ជាតិ
បទវិភាគ
ជនអន្តោប្រវេសន៍​វៀតណាម និង ប្រជាប្រិយភាព​របស់​ប​ក្ស​កាន់អំណាច​
26, Dec 2015 , 7:59 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ បើ​យោងតាម​ប្រវត្តិសាស្ត្រ ជនអន្តោប្រវេសន៍​វៀតណាម មាន​វត្តមាន​យូរណាស់​មកហើយ​នៅលើ​ទឹកដី​កម្ពុជា​។ ចំពោះ​បរិមាណ​វិញ វា​ប្រែប្រួល​ពី​រយៈពេល​មួយ​ទៅ​រយៈពេល​មួយ​។ រហូតមកដល់​បច្ចុប្បន្ន​នេះ តួលេខ​ស្ដីពី​ជនអន្តោប្រវេសន៍​វៀតណាម​នៅ​កម្ពុជា មិនទាន់មាន​ការឯកភាព​គ្នា​នៅឡើយ​ទេ ដោយសារតែ​ការគ្រប់គ្រង​ជនអន្តោប្រវេសន៍​មិនទាន់​បានល្អ គ្មាន​ជំរឿន​បែប​ប្រជាសាស្ត្រ​ត្រឹមត្រូវ និង មិនទាន់មាន​ការស្រាវជ្រាវ​ឱ្យបាន​ច្បាស់លាស់​។ លើសពីនេះ​ទៀត មានមតិ​ខ្លះ លើកឡើងថា  អាចមាន​ការលាក់លៀម​មិន​ចង់បង្ហាញ​តួលេខ​ពិត​ពី​រដ្ឋាភិបាល​។ ហេតុនេះហើយ បាន​ជាមាន​តួលេខ​ខុសៗ​គ្នា​ស្ដីអំពី​អន្តោប្រវេសន៍​វៀតណាម​នេះ​។ ប្រភពពី​រដ្ឋ​ភិ​បាល​ថា ជនអន្តោប្រវេសន៍​វៀតណាម​នៅ​កម្ពុជា មាន​ចំនួន​ជាង​ដប់​ម៉ឺន​នាក់ ប្រភព​ផ្សេង​ទៀតថា​មាន​រាប់សែន​នាក់ ឯ​បក្សប្រឆាំង​វិញ ថា​មាន​រហូតដល់​រាប់លាន​នាក់​។



​តាមពិតទៅ នៅ​កម្ពុជា ក្រៅពី​ជនអន្តោប្រវេសន៍​វៀតណាម ក៏មាន​ជនអន្តោប្រវេសន៍​ផ្សេងៗ​ទៀត​ដែរ ដូចជា ជនអន្តោប្រវេសន៍​ចិន ជនអន្តោប្រវេសន៍​អាហ្វ្រិក ជនអន្តោប្រវេសន៍​អឺរ៉ុប ជនអន្តោប្រវេសន៍​ឥណ្ឌា​។​ល​។ រីឯ​ជនជាតិខ្មែរ​វិញ ពួកគេ​មួយចំនួន​ក៏​ទៅ​រស់​នៅឯ​បរទេស​ដែរ​។ ប្រទេស​មួយចំនួនធំ​នៅលើ​ពិភពលោក​ក៏​ទទួលយក​ជនអន្តោប្រវេសន៍​បរទេស​ដូច​កម្ពុជា​ដែរ​។

​ការ​លើកយក​ជនអន្តោប្រវេសន៍​វៀតណាម មក​ដាក់​ក្នុង​ចំណងជើង​អត្ថបទ​នេះ មិនមែន​មានបំណង​ចង់​រើសអើង​ជាតិ​សាសន៍​នោះទេ ប៉ុន្តែ គ្រាន់តែ​ចង់បង្ហាញ​ថា ជនអន្តោប្រវេសន៍​វៀតណាម តែងតែ​ត្រូវបាន​អ្នកនយោបាយ​ខ្មែរ​មួយចំនួន​ក្នុង​របប​មុនៗ​និង ជាពិសេស ក្នុងសម័យ​បច្ចុប្បន្ន យកមក​ធ្វើជា​កម្មវត្ថុ​យ៉ាងសំខាន់​ក្នុងការ​ទាញយក​ប្រជាប្រិយភាព​ក្នុងការ​ប្រកួតប្រជែងរ​ក​សំឡេងគាំទ្រ​ពេល​បោះឆ្នោត​ម្ដងៗ​មិនដែល​លោះ​ឡើយ​។

