ជាតិ
ទេសចរ​ចិន​មក​កម្សាន្ត​ខេត្តសៀមរាប​អំឡុង​បុណ្យចូលឆ្នាំ​ចិន​ធ្លាក់ចុះ​
09, Feb 2016 , 1:22 pm        
រូបភាព
​សៀមរាប​៖ បើទោះជា​មិនទាន់មាន​របាយការណ៍​បញ្ជាក់​ក៏ពិតមែន ប៉ុន្តែ​មានការ​កត់សម្គាល់ឃើញ​ថា បរិមាណ​ទេសចរ​ចិន​ដែល​មក​កម្សាន្ត​អំឡុង​បុណ្យចូលឆ្នាំ​ចិន​នៅ​ខេត្តសៀមរាប ធ្លាក់ចុះ​គួរ​ឲ្យ​កត់សម្គាល់​។ សណ្ឋាគារ​មួយចំនួន​អះអាងថា គេ​មានលទ្ធភាព​គ្រប់គ្រាន់​ដើម្បី​ទទួល​ទេសចរ​ចិន ខុសពី​ឆ្នាំទៅ ដែលមាន​បរិមាណ​លើស​។



​ទេសចរ​ជនជាតិ​ចិន ដែល​មក​កម្សាន្ត​ក្នុង​ខេត្តសៀមរាប អំឡុង​ពិធីបុណ្យ​ចូលឆ្នាំ​ចិន​នេះ ថយចុះ​ជាង​ឆ្នាំទៅ​។ នេះ​ជាការ​កត់សម្គាល់​របស់​សមាគម​មគ្គុទ្ទេសក៍​ទេសចរណ៍​ចិន និង​សណ្ឋាគារ​នៅ​ទីក្រុង​សៀមរាប​។ ឆ្នាំំ​ទៅ មគ្គុទ្ទេសក៍​ទេសចរណ៍​ចិន មាន​ពេល​សម្រាក​តិចតួច ឫ​សឹង​ថា​គ្មាន​ផង ដោយ​ភ្ញៀវទេសចរ​ចិន​ចុះ​មកលេង​ខេត្តសៀមរាប​ច្រើន​។ ចំណែក​សណ្ឋាគារ​វិញ​ក៏​ដូចគ្នា ឆ្នាំទៅ​សណ្ឋាគារ​ខ្លះ​បិទ​ការ​កក់​មុន​កំណត់ ដោយសារតែ​លើស​ចំនួន និង​គ្មាន​បន្ទប់​សម្រាប់​ភ្ញៀវ​ស្នាក់នៅ​។​

​លោក យឿ​ង វ៉ាន់​យុង ប្រធាន​សមាគម​មគ្គុទ្ទេសក៍​ទេសចរណ៍​ភាសា​ចិន​-​កម្ពុជា ពន្យល់ថា មូលហេតុ​នៃ​ការធ្លាក់ចុះ​ភ្ញៀវ​ចិន គឺ​ដោយសារ​សេដ្ឋកិច្ច​ចិន​ធ្លាក់ចុះ រួមផ្សំ​និង​បញ្ហា​អសុ​ន្តិ​សុខ​ពិភពលោក​។ «​ឆ្នាំទៅ មគ្គុទ្ទេសក៍​យើង (​ចិន​) គឺ​រវល់​រហូត ប៉ុន្តែ​ឆ្នាំនេះ មគ្គុទ្ទេសក៍​ខ្លះ មាន​ពេល​សម្រាប់​ចូលឆ្នាំ និង​ជួបជុំ​ក្រុមគ្រួសារ​នឹង​គេឯង​»​។ នេះ​ជាការ​លើកឡើង​របស់លោក វ៉ាន់​យុង​។ បើតាម​លោក វ៉ាន់​យុង ដដែល រាល់​ឆ្នាំ​ក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ម្តងៗ ទេសចរ​ចិន​តែង​ដើរ​កម្សាន្ត​រយៈពេល​មួយ​សប្តាហ៍ មានន័យថា រហូតដល់​ថ្ងៃទី​១៥ កុម្ភៈ ទើប​ពួកគេ​ត្រឡប់​ទៅ​ស្រុក​វិញ និង​អស់​ចំហាយ​ចូលឆ្នាំ​។ អំឡុង​ពេលនេះ មាន​ទេសចរ​ចិន​ជា​ហូរហែ ចុះ​មកលេង​ខេត្តសៀមរាប ប៉ុន្តែ​មិនមាន​ច្រើន​ទេ​។ នេះ​ជាការ​បញ្ជាក់បន្ថែម​រប​ស់លោក វ៉ាន់​យុង​។​

