ភេរ​វករ​ចំនួន​៥​នាក់ ប៉ង​ទៅ​បំផ្ទុះ​គ្រាប់បែក​ក្នុង​មន្ទីរពេទ្យ​មួយកន្លែង តែដោយសារ​មានការ​យាមកាម​តឹងរឹង ក៏​ប្ដូរ​ទៅកាន់​តំបន់​មាន​មនុស្ស​ទីប្រជុំជន​វិញ​។​
 
​គួរ​បញ្ជាក់ដែរថា កាលពី​សប្ដាហ៍​មុន មនុស្ស​យ៉ាងតិច​៤៤​នាក់ បាន​ស្លាប់ និង​ប្រហែល​២៤០​នាក់​ផ្សេងទៀត​បាន​រងរបួស​ក្នុង​ហេតុការណ៍​ផ្ទុះ​គ្រាប់បែក​ចំនួន​ពីរ​គ្រាប់​ក្នុង​សង្កាត់ Burj al-Barajneh របស់​ទីក្រុង​បៃ​រ៉ូ​ត​ប្រទេស​លី​បង់​។​គ្រាប់បែក​បាន​ផ្ទុះ​នៅលើ​ផ្លូវ​មួយ​ដែល​សម្បូរ​ដោយ​អ្នកលក់ដូរ​ជាច្រើន​៕
 
 
 
 

Tag:
 លី​បង់​
© រក្សាសិទ្ធិដោយ thmeythmey.com