​ជាធម្មតា នៅ​ប្រទេស​ណា​ក៏មាន​ជនអន្តោប្រវេសន៍​ដែរ ដូចជា សហរដ្ឋអាមេរិក បារាំង កាណាដា អូស្ត្រាលី ម៉ាឡេស៊ី ជាដើម សុទ្ធសឹងតែ​ជា​ប្រទេស​ដែលមាន​ជនអន្តោប្រវេសន៍​ច្រើនជាងគេ​នៅលើ​ពិភពលោក​។ យោងតាម​គោលការណ៍​របស់​ការិយាល័យ​ឧ​ត្ត​ម​ស្នងការ​ជាន់ខ្ពស់​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​ជនភៀសខ្លួន គ្មាន​ប្រទេស​ណាមួយ​អាច​រារាំង​ជនភៀសខ្លួន ឬ ជន​ជនអន្តោប្រវេសន៍​បានទេ ប្រសិនបើ​ពួកគេ​ស្ថិតក្នុង​លក្ខខណ្ឌ​ជា​ជនភៀសខ្លួន​ដែល​បាន​កំណត់ដោយ​ធម្មនុញ្ញ​របស់​អង្គការ​សហ​ប្រជា​តិ និង ស្របតាម​ច្បាប់​កំណត់​របស់​ប្រទេស​សាមី​។ ហេតុនេះ កម្ពុជា​ដែលជា​ប្រទេស​សមាជិក​មួយ​នៃ​អង្គការសហប្រជាជាតិ ក៏​មិនអាច​រារាំង​ជនអន្តោប្រវេសន៍​ដែល​ប៉ុនប៉ង​ចូលមក​កម្ពុជា​ដោយ​ស្របច្បាប់​បានដែរ​។ ដូច្នេះហើយ បានជា​កម្ពុជា​ដែលជា​ប្រទេស​ដ៏​តូច​មួយ​ក៏មាន​ជនអន្តោប្រវេសន៍​រស់នៅ​ផងដែរ​។  

​បញ្ហា​ជនអន្តោប្រវេសន៍​វៀតណាម​នៅ​កម្ពុជា​នេះ ត្រូវបាន​គេ​យក​ធ្វើជា​ប្រធានបទ​មួយ​យ៉ាងសំខាន់​ក្នុងការ​ឃោសនា​រក​សំឡេងឆ្នោត​ក្នុងពេល​បោះឆ្នោត​ម្ដងៗ​។ បើទោះបីជា​មិនទាន់មាន​តួលេខ​ឯកភាពគ្នា​ក៏ដោយ ក៏​គេ​សង្កេតឃើញថា មាន​ជនអន្តោប្រវេសន៍​វៀតណាម​នៅ​ស្ទើរតែ​គ្រប់​ខេត្ត​ក្រុង​នៃ​ព្រះរាជ​ជាណា​ចក្រ​កម្ពុជា ជាពិសេស នៅ រាជធានី​ភ្នំពេញ​, ខេត្តកណ្ដាល​, ភូមិ​បណ្ដែត​ទឹក​ក្នុង​បឹង​ទន្លេសាប​ក្នុង​ខេត្តកំពង់ឆ្នាំង​និង​ខេត្តសៀមរាប​,  បណ្ដា​ខេត្ត​នានា​ដែលមាន​ការអភិវឌ្ឍ និង ខេត្ត​នានា​នៅជាប់​ព្រំដែន​កម្ពុជា​-​វៀតណាម​។ ក្នុង​គោលបំណង​ការពារ​ប្រជាជន​របស់ខ្លួន ក្រុម​ជនអន្តោប្រវេសន៍​វៀតណាម បាន​ចងក្រង​គ្នា​ជា​សមាគម​រហូតដល់​២៤​ខេត្ត ក្រុង រាជធានី​។​

