អន្តរជាតិ
ហូ​ឡង់​នឹង​បង្កើត​ឧទ្យាន​រំឭក​ដល់​ជនរងគ្រោះ​ក្នុង​គ្រោះថ្នាក់​ធ្លាក់​យន្តហោះ​MH17
28, Nov 2015 , 7:39 am        
រូបភាព
ដោយ:
​ហូ​ឡង់​នឹង​បង្កើត​សួនឧទ្យាន​មួយ​នៅក្បែរ​ព្រលានយន្តហោះ​អាំ​ស្ទែរ​ដាំ​សម្រាប់​ជាការ​រំឭក​ដល់​ជនរងគ្រោះ​ក្នុង​ហេតុ​ការ​ណ៏​ធ្លាក់​យន្តហោះ​របស់​ក្រុមហ៊ុន​ហោះហើរ​ម៉ា​លេ​ស៊ី​អ៊ែរ​ឡាញ​ជើង MH17 កាលពី​ខែកក្កដា ឆ្នាំ​២០១៤​។ នេះ​បើ​យោងតាម​ការ​រាយ​ការ​ណ៏​របស់​សារព័ត៌មាន​របស់​ហូ​ឡង់​។​

 
​មូលនិធិ MH17 ដែល​បាន​បង្កើត​ក្រោយ​ការធ្លាក់​យន្តហោះ MH17 បាន​ឲ្យ​ដឹងថា សួនឧទ្យាន​មួយ​នឹងត្រូវ​លេច​ជា​រូ​ចរាង ហើយ​ដើមឈើ​២៩៨​ដើម​នឹងត្រូវ​ដាំ​នៅ​ទីនោះ ដែល​ដើមឈើ​នីមួយៗ​គឺ​តំណាង​ឲ្យ​ជនរងគ្រោះ​ម្នាក់ៗ​ក្នុង​ហេតុ​ការ​ណ៏​ធ្លាក់​យន្តហោះ​នោះ​។​
​មូលនិធិ​ដដែល​បន្តថា ក្រុមគ្រួសារ​នៃ​ជនរងគ្រោះ​បានសម្រេច​ចិត្ត​ជ្រើសរើស​ឧទ្យាន Vijhuizen ជាទី​តាំង​ដាំ​ដើមឈើ​ទាំង​២៩៨​ដើម​។​
 
​ម្យ៉ាងទៀត បើ​យោងតាម​មូលនិធិ​MH17 ដំបូង​មាន​គម្រោង​ចំនួន​បី​សម្រាប់​ជាការ​រំឭក​ដល់​ជនរងគ្រោះ​ដែល​បាត់​បង់ជីវិត​ក្នុងការ​ធ្លាក់​យន្តហោះ​នៅ​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន ដែល​ភាគច្រើន​ជា​ជនជាតិ​ហូ​ឡង់​។ ក្រោយមក គម្រោង​សួនឧទ្យាន​ក៏ត្រូវ​បានជ្រើសរើស ពីព្រោះ​វា​មាន​ទីតាំង​នៅក្បែរ​ព្រលានយន្តហោះ​ដែលជា​កន្លែង​ចាកចេញ​ចុងក្រោយ​របស់​យន្តហោះ​។​
 
​ទាក់ទិន​នឹង​មូលហេតុ​នៃ​ការធ្លាក់​នេះ ក្រុម​អ្នកស៊ើប​អង្កេត​ដែល​ដឹកនាំ​ហូ​ឡង់​បាន​បញ្ជាក់ថា យន្តហោះ​ដឹក​អ្នកដំណើរ​ជើង​នេះ​ត្រូវបាន​បាញ់​ទម្លាក់​ដោយ​មី​ស៊ី​ល​ផលិត​ដោយ​រុស្សី​ប្រភេទ BUK ដែល​បាន​បាញ់​ចេញពី​តំបន់​ពួក​ឧទ្ទាម​នៅ​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន​។ អ្នកដំណើរ​ទាំងអស់​បាន​ស្លាប់ នៅពេលដែល​យន្តហោះ​នៅលើ​មេឃ​ក្នុង​ដំណើរ​ពី​អាំ​ស្ទែ​ដាំ​ទៅកាន់​កូ​ឡា​ឡាំ​ពួរ​។​
 
​ជាមួយគ្នានេះដែរ ក្រោយ​ជំនួប​ជាមួយ​នាយករដ្ឋមន្ត្រី​ហូ​ឡង់ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក​Petro Poroshenko ដែល​កំពុងតែ​ទស្សនកិច្ច​នៅ​ហូ​ឡង់ បាន​អរគុណ​ដល់​ចំពោះ​ការស៊ើបអង្កេត​នេះ និង​បាន​និយាយថា យើង​សង្ឃឹមថា ភស្តុតាង​នឹង​ពី​អ្នក​នៅ​ពីក្រោយ​រឿងនេះ​។  ឯ​លោកនាយក​រដ្ឋមន្ត្រី Mark Rutte ក៏បាន​ប្រកាស​ដែរ​ថា យើង​ធ្វើការ​ទាំងយប់​ទាំង​ថ្ងៃ​ដើម្បី​ស្វែងរក​ឃាតករ​។​
 

Tag:
 ហូ​ឡង់
© រក្សាសិទ្ធិដោយ thmeythmey.com