ពីនេះ ពីនោះ
កែះ ពូកែ​ដើរ​ឡើង​តាម​ផ្ទាំង​ថ្ម​ចោតៗ​
17, Jan 2016 , 1:59 pm        
រូបភាព
ដោយ: ថ្មីៗ
 
​ភិនភាគ​៖ កែះ​មាន​សម្បុរ​ខ្មៅ​ប្រផេះ និង​រោម​វែងៗ​ស្តើង​។ វា​មាន​ដងខ្លួន​ខ្លី ហើយ​ជើង​ទាំង​៤​របស់​វា​វែង​។ ផ្នែក​ខាងលើ​ដងខ្លួន​សម្បុរ​ខ្មៅ និង​ផ្នែក​ក្រោម​នៃ​ជើង​ចាប់ពី​ក្បាលជង្គង់​ចុះ​មាន​ពណ៌​ម្រុះ​ខ្មៅ​-​ប្រផេះ​-​លឿង​។ នៅលើ​ពំនូល​ក្បាល​រហូតដល់​ស្មា​របស់​វា​មាន​រោម​រឹង​វែងៗ​សណ្ឋាន​ដូចជា​ប្រែង​។ បបូរមាត់​ពណ៌​ស ហើយ​ផ្នែក​ក្រោម​កមាន​ពណ៌​លឿង ឬ​ពណ៌​ស ត្រចៀក​វា​វែង​ត្រង់​ទៅលើ​។ វា​មាន​ស្នែង​ដូច​សត្វ​ពពែ ដុះ​កោង​ទៅក្រោយ​បន្តិច ប្រវែង​ប្រហែល ២៨០​ម​ម ពណ៌​ខ្មៅ និង​មាន​គន្លាក់ៗ​ជា​រង្វង់​នៅ​ផ្នែក​គល់​។ កន្ទុយ​ខ្លី ហើយ​មាន​រោម​សំពោង​ពណ៌​ខ្មៅ​ប្រផេះ​។


 
​ជីវសាស្ត្រ​៖ កែះ​ចូលចិត្ត​រស់នៅ​តំបន់​ព្រៃភ្នំ ជ្រលង ផ្ទាំង​ថ្ម​ខ្ពស់ៗ ដែលមាន​គំរប​ព្រៃ និង​មាន​ស្រទាប់​រុក្ខជាតិ​ថ្នាក់ក្រោម​ច្រើន​។ កែះ មាន​ជើង​យ៉ាង​ចំណាប់​ក្នុង​ការដើរ​ឡើង​តាម​ផ្ទាំង​ថ្ម​ចោតៗ​។ នៅពេល​ថ្ងៃ​វា​ចូលចិត្ត​សម្រាក់​តាម​គម្ពោត​ព្រៃ​ក្រាស់ ហើយ​ចេញ​រកស៊ី​នៅពេល​ព្រឹក​លឹម ឬ​ក្បាល​ព្រលប់​។ វា​ចូលចិត្ត​ស៊ី​ស្លឹក​រុក្ខជាតិ និង​ល្បះ​គ្រប់​ប្រភេទ​។ សត្វ​កែះ​ចូលចិត្ត​យក​រូងភ្នំ​រាក់ៗ​ធ្វើជា​ទីជម្រក​របស់​វា ហើយ​គេ​អាច​សម្គាល់​វត្តមាន​វា​ដោយសារ​គំនរ​លាមក​។ ដោយសារ​កែះ​ជាស​ត្វ​ដែលមាន​ភាពរហ័សរហួន និង​ពូកែ​ស្រង់ក្លិន ភ្នែក​ពូកែ និង​រស់​នៅតាម​ទីជម្រក​ស្ងាត់​ដូចនេះ​គេ​កម្រ​ជួបប្រទះ​វា​ណាស់​។ រដូវ​បន្ត​ពូជ​មាននៅ​ខែតុលា និង​ខែធ្នូ ហើយ​កើតកូន​បាន​១ ជួនកាល​ភ្លោះ​មាន​ដោយ​កម្រ បន្ទាប់ពី​ពពោះ​៧​ខែ​។ កូន​រស់នៅ​ជាមួយ​មេ​វា​ស្ទើរ​ពេញ​មួយឆ្នាំ​ទើប​ចាកចេញ​។ 
 
​ស្ថានភាព​អភិរក្ស​៖ ប្រភេទ​សត្វ​នេះ​មាន​ដង់ស៊ីតេ​រស់នៅ​កម្រិត​ទាប គេ​កម្រ​ឃើញ​វា​មាន​រស់​នៅតាម​តំ​នប់​ទំនាប​វាលស្មៅ ដូច​សត្វ​ទំពារ​អៀង​ដទៃទៀត​ណាស់ សត្វ​កែះ​កំពុង​ប្រឈមមុខ​នឹង​ការរង​គ្រោះថ្នាក់ ដោយសារ​ការបាត់បង់​ទីជម្រក​រស់នៅ ការ​ទាក់​ចាប់ ឬ​បរបាញ់​ពួកវា​ដើម្បី​យក​សាច់ ស្នែង ឆ្អឹង និង​ការជួញដូរ​។ កែះ​ស្ថិតក្នុង​ក្រុម​មាន​ដោយ​កម្រ វា​ត្រូវបាន​ចុះ​ក្នុង​បញ្ជី​ក្រហម IUCN (VU) ថា​ជា​ប្រភេទ​ងាយ​រងគ្រោះថ្នាក់​ជា​សាកល​។ សត្វ​កែះ​ស្ថិតនៅក្នុង​ឧបសម្ព័ន្ធ​ទី​១ នៃ​អនុ​ញ្ញា​សាយ​តេស​។ 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com