ជាតិ
អភិបាល​រាជធានី​៖ ពីរ​ឆ្នាំ​ទៀត ភ្នំពេញ​លែងមាន​ទឹកជំនន់​ទាំងស្រុង​
28, Jan 2016 , 9:39 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ លោក ប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ​បានប្រកាសថា រយៈពេល​ពីរ​ឆ្នាំ​ទៀត រាជធានី​ភ្នំពេញ​នឹង​អាច​បញ្ចៀស​ពី​ការ​ជន់​លិច​ដោយ​ជំនន់​ទឹកភ្លៀង នៅតាម​ដងផ្លូវ​ក្នុងភូមិ​សាស្ដ្រ​រាជធានី​ភ្នំពេញ​ទាំងស្រុង​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន កម្ពុជា (AKP)​។



​បើ​យោងតាម AKP លោក ប៉ា សុជាតិ​វង្ស បាន​ថ្លែង​ក្នុង​ពិធី​បញ្ចុះបឋមសិលា​សាង​សង់​អគារសិក្សា​ជំនួយ​របស់​រដ្ឋាភិបាល​ជប៉ុន​ចំនួន ៤​ខ្នង នៅក្នុង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០១៦​ថា អាជ្ញាធរ​រាជធានី​ភ្នំពេញ​បានធ្វើ​សកម្មភាព ៤​សំខាន់ៗ ក្នុងនោះ រួមមាន កា​រត​បណ្តាញ​ប្រព​ន្ធ័​លូ​មេ​ធំៗ​ចំនួន ១១៧​គីឡូម៉ែត្រ ការសាងសង់​ស្ថានីយ៍​បូមទឹក​បឹងត្របែក បឹង​ជើងឯក ស្ថានីយ​បូមទឹក​ទួលគោក​១ ទួលគោក​២ និង​ការស្តា​រអាង​ស្តុក​ទឹក​បឹងត្របែក និង​ការស្តា​រអាង​ស្តុក​ទឹក​បឹងត្របែក​ឆ្ពោះទៅ​ស្ថា​នី​បឹង​ជើងឯក និង​ការស្តារ​ប្រឡាយ​បាក់​ទូក​ឆ្ពោះទៅ​ប្រឡាយ​អូរ​វែង ដើម្បី​បញ្ចៀស​ជំនន់​ទឹកភ្លៀង​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ​។ ហើយ​ថា យុទ្ធសាស្ត្រ​ទាំងនេះ បាន​អនុវត្តន៍​សម្រេច​ជាង​៦០​ភាគរយ ដើម្បី​រំដោះ​ជំនន់​ទឹកភ្លៀង​ចេញពី​រាជធានី​ភ្នំពេញ​។​

​ភ្ជាប់​ជាមួយគ្នា​ដែរ លោក ប៉ា សុជាតិ​វង្ស បាន​ប្រាប់​ពី​មូលហេតុ​នៃ​ជំនន់​ទឹកភ្លៀង​ក្នុង​រាជធានី​ភ្នំពេញ កន្លងមក​នោះ ក៏​ព្រោះ​សណ្ឋាន​ដី​រាជធានី​ភ្នំពេញ មាន​រាង​បាតខ្ទះ​ហ៊ុមព័ទ្ធ​ដោយ​ទំនប់ និង​បឹង​ធម្មជាតិ រីឯ​ប្រឡាយ​រំដោះ​ទឹក​ចេញ ត្រូវបាន​រីង​រាក់​ដោយ​កំណ​កដី​ប្រមាណ​ជាង​៣០​ឆ្នាំកន្លងមក ដែល​គ្រឿង​ចាក់​ពិបាក​ជីក​ស្តារឡើងវិញ​៕


Tag:
 ​ភ្នំពេញ​
  ជំនន់​ទឹកភ្លៀង
© រក្សាសិទ្ធិដោយ thmeythmey.com