ជាតិ
កម្មករនិយោជិត​នឹងមាន​ប្រាក់​ចូលនិវត្តន៍​នៅ​ឆ្នាំ ២០១៧
06, Jan 2016 , 1:19 pm        
រូបភាព
ដោយ:
​រដ្ឋាភិបាល នឹងដាក់​ឲ្យ​មាន​ប្រាក់​ចូល​និវត្ត​ដល់​កម្មករនិយោជិត​នៅ​ឆ្នាំ ២០១៧ ខាងមុខ​។ នេះ​បើតាម​ការអះអាង​របស់​អ្នកនាំពាក្យ​ក្រសួង​ការងារ លោក ហេង សួ​។​



​លោក ហេង សួ បានប្រាប់​សារព័ត៌មាន​ថ្មីៗ​នៅមុននេះ​បន្តិច​ថា កម្មករនិយោជិត ដែល​អាច​ទទួល​ប្រាក់​ចូលនិវត្តន៍​បាន ត្រូវមាន​អតីតភាព​ការងារ​យ៉ាងតិច ១៨ ឆ្នាំ ហើយ​បាន​បង់ប្រាក់​សមាជិកភាព​ជាមួយ​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​(​ប​សស​)​ចំនួន​១៨​ឆ្នាំ​។ តែ​យ៉ាងណា​អ្នកនាំពាក្យ​ក្រសួង​ការងារ​រូបនេះ នៅ​មិនទាន់​អាច​បញ្ជាក់​ឲ្យ​ច្បាស់​ថា កម្មករនិយោជិត​ត្រូវ​បង់ប្រាក់​ចូល ប​បស ចំនួន​ប៉ុន្មាន​ភាគរយ​ក្នុង​មួយខែ​នោះឡើយ​។ « នៅ​ឆ្នាំ ២០១៧ យើង​នៅសល់​ពេល ១ ឆ្នាំ​ទៀត ដើម្បី​ពិចារណា​ថា គួរ​ឲ្យ​កម្មករនិយោជិត​បង់​ចូល ប​បស ប៉ុន្មាន និង​ការងារ​មួយចំនួនទៀត​ដែល​យើង​ត្រូវធ្វើ​ជុំវិញ​ប្រាក់​ចូលនិវត្តន៍​នេះ​។ យើង​នឹងធ្វើ​ឲ្យ​បាន​នៅមុន​ដំណាច់ឆ្នាំ ២០១៧»​។ លោក ហេង សួ បន្ថែម​ដូច្នេះហើយ ក៏​ថ្លែង​ទៀតថា គម្រោង​ផ្តល់ប្រាក់​ចូលនិវត្តន៍​ដល់​កម្មករនិយោជិត​នៅ​ឆ្នាំ ២០១៧ នេះ ជា​ផែនការ​របស់​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម និង​ស្មារតី​កិច្ចប្រជុំ​ជាមួយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។

​បើតាម​លោក ហេង សួ ផែនការ​ថ្មី​របស់​រដ្ឋាភិបាល​នេះ នឹងធ្វើ​ឲ្យ​កម្មករនិយោជិត មាន​លំនឹង​ជីវិត ហើយ​កាត់បន្ថយ​ការបារម្ភ​ពេល​ខ្លួន​ឈប់​ធ្វើ​ការងារ​គ្មាន​លុយ​ចិញ្ចឹមជីវិត​។ លោក ពន្យល់​បែបនេះ​ថា​៖ « កុំ​ឲ្យ​ពួកគាត់​គិតថា ពេល​ខ្លួន​មាន​កម្លាំង​ទើបបាន​ធ្វើការ​ចិញ្ចឹមជីវិត តែ​ដល់ពេល​ចាស់​ទៅ​អត់​មាន​កម្លាំង ឈប់​ធ្វើការ​អត់​មាន​លុយ​។ ដូច្នេះ​បងប្អូន​មិនបាច់​ព្រួយ​ខ្លាច​ពេល​ចាស់​អត់​មាន​ប្រាក់ខែ​ទៀត​ទេ​»​។ ជាងនេះទៅទៀត​លោក ហេង សួ ក៏​លើកឡើង​ដែរ​ថា ផែនការ​នេះ ក៏​អាចធ្វើ​ឲ្យ​កម្មករនិយោជិត​លែង​ចាញ់បោក​ការឃោសនា​នយោបាយ​ផងដែរ​។​«​បក្សនយោបាយ​សន្យា​ឲ្យ​ប្រាក់​ពេល​ចាស់ តែ​កម្មករ​មាន​ប្រាក់​ចូលនិវត្តន៍​ខ្លួនឯង ដោយសារ​គាត់​សន្សំ គឺ​បង់​ចូល​បប​ស​នេះឯង ពួកគាត់​ឈប់​ចាញ់បោក​នយោបាយ​»​។​

​ពាក់ព័ន្ធ​នឹង​សេវា​សុខភាព​របស់​កម្មករ​និយោជិត​វិញ រដ្ឋាភិបាល​ក៏​ចេញ​អនុក្រឹត្យ​ឲ្យ​កម្មករនិយោជិត​ចំណាយ​ថវិកា​បង់​វិភាគទាន​តែ ១ ភាគរយ​នៃ​ប្រាក់ខែ​ចូល​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម នឹង​ទទួលបាន​សេវា​ថែរក្សា​សុខភាព​ដោយ​អត់​គិតថ្លៃ​។ បើតាម​លោក ហេង សួ កន្លងមក ដើម្បី​ទទួលបាន​សេវា​សុខភាព កម្មករនិយោជិត​ត្រូវ​ចំណាយ​ពី ១៥-២០ ភាគរយ​នៃ​ប្រាក់ខែ ទើប​អាច​ទទួលបាន​សេវា​សុខភាព​៕


Tag:
 កម្មករ​
 ​ ហេង សួ​
© រក្សាសិទ្ធិដោយ thmeythmey.com