​កន្លងមក បញ្ហា​ជនអន្តោប្រវេសន៍​វៀតណាម ត្រូវបាន​បក្សប្រឆាំង និង ក្រុម​ផ្សេងៗ​ទៀត យកមក​ធ្វើជា​កម្មវត្ថុ​សម្រាប់​វាយប្រហារ​បក្ស​កាន់អំណាច ដោយ​ចោទថា អ្នកដឹកនាំ​បច្ចុប្បន្ន​ជា​«​អាយ៉ងយួន​» និង បានផ្ដល់​ទឹកដី​ឱ្យ​ប្រជាពលរដ្ឋ​វៀតណាម​រស់នៅ ដោយសារតែ​ការដឹងគុណ​ចំពោះ​ការជួយ​រំដោះ​កម្ពុជា​ពី​របប​ខ្មែរក្រហម នៅ​ថ្ងៃទី​៧ ខែ មករា ឆ្នាំ ១៩៧៩​។ លើសពីនេះ​ទៀត ក៏​មានការ​លើកឡើងថា ការដែល​រដ្ឋាភិបាល​ប​ណ្ដោ​យ​ឱ្យមាន​ជនអន្តោប្រវេសន៍​វៀតណាម​រស់នៅ​ច្រើន​លើ​ទឹកដី​កម្ពុជា ដោយសារតែ ជនអន្តោប្រវេសន៍​វៀតណាម​ទាំងនេះ អាចជួយ​បោះឆ្នោតឱ្យ​បក្ស​កាន់អំណាច​។ មតិ​ទាំងអស់នេះ មិនមែន​បានមកពី​ការស្រាវជ្រាវ​វិទ្យាសាស្ត្រ​ទេ វា​គឺជា​អ្វីដែល​សារព័ត៌មាន​នានា​និង មហាជន​បានលើកឡើង​តែប៉ុណ្ណោះ​។ ហើយ​មតិ​នេះ​ត្រូវបាន​ច្រានចោល​ជារឿយៗ​ដោយ​គណបក្សកាន់អំណាច​។

​ប្រសិនបើ បក្ស​កាន់អំណាច​គិតថា ជនអន្តោប្រវេសន៍​វៀតណាម​ទាំងនេះ ពិតជា​បាន​ជួយ​ឱ្យ​បក្ស​របស់ខ្លួន​ឱ្យ​ចំណេញ​សន្លឹកឆ្នោត ដូច​ការចោទប្រកាន់​មែន​នោះ ជំហរ​បែបនេះ ត្រូវបាន​គេ​ចាត់ទុកថា គឺជា​កំហុសឆ្គង​មួយ​យ៉ាង​ធំ​ចំពោះ​បក្ស​ប្រជាជន​កម្ពុជា​ខ្លួនឯង និង ចំពោះ​ជាតិ ដែល​មិនគួរ​ប្រកាន់យក​ទាល់តែ​សោះ​។ ជា​ការណ៍​ពិត ថ្វីបើ អន្តោប្រវេសន៍​វៀតណាម​ទាំងនោះ​អាចជួយ​បង្កើន​សន្លឹកឆ្នោត​មួយចំណែក​ណា​នោះ​ឱ្យ​បក្ស​កាន់អំណាច ប៉ុន្តែ ឥទ្ធិពល​នៃ​ការ​លើកឡើងថា មានការ​ឃុបឃិត​ពី​អាជ្ញាធរ អនុ​ញ្ញា​ត្ត​ឱ្យ​ជនអន្តោប្រវេសន៍​វៀតណាម រស់​នៅលើ​ទឹកដី​កម្ពុជា​ដោយ​មិន​ស្របច្បាប់​នោះ ពិតជា​បានធ្វើឱ្យ​ពលរដ្ឋ​ខ្មែរ​ភាគច្រើន មិន​សប្បាយចិត្ត ហើយ​បាន​ដក​សេចក្ដីទុកចិត្ត​និង​ការគាំទ្រ​ពី​បក្ស​កាន់អំណាច​ប្រាកដ​មែន​។

