ពីនេះ ពីនោះ
បង្កើត​ច្បាប់​ថ្មី អាចធ្វើ​ឲ្យ​ជាតិ​រីកចម្រើន តែ​ក៏​អាចធ្វើ​ឲ្យ​ជាតិ​វឹកវរ​!
08, Jan 2016 , 8:59 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ការគ្រប់គ្រង​សង្គម​គឺ​ចាំបាច់​ណាស់​ត្រូវ​មានច្បាប់ ដើម្បី​គ្រប់គ្រង​សកម្មភាព​សង្គម ការប្រព្រឹត្ត​របស់​មនុស្ស ធានា​សុវត្ថិភាព ធានា​សន្តិសុខ​សង្គម រៀបចំ​សណ្ដាប់ធ្នាប់​សង្គម និង​ដើម្បី​បង្ក​ភាពងាយស្រួល​ក្នុងការ​អភិវឌ្ឍ​ជាតិ​។ ចំពោះ​ច្បាប់​គឺ​ចាំបាច់​ត្រូវតែ​បង្កើត ហើយ​ធ្វើការ​សិក្សា​ពី​ស្ថានភាព​សង្គម​ជាក់ស្ដែង​ថា​ត្រូវការ​ច្បាប់​បែបណា ដើម្បី​ឲ្យ​វា​ត្រូវ​តាម​បរិបទ​សង្គម​ងាយស្រួល​ក្នុងការ​អនុវត្ត​។​



​ពេលខ្លះ​នៅក្នុង​ដំណើរ​នៃ​ការបង្កើត​ច្បាប់​គេ​មិនអាច​ដឹង​ច្បាស់​ថា អ្នកបង្កើត​ច្បាប់​ថ្មី គេ​ប្រើពេល​ប៉ុន្មាន​សរសេរ​ច្បាប់​ថ្មី​? អ្នកណាខ្លះ​ជា​ភាគី​ពាក់ព័ន្ធ​ក្នុងការ​ប្រឹក្សា​យោបល់​ដើម្បី​បង្កើត​ច្បាប់​? មានការ​សិក្សា​បាន​ទិន្នន័យ​ច្បាស់លាស់​កម្រិតណា​?  ហើយ​យក​មូលដ្ឋាន​អ្វីខ្លះ​ដើម្បី​បង្កើត​ច្បាប់​សម្រាប់​គ្រប់គ្រង​សង្គម​នោះទេ​? ក៏ប៉ុន្តែ​អ្វីដែល​ប្រជាពលរដ្ឋ​ទូទៅ​ចង់បាន​នោះ​គឺ​ច្បាប់​ល្អ ច្បាប់​ដែល​បម្រើ​ដល់​ប្រយោជន៍​សាធារណៈ ហើយ​មិនមែនជា​ច្បាប់​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ប្រយោជន៍​បុគ្គល ។​

​តើ​ច្បាប់​ល្អ​អាច​កំណត់​បាន​ដោយសារ​អ្វី​? តើ​ច្បាប់​មួយ​ដែល​បង្កើត​មកហើយ​ទទួលបាន​ជោគជ័យ​ត្រូវ​មើល​លើ​អ្វី​? នេះ​ជា​សំណួរ​ដែល​ត្រូវ​សួរ​ដើម្បី​ឲ្យ​ដឹងថា ច្បាប់​មួយ​មាន​ឧត្ដមភាព​នៃ​ច្បាប់​។ 

