ជាតិ
បទវិភាគ
អា​ស្រែ​!
27, Jan 2017 , 1:27 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ អ្នកស្រែ គឺជា​អ្នក​ផលិត​ស្បៀង​សម្រាប់​ទ្រទ្រង់​ក្រពះ​នគរ​ខ្មែរ​។ ប៉ុន្តែ​អ្នកស្រែ ត្រូវបាន​គេ ប្រមាថមើលងាយ​ពី​សំណាក់​អ្នករស់នៅ​ទីក្រុង ឬ​ទីប្រជុំជន ដែល​បង្ក​ជា​ជម្លោះ​វណ្ណៈ​រវាង​អ្នកទីក្រុង និង​អ្នក​ជនបទ​។ ពាក្យ​«​អា​ស្រែ​» ត្រូវបាន​មនុស្ស​មួយចំនួន​និយាយ ដើម្បី​បន្តុះបង្អាប់ អ្នក​ជនបទ​ជារឿយៗ  ហើយ​ពាក្យ​នេះ បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សតិអារម្មណ៍​របស់​ពួកគេ​យ៉ាងខ្លាំង​។​



​មាន​អ្នកស្រែ មាន​អ្នកក្រុង មាន​អ្នកក្រ មាន​អ្នកមាន មាន​អ្នកតូច មាន​អ្នកធំ ទាំងនេះ គឺជា​ក្រឹត្យក្រម​ពី​ធម្មជាតិ ដើម្បី​ចាត់ថ្នាក់​មនុស្ស​នៅក្នុង​សង្គម​។ ទោះបីជា សម័យនេះ ជា​សម័យ​សកលភាវូបនីយកម្ម​ហើយក៏​ដោយ ប៉ុន្តែ មនុស្ស​នៅ​គ្រប់​សង្គម មិនថាតែ​នៅ​កម្ពុជា​នោះទេ បាន​បង្កើត​ឲ្យ​មាន​វណ្ណៈ គ្រាន់តែ​គេ​មិន​ហាន​និយាយ​ពាក្យ​ទាំងនេះ​។ ប៉ុន្តែ​ទង្វើ​របស់​មនុស្ស  សបញ្ជាក់​ពី​ការរើសអើង​វណ្ណៈ​។ វណ្ណៈ​អ្នកមាន រស់​ជា​របៀប​អ្នកមាន ទំនាក់ទំនង​ជាមួយ​អ្នកមាន ផ្សាភ្ជាប់​សាច់ឈាម​ជាមួយ​អ្នកមាន​។ ឯ​វណ្ណៈ​អ្នកក្រ រស់នៅ​ជា​របៀប​អ្នកក្រ ទំនាក់ទំនង​ជាមួយ​អ្នកក្រ និង​ផ្សាភ្ជាប់​សាច់ឈាម​ជាមួយ​អ្នកក្រ​។

​ជាការ​ពិត មនុស្ស​មិនអាច​រស់នៅ​ដាច់​តែឯង​បានទេ​។ ទោះបីជា​អ្នកមាន និង​អ្នកក្រ រស់នៅ​ដាច់​ឆ្ងាយ​ពីគ្នា​ក៏ដោយ ប៉ុន្តែ ពួកគេ​នៅតែ​ត្រូវការ​គ្នា និង​មាន​ទំនាក់​ទ​នង​គ្នា ទាំង​វិស័យសេដ្ឋកិច្ច សាសនា វប្បធម៌ និង នយោបាយ​។ កម្មករ ត្រូវការ​ថៅកែ ថៅកែ​ក៏ត្រូវ​ការ​កម្មករ​។ អ្នកនយោបាយ​ត្រូវការ​ប្រជាជន ប្រជាជន​ក៏ត្រូវ​ការ​អ្នកនយោបាយ អ្នកលក់​ត្រូវការ​អ្នកទិញ អ្នកទិញ​ក៏ត្រូវ​ការ​អ្នកលក់​…​។​

​ប៉ុន្តែ នៅក្នុង​សង្គម​ខ្មែរ បើជា មាន​មនុស្ស​មួយចំនួន តែងតែ​ដៀល​អ្នកស្រែ ថា ជា​មនុស្ស​ល្ងង់ មនុស្ស​មិនបានការ ឬ​មើល​អ្នកស្រែ ក្នុង​ក្រសែភ្នែក ហាក់ដូចជា សំរាម ឬ​ជាម​នុស្ស​គ្មាន​តម្លៃ ជាដើម​។ ផ្នត់គំនិត មើលងាយ​អ្នកស្រែ ភាគច្រើន គឺ​ចេញពី​អ្នកទីក្រុង និង​អ្នក​ដែលមាន​ទ្រព្យ​ស្តុកស្តម្ភ​មួយចំនួន​។ តែ​ពួកគេ​ច្រើនតែ ជា​មនុស្ស​គ្មាន​ការយល់ដឹង​។​

