អន្តរជាតិ
សមុទ្រ​ចិន​ខាងត្បូង និង​ការប្រឆាំង​ភេរវកម្ម​ជា​ប្រធានបទ​សំខាន់​ក្នុង​កិច្ចប្រជុំ​អូ​បា​ម៉ា​-​មេដឹកនាំ​អាស៊ាន​ខាងមុខ​
11, Feb 2016 , 8:39 pm        
រូបភាព
​ហូ​ណូ​លូ​លូ​-​អាមេរិក​៖ មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​អាមេរិក​បាន​បញ្ជាក់ថា នៅក្នុង​កិច្ចប្រជុំ​កំពូល​អាមេរិក -​អាស៊ាន នៅ​ថ្ងៃ ១៥ ដល់​១៦​កុម្ភៈ​ខាងមុខនេះ នឹង​ផ្តោតលើ​បញ្ហា​ច្រើន​រួមមាន​សេដ្ឋកិច្ច សន្តិសុខ នយោបាយ បរិស្ថាន​ផង​។ ទោះបីជា​បញ្ហា​មាន​ច្រើន ក្នុង​របៀបវារៈ​នៃ​កិច្ចប្រជុំ​ក៏ដោយ ក្នុងស្ថានភាព​ប​ច្នុ​ប្បន្ន ប្រធានាធិបតី​និង​មេដឹកនាំ អាស៊ាន​នឹង​ផ្តោត​ខ្លាំង​លើ​ជម្លោះដែនសមុទ្រ​និង​ការប្រឆាំង​ភេរវកម្ម​ប្រធានបទ​ផ្សេងទៀត​។



​នៅ​ថ្ងៃ ១៥ កុម្ភៈ​ខាងមុខ​ប្រធានាធិបតី​បា​រ៉ា​ក់ អូ​បា​ម៉ា នឹង​អញ្ជើញ​ទៅកាន់​ទីក្រុង Rancho Mirage នៅ​រដ្ឋកា​លី​ហ្វី​នីញ៉ា​ដើម្បី​ស្វាគមន៍​ប្រមុខរដ្ឋ ប្រមុខ​រដ្ឋាភិបាល​អាស៊ាន​ទាំង​១០ ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​អាមេរិក​។ ពាក់ព័ន្ធ​កិច្ចប្រជុំ​ជា​ប្រវត្តិសាស្ត្រ​និង​ជា​ផ្នែក​មួយ​នៃ​នយោបាយ​ពង្រឹង​ឥទ្ធិពល​អាមេរិក​ឡើងវិញ​នៅ​អាស៊ី​ប៉ាស៊ីហ្វិក​នេះដែរ ទីប្រឹក្សា​សន្តិសុខ រង​ទទួលបន្ទុក​ទំនាក់ទំនង​យុទ្ធសាស្ត្រ​លោក Ben Rhodes បានបញ្ជាក់​ច្បាស់​នៅ​ថ្ងៃ​ពុធ​ទី ១០​កុម្ភៈ​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្តីពី​កិច្ចប្រជុំ​កំពូល​អាមេរិក អាស៊ាន​ថា បញ្ហា​សន្តិសុខ​ជាច្រើន​រួមទាំង​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​និង​ការប្រឆាំង​ភេរវកម្ម​នឹង​ក្លាយជា​ប្រធានបទ​សំខាន់​ស្ថិតក្នុង​របៀបវារៈ​នៃ​កិច្ចប្រជុំ​។