​លើសពីនេះ​ទៀត ការ​បណ្ដោយឱ្យ​ជនអន្តោប្រវេសន៍​វៀតណាម​និង​ជនអន្តោប្រវេសន៍​ដទៃទៀត​រស់នៅ​ខុសច្បាប់​លើ​ទឹកដី​កម្ពុជា​នេះ ពិតជា​បានរួម​ចំណែក​បង្កឱ្យមាន​ភាពស្មុគស្មាញ​ចំពោះ​សង្គម​ខ្មែរ​ប្រាកដ​មែន ដូចជា ការបង្ក​ឱ្យមាន​ការជួញដូ​រ​គ្រឿងញៀន កាត​ជំរិត​ទារប្រាក់ ការបោកប្រាស់ ការនេសាទ​ខុសច្បាប់ និង ការផលិត​ទំនិញ​ក្លែងក្លាយ ជាដើម​។ មិនតែប៉ុណ្ណោះ ការ​អនុ​ញ្ញា​ត្ត​ឱ្យ​ជនអន្តោប្រវេសន៍​វៀតណាម​រស់​ខុសច្បាប់​នៅតាម​ភូមិ ឃុំ​នានា​តាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​វៀតណាម ដូចជា នៅ​ឃុំ​បាក់​ណា​ម ព្រែក​ជ្រៃ ក្អម​សំណរ ជ្រៃ​ធំ ក្នុង​ខេត្តកណ្ដាល និង តំបន់​ផ្សេងៗ​ទៀត​តា​បន្ទាត់​ព្រំដែន ពិតជា​បានរួម​ចំណែក​ធ្វើឱ្យមាន​ភាពស្មុគស្មាញ​ក្នុង​ការកំណត់​ខ្សែបន្ទាត់​ព្រំដែន​នៃ​ប្រទេស​ទាំងពីរ ជាពិសេស ត្រង់ចំណុច​ដែល​មិនទាន់មាន​ការឯកភាព​គ្នា​រវាង​ភាគី​ទាំងពីរ កម្ពុជា​-​វៀតណាម ហើយ​វា ក៏បង្ក​លក្ខខណ្ឌ​ងាយស្រួល​ដល់​ការជួញដូរ​ឆ្លងដែន​ខុសច្បាប់​ដែរ​។ ដូច្នេះ ជនអន្តោប្រវេសន៍​ទាំងអស់​ដែល​កំពុងមាន​វត្តមាន​នៅ​កម្ពុជា គួរ​ត្រូវបាន​ត្រួតពិនិត្យ​និង​គ្រប់គ្រង​ឱ្យបាន​ហ្មត់ចត់​និង​ត្រឹមត្រូវ ដើម្បី​កាត់បន្ថយ​ភាពអនាធិបតេយ្យ ពង្រឹង​ច្បាប់​អន្តោប្រវេសន៍ និង កាត់បន្ថយ​ហានិភ័យ​ផ្សេងៗ​ដែល​បង្កឡើង​ដោយ​ក្រុម​ជន​ទាំងនោះ​។ ប្រសិនបើ​បក្ស​កាន់អំណាច មិនបាន​ដោះស្រាយ​បញ្ហា​ជនអន្តោប្រវេសន៍ ជាពិសេស ជនអន្តោប្រវេសន៍​វៀតណាម ឱ្យបាន​ទាន់ពេលវេលា​ទេ និង ស្រប​ពេលដែល​បញ្ហា​នានា​ធ្លាប់មាន​កន្លងមក ដូចជា តុលា​ការមិន​ឯករាជ្យ និ​ទណ្ឌ​ភាព អំពើពុករលួយ ជាដើម ក៏​នៅតែ​មិនទាន់បាន​ដោះស្រាយ​ផង​នោះ នាំឱ្យ​ប្រជាប្រិយភាព​របស់​បក្ស​កាន់អំណាច​អាច​នៅ​បន្ត​ធ្លាក់ចុះ​។

​សរុបសេចក្តី​មក ប្រជាប្រិយភាព​គណបក្ស​កាន់អំណាច​អាច​ប្រែប្រួល​ទៅតាម​ចំណាត់ការ​មាន​ប្រសិទ្ធិភាព ឬ​គ្មាន​ទាក់ទង​ទៅនឹង​សំណុំរឿង​ជនអន្តោប្រវេសន៍ ជាពិសេស ជនអន្តោប្រវេសន៍​វៀតណាម​ខុសច្បាប់​៕
   

© រក្សាសិទ្ធិដោយ thmeythmey.com