ពីនេះ ពីនោះ
ប្រយ័ត្ន​៤​យ៉ាង​ដើម្បី​កសាង​ជីវិត​ប្រកបដោយ​សេចក្ដីថ្លៃថ្នូរ និង​ជោគជ័យ​!
07, Jan 2016 , 7:59 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ជីវិត​ថ្លៃថ្នូរ អ្នកណា​ថា​មិន​ចង់បាន កិច្ចការ​ជោគជ័យ​អ្នក​ថា​មិន​ត្រូវការ កសាង​ទង្វើ​ជា​សម្បុរ​ស​គ្មាន​អ្នកណា​ដែល​មិន​ចង់​ធ្វើ​ឲ្យ​តែមាន​លទ្ធភាព​អាចធ្វើ​បាន​។ ប៉ុន្តែ​ក្នុងការ​ទទួលបាន របស់​ទាំងនេះ ធ្វើ​កិច្ចការ​ទាំងនេះ ចាំបាច​ត្រូវតែមាន​ការប្រុងប្រយ័ត្ន​ជានិច្ច​។



១/. កុំ​ប្រើ​មនុស្ស​កាច​រម៉ាំងរម៉ោក​៖ មនុស្ស​កាច គឺជា​ន​មនុស្ស​ដែលមាន​សន្ដាន​ចិត្ត ប្រក្រតី ជា​មនុស្ស​ច្រឡើសបើស មិន​ងាយ​ស្ដាប់បង្គាប់​នរណា​ទេ​។ បើសិនជា​យើង​ប្រើ មនុស្ស​ប្រភេទ​នេះ ឲ្យ​ធ្វើការ​អ្វីមួយ​នោះ ប្រាកដ​ណាស់​លទ្ធផល នឹងមិន​បាន​ដូច​អ្វីដែល​យើង​បាន​នោះទេ​។ ព្រោះថា​មនុស្ស​ប្រភេទ​នេះ ធ្វើ​ការងារ​អ្វីៗ​ដោយ​ខ្វះ​ភាព​អំណត់ និង​ធ្វើការ​ដោយ​ខ្ជះខ្ជាយ​។ ហេតុដូច្នេះ​ហើយ​ទើប គេ​ប្រុងប្រយ័ត្ន ក្នុង​ការប្រើ​មនុស្ស​ណាស់ ដើម្បី​ចៀសវាង​កុំ​ឲ្យ​ខូចការ​របស់គេ​។​

២/. ការងារ​ណា​ពិបាក​ត្រូវធ្វើ​ឲ្យ​រួច​៖ មនុស្ស​ដែល​ចេះ​ធ្វើ​ការងារ​ពិតប្រាកដ គឺ​មិន​ឡេះឡោះ មាន​ភាព​ឆ្លាត​វៃ ចេះ​លៃលក រក​កលឧបាយ ស្រាយ​បញ្ហា​ដោយ​បញ្ញា ទោះបី​ការងារ​នោះ​តូច ឬ​ធំ ស្រួល​ឬ​លំបាក​ក្ដី​។ បុគ្គល​ភាគច្រើន​ចូលចិត្ត​ធ្វើ​កិច្ច​ណា​ដែល​ស្រួលៗ មុននឹង​បន្តទៅ​ធ្វើ​កិច្ចការ​ណា​ដែល​លំបាកៗ​ហើយ​និង​សំខាន​តាម​ក្រោយ​។ នៅពេលដែល​អ្នក​ទាំងនោះ​ទៅធ្វើ​កិច្ច​ដែល​លំបាកៗ​និង​សំខាន់ ក៏​ចាប់ផ្ដើម​មាន​ភាព​ធុញទ្រាន់​ជាមួយ​កិច្ចការ​នោះ ច្របូកច្របល់ ហើយ​ធ្វើ​កិច្ចការ​ទាំងនោះ​មិនត្រូវ​តាម​កាល មិន​អាចធ្វើ​កិច្ចការ​ឲ្យ​រួច​តាម​កាលកំណត់ ធ្វើ​ការងារ​ចុងដៃចុងជើង ប្រចាំ​គេ និង​គ្មាន​ការទទួលខុសត្រូវ​លើ​មុខងារ​របស់ខ្លួន​ជាដើម​។ ហេតុនេះ បុគ្គល​គ្រប់រូប​ត្រូវ​ចេះ​បែងចែក​ការងារ​ធ្វើ​ឲ្យ​បានច្បាស់លាស់ ការងារ​ណា​មក​មុន ពេល​កំណត់​ខ្លី​ត្រូវធ្វើ​ឲ្យ​ហើយ ការងារ​ណា​ដែល​សំខាន់​ត្រូវ​ចំណាយ​ពេលធ្វើ​ឲ្យ​បាន​ច្រើន កុំ​ទុក​ពេលធ្វើ​តក់ក្រហល់ ព្រោះ​វា​នាំ​ឲ្យ​ការងារ​របស់​អ្នក​ច្របូកច្របល់ ហើយ​ធ្វើ​ឲ្យ​កិច្ច​របស់​អ្នក​បរាជ័យ​។​