​អ្នកស្រែ ជា​អ្នក​ដាំ​ដំណាំ​ស្រូវ ពោត សណ្តែក ល្ង ដំឡូង និង​ដំណាំ​ជាច្រើន​ប្រភេទ​ទៀត​។ លើសពីនេះ អ្នកស្រែ ក៏​ជា​អ្នក​ចិញ្ចឹមសត្វ ដើម្បី​បំពេញតម្រូវការ​របស់​មនុស្ស​ទូទៅ​នៅក្នុង សង្គម​។ ជាងនេះទៅទៀត​នោះ អ្នកស្រែ រស់នៅ​ដោយ​សម្មាអាជីវោ មិនចេះ​កេងប្រវ័ញ្ច ពុករលួយ ពោលគឺ​ពួកគេ រស់នៅ​ដោយ​សេចក្តីថ្លៃថ្នូរ ស្មោះត្រង់ និង​មាន​មនសិការ​ខ្ពស់ ចំពោះ​មាតុភូមិ​កម្ពុជា​។

​ដ្បិត​អ្នកទីក្រុង រស់នៅ​ដោយ​ជីវិត​ស៊ីវិល​ល័យ មានផ្ទះ​វីឡា​ធំៗ មាន​ឡាន​ទំនើប​ថ្លៃៗ ប៉ុន្តែ អ្នកមាន​មួយចំនួនធំ គឺ​បានមក​ដោយសារ ការប្រព្រឹត្ត​អំពើពុករលួយ កេងប្រវ័ញ្ច លួច​លុយ​ជាតិ និង​ធ្វើអំពើ​ល្មើសច្បាប់​ជាដើម​។ លើសពីនេះ ជីវិត​រស់នៅ​របស់​អ្នកទីក្រុង គឺ​រស់នៅ​ដោយ​ការភ័យខ្លាច អាត្មានិយម គ្មាន​គំនិត​អាណិតអាសូរ គ្មាន​តម្លៃ​នៃ​ភាពស្មោះត្រង់ គិតតែ​ប្រយោជន៍ និង​រស់នៅ​ចំណោម​មនុស្ស​មិន​ទុកចិត្ត​គ្នា​។​

​រីឯ​អ្នកស្រែ ពួកគេ​រស់នៅ ដោយ​ការស្រលាញ់ ចេះ​សាមគ្គី​គ្នា និង​ស្មោះត្រង់​នឹង​គ្នា​។ ជាក់ស្តែង​នៅពេល​មានបុណ្យ​ទាន​ម្តងៗ អ្នកស្រែ មិនដែល​ទៅ​ជួល​អ្វី​ឲ្យ​លុយ​ច្រើន​នោះទេ គឺមាន​អ្នកជិតខាង​ជួយ​គ្នា​ទៅវិញទៅមក ប្រកបដោយ​ទឹកចិត្ត​ស្មោះស​។ ចំណែកឯ​អ្នកទីក្រុង បើ​មាន​កម្មវិធី​អ្វីមួយ គឺ​សុទ្ធសឹង​ជួល​គេ​ទាំងអស់​។ ហើយ​ពិធី​ទៀតសោត មាន​អ្នកចូលរួម​ដោយសារតែ​សម្លឹងមើល​ផលប្រយោជន៍ គ្មាន​ចិត្ត​ជ្រះថ្លា​ក្នុងការ​ចូលរួម​ឡើយ​។

​សូម​កុំភ្លេចថា អ្នកស្រែ គឺជា​អ្នកមានគុណ​របស់​អ្នកទីក្រុង ពីព្រោះ អាហារ​ដែល​អ្នកទីក្រុង​ទាំងនោះ កំពុង​បរិភោគ​សព្វថ្ងៃ គឺ​កើតចេញពី​អ្នកស្រែ​ផលិត​ទាំងអស់​។ ក្នុងនោះ​រួមមាន​៖ បន្លែ ត្រី សាច់ ពោត សណ្តែក ឬ កសិផល​ផ្សេងៗ​ទៀត​។​

​ដូច្នេះ ការ​ដៀល​អ្នកស្រែ​របស់​មនុស្ស​មួយចំនួន គឺជា​ទង្វើ​ឆោតល្ងង់ មិន​ស្គាល់​អ្វី​ជា​តម្លៃ​របស់​មនុស្ស​។ ហើយ​ទង្វើ​នេះ ផ្ទុយ​នឹង​ពាក្យ​ទូន្មាន​របស់​ច្បាប់ក្រម​ង៉ុ​យ​មួយ​ឃ្លា​ថា «​កុំ​ដៀល​អ្នកស្រែ ត្រកូល​យើង​ខ្មែរ កុំ​ប្រែ​ក្រឡាស់ ក្រឡេកឃើញ​គុណ ទន់​ខ្លួន​សំពះ កុំ​ធ្វើ​អ្នក​ណាស់ កុំ​ត្មះ​អ្នកក្រ​»​។ លើសពីនេះ អ្នកមាន​គួរ​ចេះ​ជួយ​អ្នកក្រ មាន​ក្តី​អាណិតអាសូរ និង​យោគយល់​គ្នា មើលគ្នា​ក្នុង​ក្រសែភ្នែក​ជា​ភាតរភាព និង​ជា​មនុស្សជាតិ​ដូចគ្នា សម​ដូច​ពាក្យ ស្លោក​មួយ​ឃ្លា​ថា «​អ្នកមាន​រក្សា​ខ្សត់ ដូច​សំពត់​ព័ន្ធ​ពី​ក្រៅ អ្នកប្រាជ្ញ​រក្សា​ខ្លៅ ដូច​សំពៅ​ពឹង​សំប៉ាន​»៕


© រក្សាសិទ្ធិដោយ thmeythmey.com