ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក នី ចរិយា ធ្លាប់​ត្រូវ​សម្តេច ចាត់ទុក​ជា​​«ក្មេង​ឈ្លើយ​»​នឹងធ្វើ​ការ​ជាមួយ​លោក ស៊ិ​ក ប៊ុន​ហុក​
16, Jan 2016 , 12:13 pm        
រូបភាព
ដោយ:
 
​មន្ត្រី​ការពារ​សិទ្ធិមនុស្ស​ដ៏​ល្បី ដែល​ធ្លាប់តែ​រិះគន់​រដ្ឋាភិបាល​មិន​សំចៃមាត់ ត្រូវបាន​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត​ជ្រើសរើស​ជា​អគ្គលេខាធិការរង កាលពី​ថ្ងៃ​សុក្រ​ទី ១៥ ខែមករា​។ លោក នី ចរិយា នឹង​ចូលទៅ​ធ្វើការ​ក្នុង​ស្ថាប័ន​គ​.​ជ​.​ប ក្នុង​នាយកដ្ឋាន​ដែល​ស្ថិតនៅក្រោម​ការបង្គាប់បញ្ជា​ផ្ទាល់​របស់លោក ស៊ិ​ក ប៊ុ​ន​ហុន ប្រធាន​គ​.​ជ​.​ប តែម្តង​។​



សូម​ស្តាប់​លោក ជា ធីរិទ្ធ
**audio3**

« ឲ្យ​តែ​ធ្វើកើត ខ្ញុំ​មិន​គិតថា អ្នក​ធ្លាប់​ប្រឆាំង​ឬ​មិន​ប្រឆាំង​នោះទេ​»​។ នេះ​ជាការ​អះអាង​របស់លោក ស៊ិ​ក ប៊ុ​ន​​ហុក ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត នៅពេលដែល​លោក ប្រកាសថា លោក នី ចរិយា បាន​ជាប់​ធ្វើជា​អគ្គលេខាធិការរង​​គ​.​ជ​.​ប កាលពី​ថ្ងៃ​សុក្រ​។ លោក ស៊ិ​ក ប៊ុ​នហុក​បញ្ជាក់ថា លោក នី ចរិយា ជាប់​ជា​អគ្គលេខាធិការរង​ទទួលបន្ទុក នាយកដ្ឋាន​សវនកម្ម​ផ្ទៃក្នុង នឹងធ្វើ​ការ​ជាមួយ​លោក​ផ្ទាល់​តែម្តង ពីព្រោះ​នាយកដ្ឋាន​នេះ  ប្រធាន​គ​.​ជ​.​ប ជា​អ្នកទទួលខុសត្រូវ​ផ្ទាល់​។ 
​ស្តាប់​ប្រសាសន៍​លោក ស៊ិ​ក ប៊ុ​ន​​ហុក​


 
​កាលពី​ថ្ងៃទី ២១ ខែសីហា ឆ្នាំ ២០១៤ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​ប្រតិកម្ម​ខ្លាំងៗ​នឹង​ពាក្យរិះគន់​របស់លោក នី ចរិយា មកលើ​រដ្ឋាភិបាល​។ ប្រមុខ​រដ្ឋាភិបាល បាន​និយាយ​សំដៅទៅ​លោក នី ចរិយា ដោយ​មិន​បញ្ចេញ​ឈ្មោះ​ចំៗ​ថា (លោក នី ចរិយា) «​ជា​ក្មេង​ឈ្លើយ​» ។  ប្រតិកម្ម​របស់​សម្តេច ហ៊ុន សែន ធ្វើឡើង បន្ទាប់ពី​លោក នី ចរិយា អត្ថាធិប្បាយ​ចំអក​ឲ្យ​លោកនាយក​រដ្ឋមន្ត្រី ដែលមាន​ប្រសាសន៍ថា ខ្លួន​មិនដែល​បានទទួល​ញត្តិ​តវ៉ា​របស់​ពលរដ្ឋ​រង​គ្រោះ​រឿង​ដីធ្លី​កន្លងមក​នោះទេ​។ 
 
​តែ​យ៉ាងណាក៏ដោយ នៅពេល​ឆាប់ៗ​នេះ មន្ត្រី​សង្គម​ស៊ីវិល ដែល​តែងតែ​រិះគន់​រដ្ឋាភិបាល​មិន​សំចៃមាត់​រូបនេះ នឹង​ចូលទៅ​បម្រើ​ការងារ​នៅ​ស្ថាប័ន​គ​.​ជ​.​ប ស្ថិតនៅក្រោម​ឱវាទ​លោក ស៊ិ​ក ប៊ុ​​នហ៊ុ​ក ដែលជា​អតីត​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​។ 
 
​នៅក្នុង​វេទិកា​អ្នក​ស្តាប់​វិទ្យុ​អាស៊ីសេរី កាលពី​យប់​ថ្ងៃ​សុក្រ លោក នី ចរិយា បាន​ថ្លែងថា  បើទោះបីជា​ខ្លួន​បាន​ជាប់​ជា​តំណែង​អគ្គលេខាធិការរង​គ​.​ជ​.​ប ក៏ពិតមែន តែ​ក្នុង​ចិត្ត​របស់លោក នៅ​មិនទាន់​ស្ងប់​នៅឡើយ​។ មិន​ស្ងប់​ដោយសារ​លោកមាន​​មន្ទិល​ថា តើ​លក្ខខណ្ឌ​និង​បរិយាកាស​នៅក្នុង​គ​.​ជ​.​ប នេះ នឹង​អាច​ផ្តល់ឱកាស​ឲ្យ​លោក​បានធ្វើ​អ្វីខ្លះ ឆ្លើយតប​នឹង​ការចង់បាន​របស់​ប្រជាពលរដ្ឋ ដែល​ចង់​ឲ្យ​មានការ​បោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្ត​ធម៌​។ ជាមួយគ្នា លោក នី ចរិយា អះអាងថា បើ​ទៅ​បី​ជា​ខ្លួន​ទៅធ្វើ​ការ​ក្នុង​ស្ថាប័ន​បោះឆ្នោត​ក្តី ក៏​ខ្លួន​មិនអាច​បញ្ឈប់​បញ្ចេញយោបល់​បានដែរ តែ​គ្រាន់តែ​ការបញ្ចេញ​យោបល់​នេះ គោរព​ទៅតាម​បទបញ្ជាផ្ទៃក្នុង និង​ច្បាប់​មួយចំនួន​របស់​គ​.​ជ​.​ប​៕
 

Tag:
 នី ចរិយា​
 ​គ​.​ជ​.​ប
© រក្សាសិទ្ធិដោយ thmeythmey.com