​បើតាម​ការលើកឡើងរ​បស់​មន្ត្រីជាន់ខ្ពស់​ក្រុង​វ៉ាស៊ីនតោន​នេះ កិច្ចពិភាក្សា​ក្នុង​កិច្ចប្រជុំ​នៅ Sunny Land នៅ​ថ្ងៃ​ទីមួយ​គឺ​ថ្ងៃ​១៥​កុម្ភៈ​នឹង​ផ្តោត​តែ​លើ​បញ្ហា​សេដ្ឋកិច្ច និង​ការលើកកម្ពស់​កិច្ចសហប្រតិបត្តិការ​អា​មេ​រិ​ក​និង​អាស៊ាន​នៅពេល​អនាគត ជាពិសេស​ពី​សារសំខាន់​នៃ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​សម្រាប់​សេដ្ឋកិច្ច​អាមេរិក​ពេលអនាគត​។ វា​ជា​រឿង​ចៀស​មិន​ផុត​ទេ ដែល​កិច្ចពិភាក្សា​នេះ​ក៏​នឹង​ផ្តោ​ល​លើ​អនាគត​នៃ​គម្រោង​ពាណិជ្ជកម្ម​ដៃគូ​អន្តរ​ប៉ាស៊ីហ្វិក (TPP) ដែលមាន​ប្រទេស​១២​ជា​សមាជិក​ក្នុងនោះ​មាន​រដ្ឋ​អាស៊ាន​មួយចំនួន​ចូលរួម​ផង​នោះ​។ អាស៊ាន​ក្លាយជា​សហគមន៍​និង​អង្គការ​ថ្នាក់​តំបន់​ដ៏​សំខាន់​មួយ​ដោយសារ​មាន​ប្រជាជន​វ័យក្មេង​ភាគច្រើន ជាទី​ផ្សារ​ធំ ហើយ​មាន​ទំហំ​សេដ្ឋកិច្ច​លេខ​រៀង​ទី​៧​លើ​លោក និង​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​លេខ​រៀង​៤​របស់​អាមេរិក​ផង​។​

​ក្រៅពី​ជជែក​គ្នា​ផ្តោតលើ​សារសំខាន់​នៃ​ចំណង​សេដ្ឋកិច្ច​អាស៊ាន​និង​អាមេរិក​ក្រោម​ក្របខណ្ឌ​នយោបាយ​ពង្រឹង​ឥទ្ធិពល​អាមេរិក​វិញ​នៅ​អាស៊ី​ប៉ាស៊ីហ្វិក នៅ​ថ្ងៃ ទី ១៦ ជា​ថ្ងៃ​បន្ទាប់​ប្រធានាធិបតី បា​រ៉ា​ក់ អូ​បា​ម៉ា នឹង​យក​ឱកាស​នៃ​កិច្ចប្រជុំ​ដើម្បី​ជជែក​ជាមួយ​មេដឹកនាំ​អាស៊ាន​ពី​បញ្ហា​សន្តិសុខ​ធំៗ​មាន ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង ចលនា​ជ្រុលនិយម រួមជាមួយ បញ្ហា បរិស្ថាន ប្រែប្រួល​អាកាសធាតុ ការរំលោភ​សិទ្ធិមនុស្ស អភិបាលកិច្ច និង​បញ្ហា​តំបន់​មួយចំនួនទៀត​។

​ការជំរុញ​និង​លើកកម្ពស់​រដ្ឋាភិបាល​ប្រជាធិបតេយ្យ ដែលមាន​ការគោរព​សិទ្ធិមនុស្ស និង​អភិបាលកិច្ច នៅក្នុង​តំបន់​អាស៊ាន​នៅតែ​ជា​បញ្ហា​អាទិភាព​សម្រាប់​អាមេរិក​។ បញ្ហា​កើតឡើង​ច្រើន ក៏​ដោយសារ​ប្រទេស​សមាជិក​១០ មាន​ភាព​ចម្រុះ​ផ្នែក​នយោបាយ សេដ្ឋកិច្ច សាសនា ប្រពៃណី​ជាដើម ដែលជា​មូលហេតុ​ធ្វើ​ឲ្យ​អភិបាលកិច្ច​និង​ស្ថានភាព​សិទ្ធិមនុស្ស​ប្រឈម​ការគំរាមកំហែង​ច្រើន​។ ដូចដែល​ឃើញស្រាប់ អង្គការ​សង្គម​ស៊ីវិល​បានស្នើ​ឲ្យ​លោក បា​រ៉ា​ក់ អូ​បា​ម៉ា ដាក់​លើកយក​បញ្ហា រ​រំលោភ​សិទ្ធិមនុស្ស​នៅ​មី​យ៉ាន់​ម៉ា វៀតណាម ឡាវ ថៃ កម្ពុជា​ជាដើម​មក​ជជែក​ដោយផ្ទាល់​ក្នុង​កិច្ចប្រជុំ​។​

