ពីនេះ ពីនោះ
សម្បូរ​ប​ញ្ញ​តិ​ល្អៗ តែ​កម្រ​មាន​អ្នក​អាច​អនុវត្តបាន​ត្រឹមត្រូវ​នៅក្នុង​សង្គម​!
05, Jan 2016 , 7:59 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ការនិយាយ​ប្រចាំថ្ងៃ ការបញ្ចេញ​គំនិត​នៅក្នុង​វេទិការ​នានា សុន្ទរកថា​គ្រប់​ប្រភេទ អត្ថបទ​សរសេរ អត្ថបទ​វិភាគ ការសរសេរ​នៅតាម​សៀវភៅ​នានា ការសរសេរ​នៅតាម​បណ្ដាញ​សង្គម​គ្រប់​ប្រភេទ គេ​តែងតែ​ឮ ឃើញ​ពាក្យពេចន៍​ល្អៗ​ជាច្រើន ហើយ​ពោរពេញ​ទៅដោយ​អត្ថន័យ​ដែល​ស្ដាប់ទៅ​ពិតជា​មានតម្លៃ​។ ប៉ុន្តែ​នៅ​ពេ​លេស​ង្គេ​តទៅ​លើ​សកម្មភាព​រស់នៅ និង​ការគិត​របស់​មនុស្ស​នៅក្នុង​សង្គម​បែរ​ជាប​ញ្ញ​ត្តិ​ទាំងនោះ​មិនអាច​កំណត់​អត្តសញ្ញាណ​ល្អ​ណាមួយ​បាន​។​



​គេ​តែងតែ​ឃើញ​បុគ្គល​គ្រប់រូប​តែងតែ​ប្រើប្រាស់​ពាក្យពេចន៍​ល្អៗ ហើយ​សុទ្ធតែ​កំពូល​ពាក្យ​ដែលមាន​អត្ថន័យ​ខ្ពង់ខ្ពស់ ពេល​ស្ដាប់ទៅ​អ្នកណា​អ្នកណា​ក៏​ពេញចិត្ត​។ ពាក្យ​ទាំងនោះ​រួមមាន​ដូចជា យុត្តិធម៌ សច្ចធម៌ តម្លៃ គុណ​តម្លៃ សុចរិត​ភាព សុចរិតធម៌ មនុស្សធម៌ សប្បុរសធម៌ គុណធម៌ ឯករាជ អព្យាក្រឹត សមភាព សមធម៌ គណនេយ្យភាព ទំនួល​ខុសត្រូវ សតិសម្បជញ្ញៈ ឧត្ដមគតិ ជាដើម​។ ប៉ុន្តែ​ភាសា​និយាយ និង​ភាសាសរសេរ​ពិត​ជាមាន​ភាពងាយស្រួល​ណាស់​នៅក្នុង​ការសរសេរ និង​និយាយ​ទៅកាន់​មនុស្ស​ទូទៅ​ដើម្បី​ទូន្មាន អប់រំ តែ​មនុស្ស​គ្រប់រូប​មិន​សង្វាត​ក្នុងការ​ប្រតិបត្តិ​ជាក់ស្ដែង​។

​អាច​និយាយបានថា មនុស្ស​បច្ចុប្បន្ន​ចូលចិត្ត​និយាយ ជាជាង​ការប្រតិបត្តិ​។ គេ​ចូលចិត្ត​សរសេរ តែ​មិន​ចូលចិត្ត​អនុវត្ត ដោយ​ខ្លួនឯង​។ ចូលចិត្ត​រិះគន់ តែ​មិន​ចូលចិត្ត​កែប្រែ​ចាប់ពី​ខ្លួនឯង​។ ចូលចិត្ត​ផ្ដល់​ដំបូន្មាន តែ​មិន​ចូលចិត្ត​ទទួលយក​ការផ្ដល់​យោបល់​។ ចូលចិត្ត​ស្ដី​ឲ្យ​គេ តែ​មិន​ចូលចិត្ត​ទទួលយក​ពាក្យពិត​។ ចូលចិត្ត​ប្រើពាក្យ​ល្អ ពាក្យ​មានតម្លៃ​ទៅ​កែប្រែ​គេ អប់រំ​គេ  ទៅ​ផ្លាស់ប្ដូរ​គេ តែ​មិន​ព្រមយក​ពាក្យ​ល្អៗ​ទាំង​នោះមក​កែប្រែ​ខ្លួនឯង ផ្លាស់ប្ដូរ​ខ្លួនឯង​ឲ្យ​ក្លាយជា​មនុស្ស​ល្អ​ត្រឹមត្រូវ​ជាមុន​នោះទេ​។​

​បើ​បុគ្គល​គ្រប់រូប​មិន​ព្រម​សម្លឹង​មក​ខ្លួនឯង​ជាមុន​ទេ ទោះបី​អ្នកប្រាជ្ញ​អក្សរសាស្ត្រ ព្យាយាម​បង្កើត​បញ្ញត្តិ​ល្អៗ មាន​អត្ថន័យ​កម្រិតណា ក៏​មិន​អាចធ្វើ​ឲ្យ​មនុស្ស​ក្នុងសង្គម​ក្លាយជា​មនុស្ស​ល្អ​ដែរ​។ បើ​ម្នាក់ៗ​គ្រាន់តែ​អាន និយាយ សរសេរ ពាក្យ​ល្អ​ទាំងនោះ ហើយ​មិន​ព្រម​អនុវត្តតាម ទោះ​និយាយ​មួយ​១០០​ដង ១០០០​ដង ១០០០០​ដង ក៏​គ្មាន​ន័យ​អ្វី​នោះដែរ​៕


© រក្សាសិទ្ធិដោយ thmeythmey.com