ជាតិ
សង្គមជាតិ
លោក សួន សេរី​រដ្ឋា រិះគន់​សម្ដេច ហ៊ុន សែន ដែល​ចែក​លុយ​ក្រុម​អ្នកធាក់ស៊ីក្លូរ
29, Jan 2016 , 7:06 pm        
រូបភាព
សម្ដេចនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បាន​បង្ហោះ​រូបថត​លោក​ជួប​ជាមួយ​ក្រុម​អ្នកធាក់ស៊ីក្លូរ​ចំនួន ២៤នាក់ ដោយបាន​សរស​រលើ​ហ្វេ​ស​ប៊ុ​ក​ខ្លួន​ថា«សប្បាយ​ដែល​បាន​អង្គុយ​និយាយ​គ្នា​ និង​បាន​ឧបត្ថម្ភ​ក្នុងម្នាក់ ៤០ម៉ឺន​រៀល» ដែល​ធ្វើ​ឲ្យ​លោក សួន សេរី​រដ្ឋា មិន​ពេញចិត្ត​ឡើយ។ ប្រធាន​គណបក្ស​អំណាច​ខ្មែរ​លោក សួន សេរី​រដ្ឋា ក៏បាន​សរសេរ​រិះគន់​លើ​ហ្វេ​ស​ប៊ុ​ក​ខ្លួន​ដោយ​ភ្ជាប់​ជា​រូបថត​សម្ដេច ហ៊ុន សែន ជួប​ជជែក​គ្នា​ជាមួយ​ក្រុម​អ្នកធាក់ស៊ីក្លូរ​នោះ​ថា ជា​រូបភាព​មួយ​ដែល​បង្ហាញ​ពី​ការ​អសមត្ថភាព​ដឹកនាំ​ប្រទេស​របស់លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។



ប្រធាន​គណបក្ស​អំណាច​ខ្មែរ​រូបនេះ​បាន​សរសេរ​យ៉ាង​ដូច្នេះ​ថា៖ដោយ​កាលណា​មេដឹកនាំ ឬ​អ្នកនយោបាយ​ណា ដឹកនាំ​ដោយ​ដើរ​ឲ្យ​លុយ​ពលរដ្ឋ ចែក​លុយ​ពលរដ្ឋ​គឺ​បញ្ជាក់ថា ជា​អ្នកនយោបាយ​អសមត្ថភាព​ក្នុងការ​ដឹកនាំ​ដើម្បី​ធ្វើ​ឲ្យ ពលរដ្ឋ​អាចមាន​លទ្ធភាព​រកលុយ​បាន​ដោយ​ខ្លួនឯង »។

បន្ថែម​ពីលើ​ការរិះគន់​តាម​ហ្វេ​ស​ប៊ុ​ក​នេះ លោក សួន សេរី​រដ្ឋា បាន​ថ្លែងប្រាប់​សារព័ត៌មានថ្មីៗ តាមរយៈ​ខ្សែ​ទូរ​សព្ទ​ពី​ប្រទេស​ថៃ​បន្ថែមថា៖«លោក ហ៊ុន សែន គ្មាន​សមត្ថភាព​រក​ការងារ​ឲ្យ​សិស្ស យុវជន មាន​កម្លាំង សមត្ថភាព ចំណេះ​ធ្វើការ ទើបបានជា​គាត់​ប្រើប្រាស់​នយោបាយ​បែប​ប្រជា​ភិ​ថុ​ត ចែក​ថវិកា​ឲ្យ​ប្រជាពលរដ្ឋ​ក្រីក្រ យុវជន សិស្ស គ្រូបង្រៀន ដើម្បី​បង្ហាញថា ខ្លួន​ជា​មេដឹកនាំ​ប្រទេស​បានល្អ និង​ទាញ​ពួកគេ​ឲ្យ​គាំទ្រ​ខ្លួន។ ហើយ​នេះ​គឺ​មកពី​គាត់​ជា​មេដឹកនាំ​ប្រទេស​ដែល​គ្មាន​គំនិត​អភិវឌ្ឍន៍ ទើបបានជា​ចេះតែ​យកលុយ​ទិញ​ទឹកចិត្ត​ប្រជាពលរដ្ឋ​ដូច្នេះ»។ ទាំងនេះ​ជាការ​មើលឃើញ​របស់លោក សួន សេរី​រដ្ឋា មុន​នឹងដាក់​ការសង្ស័យ​លើ​ថវិកា​របស់​ប្រមុខ​រដ្ឋាភិបាល ដោយ​លោក​បាន​ចោទ​ជា​សំនួ​រថា តើ​ប្រាក់​របស់​នាយករដ្ឋមន្ត្រី​ប៉ុន្មាន? ហើយ​ក្រៅពី​ប្រាក់ខែ​ជា​នាយករដ្ឋមន្ត្រី និង​ជា​តំណាងរាស្ត្រ តើ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន មាន​ក្រុមហ៊ុន ឬ​មាន​មុខរបរ​ផ្សេងទៀត​ទេ ? បាន​ជាមាន​ថវិកា​ផ្ទាល់ខ្លួន​ដើរ​ចែក​ឲ្យ​ប្រជាពលរដ្ឋ​គ្រប់​ពេលដែល​លើសពី​ប្រាក់ខែ​ខ្លួន​ដូចនេះ៕




Tag:
 ហ៊ុន សែន
  សួន សេរីរដ្ឋា
© រក្សាសិទ្ធិដោយ thmeythmey.com