អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
មុន​កិច្ចប្រជុំ​អាស៊ាន​ម៉ាឡេស៊ី​ចាប់​មនុស្ស​៥​នាក់​ពាក់ព័ន្ធ​ភេរវកម្ម​
17, Nov 2015 , 3:27 pm        
រូបភាព
 
​អាជ្ញាធរ​ម៉ាឡេស៊ី​បាន​ចាប់ខ្លួន​មនុស្ស​ចំនួន​៥​នាក់ ដែល​សង្ស័យ​ជាប់​ពាក់ព័ន្ធ​អំពើ​ភេរវកម្ម​។ ការចាប់ខ្លួន​នេះ​ធ្វើឡើង​តែ​ប៉ុន្មាន​ថ្ងៃមុន​ការបើក​កិច្ចប្រជុំ​កំពូល​អាស៊ាន លើក​ទី​២៧  និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ​ដទៃទៀត ដែល​ចូលរួម​ដោយ​មេដឹកនាំ​តំបន់​និង​ពិភពលោក​សំខាន់ៗ រួមទាំង​ប្រធានាធិបតី​អាមេរិក លោក បា​រ៉ា​ក់ អូ​បា​ម៉ា ផងដែរ​។


លោក មុំ ពិទូរ្យ លម្អិត​ព័ត៌មាន​នេះ​


 
​មនុស្ស​ចំនួន​៥​នាក់ មាន​ជនជាតិ​ម៉ាឡេស៊ី ៤​នាក់​និង​ឥណ្ឌូនេស៊ី​ម្នាក់ ត្រូវបាន​ចាប់ខ្លួន​ដោយ​ប៉ូលិស​ម៉ាឡេស៊ី នៅ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​មុន​កិច្ចប្រជុំ​អាស៊ាន ដែល​ធ្វើឡើង​នៅ​ទីក្រុង​កូ​ឡា​ឡាំ​ពួរ​។
ពួកគេ​ទាំង​៥​នាក់​ដែលមាន​អាយុ​ចាប់ពី​២២  ដល់​៤០​ឆ្នាំ ត្រូវ​សង្ស័យថា​មាន​ទំនាក់​ទំនងជា​មួយក្រុម​ជ្រុលនិយម​រដ្ឋ​ឥស្លាម​និង​ក្រុម​ជ្រុលនិយម​ក្នុង​តំបន់​មួយទៀត​គឺ​ក្រុម Iman Mah-di​។  
 
​ការចាប់ខ្លួន​ជនសង្ស័យ​ទាំង​៥​នាក់​នេះ ត្រូវគេ​មើលឃើញថា ជាការ​ប្រឹងប្រែង​ពង្រឹង​សន្តិសុខ​ដោយ​រដ្ឋាភិបាល​ម៉ា​លេ​ស៊ី​នៅមុន​ការមកដល់​របស់​កិច្ចប្រជុំ​កំពូល​អាស៊ាន ដែល​ចូលរួម​ដោយ​មេដឹកនាំ​ប្រទេស​ជាច្រើន​។ ក្នុងនោះ​មាន ប្រធានាធិបតី​អាមេរិក បា​រ៉ា​ក់ អូ​បា​ម៉ា ប្រមុខ​រដ្ឋាភិបាល​ចិន នាយករដ្ឋមន្ត្រី​ជប៉ុន ប្រធានាធិបតី​កូរ៉េខាងត្បូង ព្រមទាំង​មេដឹកនាំ​បណ្ដា​ប្រទេស​អាស៊ាន​ផ្សេងទៀត​ផងដែរ​។ 
 
​លើសពីនេះទៅទៀត ការវាយប្រហារ​នៅ​ទីក្រុង​ប៉ារីស​កាលពី​សប្ដាហ៍​មុន បាន​ក្លាយជា​មេរៀន​ដ៏​សំខាន់​សម្រាប់​ម៉ា​លេ​ស៊ី​ដើម្បី​ចាត់​វិធានការណ៍​ចាំបាច់​ដើម្បី​ពង្រឹង​សន្តិសុខ​នៅក្នុង​កិច្ចប្រជុំ​ប្រចាំឆ្នាំ​ដ៏​ធំ​នេះ​។ អាជ្ញាធរ​ម៉ាឡេស៊ី​បាន​ពង្រាយ​កងកម្លាំង​សន្តិសុខ​របស់ខ្លួន​ជាច្រើន​នាក់​នៅ​ទីក្រុង​កូ​ឡា​ឡាំ​ពួរ ជាពិសេស​នៅ​ទីតាំង​កិច្ចប្រជុំ ដោយមាន​ការត្រួតពិនិត្យ​យ៉ាង​តឹងរ៉ឹង​នៅតាម​ច្រកចូល​នានា​។ 
 
​ជាមួយគ្នានេះ ម៉ាឡេស៊ី​ក៏បាន​ពង្រាយ​ប៉ូលិស​ប្រឆាំង​ភេ​វរ​កម្ម​និង​ក្រុម​ចារកម្ម​ពិសេស ដើម្បី​តាមដាន​រាល់​ទំនាក់ទំនង​លើ​ប្រព័ន្ធ​អន​ឡាញ​របស់​ក្រុម​ភេរវជន​ផ​ឋ​ដែរ​។ ហើយ​ថ្មីៗ​នេះ ក្រុម​ជ្រុលនិយម​រដ្ឋ​ឥស្លាម កំពុងតែ​ផ្ដោតលើ​មេដឹកនាំ​របស់​ម៉ាឡេស៊ី​ថែមទៀត​ផង​៕
 
 
 
 
 

Tag:
 ភេរវកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com