ពីនេះ ពីនោះ
ត្រូវ​កសាង​ជីវិត តែ​មិន​ត្រូវធ្វើ​ឲ្យ​ជីវិត​ឥតន័យ​!
09, Jan 2016 , 8:00 am        
រូបភាព
ដោយ: ថ្មីៗ

​ភ្នំពេញ​៖ ជីវិត​មនុស្ស​យើង​ត្រូវបាន​បែងចែក​ជា​បី​ដំណាក់កាល​ធំៗ គឺមាន​បឋមវ័យ មជ្ឈិមវ័យ និង​បច្ឆិមវ័យ​។ នៅក្នុង​វ័យ​ទាំងបី​នេះ​គេ​បានកំណត់​នូវ​ភារកិច្ច ដែល​យើង​ត្រូវធ្វើ​ជាស្រេច​ដើម្បី​បង្ហាញ​ពី​ដំណាល​នានា​ក្នុង​ដំណើរ​ទៅ​កសាង​ស្ពាន​ជីវិត តម្លៃ​ជីវិត និង​អត្ថន័យ​ជីវិត​ដ៏​ឧត្ដម​មួយ​។​



​នៅក្នុង​បឋមវ័យ ត្រូវបាន​គេ​កំណត់ថា ឲ្យ​យើង​ត្រូវខិតខំ​សិក្សា​រៀនសូត្រ ស្វែងរក​ពុទ្ធិ ពោលគឺ​វិជ្ជា​ជា​ស្ពាន​ដើម្បី​ឆ្ពោះ​រក​សុភមង្គល​ក្នុង​ជីវិត​។ ព្រោះថា​មនុស្ស​យើង ដែល​អាច​រីកចម្រើន និង​ក្លាយជា​អ្នកដឹកនាំ​ទៅបាន​ដរាបណា យើង​បានទទួល​ការអប់រំ​ល្អ ទាំង​ផ្នែក​ចំណេះដឹង​ទូទៅ ទាំង​ផ្នែក​ជំនាញ ឯកទេស និង ផ្នែក​សីលធម៌ គុណធម៌​ជីវិត ការគិត​ពិចារណា​វែងឆ្ងាយ​ក្នុង​ការរស់នៅ​ប្រចាំថ្ងៃ និង​ជីវិត​ទៅ​អនាគត​។

មជ្ឈិមវ័យ គឺជា​វ័យ​កណ្ដាល ហើយ​នៅក្នុង​វ័យ​នេះ ជា​ពេលវេលា​មួយ ដែល​យើង​ត្រូវ​ស្វែងរក​ទ្រព្យសម្បត្តិ​សម្រាប់​ខ្លួន​និង​ក្រុមគ្រួសារ​។  នៅក្នុង​វ័យ​នេះ​គេ​ឲ្យ​តម្លៃ​លើ​ការធ្វើការងារ ឬ​ការប្រកប​របរ​អាជីវ​កម្ម​ផ្សេងៗ តាម​សមត្ថភាព​ខ្លួន​មាន ហើយក៏​ជា​ពេលវេលា​មួយ ដែល​ត្រូវអនុវត្ត​ផ្ទាល់​នូវ​អ្វី ដែល​យើង​បាន​សិក្សា​រៀនសូត្រ កន្លងមក​ផងដែរ​។​
​បច្ឆិមវ័យ គឺជា​វ័យ​ចុងក្រោយ​បង្គ​ស់​របស់​ជីវិត​ជាម​នុស្ស នៅក្នុង​វ័យ​នេះ គេ​ឲ្យ​តម្លៃ​ជាធំ នៅលើ​គុណធម៌ ពោលគឺ​សេចក្ដី​ល្អ​របស់​យើង​ដូចជា ការធ្វើ​ទាន រក្សាសីល​ចម្រើនមេត្តា ភាវនា​ជាដើម​។

ដូច្នេះ​បើកាលណា​យើង​ធ្វេសប្រហែស​មិន​ស្វែងរក​រៀន មិន​ស្វែងរក​ទ្រព្យ មិន​ស្វែងរក​ធម៌​បម្រុង​ប្រយ័ត្ន ឲ្យ​បាន​ទាន់ពេលវេលា​នោះទេ ប្រាកដ​ណាស់​ជីវិត​យើង​នឹង​គ្មាន​ន័យ​ឡើយ​៕

ដកស្រង់​ពី​សៀវភៅ​៖(«​ប្រយ័ត្ន កម្ចាត់ ចម្រើន រក្សា​», សមាគម​ទ្រទ្រង់​ការបោះពុម្ព​និង​អប់រំ​)



© រក្សាសិទ្ធិដោយ thmeythmey.com