​ចំណែក​ខាង​សណ្ឋាគារ​វិញ ការ​ស្នាក់នៅ​របស់​ភ្ញៀវ​ចិន ក៏​រៀង​ធ្លាក់​បន្តិច​ដែរ​។ មិនមាន​តួលេខ​បញ្ជាក់ តែ​កញ្ញា អុន ដា​លី បុគ្គលិក​ផ្នែក​លក់​នៃ​សណ្ឋាគារ អេ​ម​ព្រីស អង្គរ (EMPRESS Angkor) មើលឃើញ​ពី​ភាពស្ងប់ស្ងាត់​របស់​ទេស​ចរ​ចិន​។ កញ្ញា ដា​លី អះអាងថា កាលពី​ឆ្នាំទៅ តាម​ក្រុមហ៊ុន​មួយៗ​សម្រុក​កក់​បន្ទប់​នៅ​សណ្ឋាគារ អេ​ម​ព្រីស ដែល​ធ្វើ​ឲ្យ​សណ្ឋាគារ​លែង​ទទួល តែ​សម្រាប់​ឆ្នាំនេះ ផ្សេង​ពី​ឆ្នាំទៅ គឺ​ចំនួន​ភ្ញៀវ​ល្មម មិនតិច​ហើយក៏​មិន​ច្រើន​នោះដែរ​។​

​ហេតុផល​ត្រូវបាន​កញ្ញា ដា​លី ពន្យល់ថា ដោយសារ​ខាង​សណ្ឋាគារ​មាន​គោលការណ៍​ដំឡើងថ្លៃ​បន្ទប់ ការដំឡើង​ពន្ធ​របស់​រដ្ឋាភិបាល និង​ការកើនឡើង​សណ្ឋាគារ ដែលមាន​ការប្រកួតប្រជែង​ខ្ពស់​ជាដើម​។ «​ភាគច្រើន​ភ្ញៀវ​ចិន គាត់​ចូលចិត្ត​ស្នាក់នៅ​សណ្ឋាគារ​ត្រឹម​ផ្កាយ​៣ ឫ​ផ្កាយ​៤ តែ​សម្រាប់​អេ​ម​ព្រីស គឺ​សណ្ឋាគារ​លំដាប់​ផ្កាយ​ប្រាំ​»​។ នេះ​ជា​មូលហេតុ​មួយ​ផ្សេងទៀត ដែល​កញ្ញា ដា​លី ទាញ​បញ្ចូល​គ្នា​ពី​ការធ្លាក់​ភ្ញៀវ​ជនជាតិ​ចិន ក្នុង​សណ្ឋាគារ​អេ​ម​ព្រីស​។​

​ផ្ទុយ​ពីនេះ ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​ប្រចាំ​ខេត្តសៀមរាប លោក ផាវ ព្រឿ​ន បញ្ជាក់ថា តួលេខ​ទេសចរ​ចិន​ស្រដៀង​នឹង​ឆ្នាំទៅ​ដែរ​។ លោក ព្រឿ​ន បញ្ជាក់ថា ទេសចរ​ចិន​ដែល​មក​កម្សាន្ត​ក្នុង​ខេត្តសៀមរាប​អំឡុង​បុណ្យចូលឆ្នាំ​នេះ គឺមាន​ប្រហាក់ប្រហែល​នឹង​ឆ្នាំទៅ​។ ហេតុផល​ដោយសារ ប្រធាន​សមាគម​រូបនេះ បានឃើញ​វត្តមាន​ទេសចរ​ជនជាតិ​ចិន​ជាច្រើន​នៅ​តំបន់​រមណីយដ្ឋាន​នានា ជាពិសេស​នៅតាម​សណ្ឋាគារ​មួយចំនួនធំ នៅ​ទីក្រុង​សៀមរាប​៕

© រក្សាសិទ្ធិដោយ thmeythmey.com