៣/.  ឲ្យ​ទាន​កុំ​ឲ្យ​រើសមុខ​៖ ទាន គឺជា​អំណោយ ការ​ឲ្យ​អ្វីៗ​ដែល​គួរ​ឲ្យ ត្រូវធ្វើ​ការ​ដោយ​សទ្ធា​ប្រកបដោយ​បញ្ញា​ទើបបាន​បុណ្យ​។ សទ្ធា គឺជា​ការជឿ ការចុះ​ចិត្ត​ស៊ប់ ការ​ដោត​ជាប់​ដោយ​ចិត្ត ព្រោះ​បាន​ពិចារណា​ឃើញ​ហេតុ ផល​អាក្រក់ ល្អ ស​ខ្មៅ ដោយ​បញ្ញា​។ ចំពោះ​ការ​ឲ្យ​ទាន​ទៅ​អ្នកដទៃ គួរ​ណាស់​កុំ​មានចិត្ត​ប្រកាន់​ពណ៌​សម្បុរ អាក្រក់​ល្អ ស​ខ្មៅ មនុស្ស​ល្អ មនុស្ស​អាក្រក់ ជាតិ​សាសន៍ ជំនឿ ទិដ្ឋិ លទ្ធិ និង​សាសនា​របស់​មនុស្ស​ឡើយ​។ តែ​ទាន​ត្រូវតែ​ស្ដែង​ចេញពី​សន្ដាន​ខាងក្នុង​នៃ​ចិត្ត ដែល​ចង់​កែប្រែ​មនុស្ស ចង់ឃើញ​មនុស្ស​ទូទៅ​មាន​សេចក្ដីសុខ មាន​សន្ដិភាព ដែលជា​សេចក្ដីប្រាថ្នា​របស់​មនុស្ស​ទាំងអស់គ្នា​។​

៤/. កុំ​មានចិត្ត​ជោរ​តាម​គេ​ចាក់​៖ មនុស្ស​ខ្លះ កាល​ខ្លួន​បាន​យស​ខ្ពស់​មុខ សុខសាន្ត មានតម្លៃ​ហើយ ក៏មាន​ចិត្ត​ជោរ តាម​គេ​បញ្ចើចបញ្ចើ ក៏​តម្លើង​ឬ​ក​ក្រអឺត​ឡឺត ព្រហើន មើលងាយ​មិត្តភក្តិ ញាតិសន្ដាន និង​មនុស្ស​ទាំងឡាយ​។ មនុស្ស​ប្រភេទ​នេះ គឺជា​មនុស្ស​ត្រចៀកស មនុស្ស​ឆាប់​ជឿ​គេ មនុស្ស​ខ្វះ​ការពិចារណា មនុស្ស​ខ្វះ​មូលដ្ឋាន​ហេតុ​និង​ផល​។ ប្រសិនបើ​យើង គឺជា​មនុស្ស​ដែល​ជោរ​តាម​គេ​ចាក់​ដូច្នេះ​ប្រាកដ​ណាស់ នឹងត្រូវ​វិនាស​អស់ទ្រព្យ​សម្បត្តិ អស់​យស ឬ​បាត់បង់​ញាតិមិត្ត បងប្អូន ឪពុកម្ដាយ បងប្អូន​ជាទី​ស្រឡាញ់​ជាក់​ជាពុំខាន​។ តែបើ​អ្នកជា​មនុស្ស​ចេះដឹង ថ្លៃថ្នូរ អ្នក​ប្រាកដជា​មិន​ងាយ​ត្រេកត្រអាល​ជាមួយ​ពាក្យបញ្ជោរ​បស់​អ្នកដទៃ​ឡើយ​៕


© រក្សាសិទ្ធិដោយ thmeythmey.com