​នៅពេលដែល​ទទួលបាន​ច្បាប់​ថ្មី នៅពេលដែល​ច្បាប់​ថ្មី​ត្រូវ​បានអនុម័ត ចេញ​ជា​រូបរាង គេ​ចាំបាច់​ត្រូវធ្វើ​ការអនុវត្ត​ទៅតាម​បទបញ្ញត្តិ​ដែល​បាន​តាក់តែង​នៅក្នុង​ច្បាប់​។ ក៏ប៉ុន្តែ​នៅពេល​អនុវត្តន៍ តើ​គេ​គួរ​ធ្វើ​បែបណា ទើប​អាច​ឲ្យ​ការអនុវត្ត​ទៅ​ជួប​បញ្ហា​តិច​តូច​បំផុត​។ អ្នក​ស​សេរ​ច្បាប់ កម្រ​មាន​កំហុស កម្រ​ត្រូវបាន​ប្រជាពលរដ្ឋ​ស្ដីបន្ទោស តែ​អ្នក​ដែល​ទទួលរង​គ្រោះ​ខ្លាំង គឺ​អ្នក​ដែល​អនុវត្តន៍​ច្បាប់ ដែល​ត្រូវ​ប្រឈម​ការងារ ជាមួយនិង​ប្រជាពលរដ្ឋ​ផ្ទាល់​។ អ្នកសរសេរ​ច្បាប់​ចាំតែ​សរសេរ តាម​ទិន្នន័យ​មិន​ច្បាស់លាស់ តាម​ការនឹកឃើញ អ្នក​ដែល​លំបាក​គឺ​ក្រុមមន្ត្រី​ដែល​យក​ច្បាប់​ទៅ​សូត្រ​ដាក់​ប្រជាពលរដ្ឋ ហើយ​ត្រូវ​ប្រជាពលរដ្ឋ​ស្ដីបន្ទោស​យ៉ាង​ល្វីងមុខ​។ តែ​លទ្ធផល ភាពអាក្រក់ ឬ​ល្អ របស់​ច្បាប់​គឺ​បណ្ដាលមកពី​អ្នកសរសេរ​ច្បាប់​។​

​ជជែក​ចុះឡើង ការ​កាត់​ក្បាល​តម្រូវ​មួក​វា​ពិតជា​មិនមែនជា​វិធី​ល្អ​។ ច្បាប់​ដែល​កើត​ពី​ការ​ស្រមើល​ស្រមៃ​វា​ពិតជា​គ្មាន​ឧត្ដមភាព​នៃ​ច្បាប់​។ ច្បាប់​ដែល​បង្កើតឡើង ហើយ​មិនទាន់បាន​អនុវត្ត​ស្រួលបួល​ផង ស្រាប់តែ​មានការ​កែប្រែ​នេះ កែប្រែ​នោះ​ទៅ​តាមតែ​បុគ្គល​ណាមួយ​ចង់​ធ្វើ ច្បាប់​នោះ​ប្រាកដ​ណាស់​គឺ​គ្មាន​ភាពនឹងន និង​ភាពប្រាកដប្រជា​ក្នុងនាម​ជា​ច្បាប់ ដែល​ធ្វើ​ឲ្យ​តម្លៃ​នៃ​ច្បាប់​ធ្លាក់ចុះ ទាំង​មិនទាន់បាន​អនុវត្ត​ស្រួលបួល​ផង​។​

​សរុបទៅ​ច្បាប់​ថ្មី​នីមួយៗ​អាច​ផ្ដល់​ភាពសុខសាន្ត​ដល់​ប្រជាពលរដ្ឋ ដល់​សង្គមជាតិ តែ​ក៏​អាចធ្វើ​ឲ្យ​ជាតិ​មាន​ភាពវឹកវរ និង​ច្របូកច្របល់​ដែរ​។ ដូច្នេះ​មុន​ស​សេរ ច្បាប់​នីមួយ មុន​អនុម័ត​ច្បាប់​នានា អ្នកបង្កើត​ច្បាប់ អ្នក​ប្រឹក្សា​ច្បាប់ មិនមែន​គិត​ត្រឹមតែ​គោលការណ៍​ច្បាប់​ទេ តែ​ត្រូវ​គិត វិភាគ សិក្សា ពី​ស្ថានភាព​សង្គម សេដ្ឋកិច្ច និង​នយោបាយ​ជាក់ស្ដែង​នៅក្នុង​សង្គម​ឲ្យ​បាន​ច្បាស់​។ រាស្ត្រ​មិនដែល​ចង់​ធ្វើ​អ្វី​ឲ្យ​ខុសច្បាប់​។ អ្នកបង្កើត និង​អនុវត្តន៍​ច្បាប់ ក៏​មិន​ចង់​ឲ្យ​រាស្ត្រ​ខុស​។ តែបើ​ច្បាប់​ចេញ​មកហើយ​រាស្ត្រ​មិន​ពេញចិត្ត មិន​សប្បាយចិត្ត​ទៅហើយ នោះ​មានន័យថា​ច្បាប់​នោះ​និង​ជួប​បញ្ហា​ក្នុងការ​អនុវត្ត​កាន់តែខ្លាំង​៕


© រក្សាសិទ្ធិដោយ thmeythmey.com