​បញ្ហា​សន្តិសុខ​ធំ​មួយ​សម្រាប់​អាស៊ាន​និង​អាមេរិក​គឺ​ការកើនឡើង​ចលនា​ជ្រុលនិយម​និង​ក្រុម​ភេរវជន​។ កិច្ចពិភាក្សា​នេះ​នឹង​ទុកពេល​ឲ្យ​មេដឹកនាំ​អាស៊ាន និង​អាមេរិក​សន្ទនា និង​ស្វែងរក​វិធានការ​និង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ក្នុងការ​អនុវត្ត​ច្បាប់​បន្ថែម​ដើម្បី​ទប់ស្កាត់​និង​ឈានទៅ​កម្ចាត់​ក្រុម​ភេរវជន​ដូចជា​ក្រុម​ដែ​ស្ហ​ឬ​ក្រុម​រដ្ឋ​ឥស្លាម​ជាដើម​។ ការវាយប្រហារ​លើ​ទីក្រុង​ហ្សា​ការ​តា​កាលពី​ខែ​មុន បានក្លាយ​ក្តីកង្វល់ និង​ជា​សារ​មួយ​សម្រាប់​ប្រទេស​ក្នុង​តំបន់​និង​សហរដ្ឋអាមេរិក​ផងដែរ​។​

​ចំណែក ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​នៅតែ​ជា​បញ្ហា​ចម្រូងចម្រាស​ជា​គេ ព្រោះ​ប្រទេស​អាស៊ាន​មិន​សាមគ្គី​គ្នា​ដោះស្រាយ​បញ្ហា​ជាមួយ​ចិន​ឡើយ​។ ចិន​ធ្វើ​សកម្មភាព​រំលោភបំពាន​ដោយ​សង់​កោះ​សិប្បនិម្មិត ចុះ​យន្តហោះ​នៅលើ​កោះ​និង​ឈានទៅ​បង្កើត​សកម្មភាព​យោធា​នៅ​តំបន់​ជម្លោះ​ផង ដោយមាន​បំណង​គំរាម​ភាគី​ជម្លោះ​តូចៗ​។ កិច្ចប្រជុំ​នេះ នឹងធ្វើ​ឡើង ក្រោម​ការឃ្លាំមើល​យ៉ាង​ជិតស្និទ្ធ​ពី​សំណាក់​ចិន​។ គេ​នៅ​មិនទាន់​ដឹង​ច្បាស់​ថា វា​នឹងមាន​សេចក្តីថ្លែងការណ៍​រួម​ក្រោយ​កិច្ចប្រជុំ​កំពូល​ឬ​អត់​ឡើយ ហើយក៏​មិនដឹងថា ប្រទេស​មិនមែនជា​ជម្លោះ​ដូចជា​កម្ពុជា ឡាវ​និង​ថៃ រង​សម្ពាធ​ពី​ចិន​ឬក៏​អត់ មុនពេល​កិច្ចប្រជុំ​នេះ​។​

​ទោះបី​មានការ​បារម្ភ​ថា បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​នឹង​ក្លាយជា​រឿង​រសើប​និង​ចម្រូងចម្រាស​សម្រាប់​កិច្ចប្រជុំ​នេះ​ក៏ដោយ  លោក Ben Rhodes បាន​សង្កត់ធ្ងន់ថា កិច្ច​ពិ​ភា​ក្ស​គឺជា​ត្រឹម​ពេលដែល​លោក​ប្រធានាធិបតី ជជែក​បន្ថែម​ជាមួយ​មេដឹកនាំ​អាស៊ាន​ពី​ជំហរ​របស់​អាមេរិក​ដែលមាន​បច្ចុប្បន្ន​ក្នុងការ​ការពារ​សេរីភាព​នាវាចរណ៍​នៅ​សមុទ្រ​ចិន​ខាងត្បូង  សេរីភាព​នៃ​ការហោះហើរ​។ ហើយ​លោក អូ​បា​ម៉ា ក៏​បន្ត​ពិភាក្សា​ពី​ការដោះស្រាយ​ជម្លោះដែនសមុទ្រ​ដោយ​សន្តិវិធី និង​ពឹង​លើ​ច្បាប់​អន្តរជាតិ ដែលជា​អ្វីដែល​ប្រទេស​អាស៊ាន​ចង់បាន​ដែរនោះ​។ ប៉ុន្តែ​ជានិច្ច​ជា​កាល អាមេរិក​តែ​ផ្ញើរ​សារ​ព្រមាន​ទៅ​ចិន កុំ​ប្រើប្រាស់​កម្លាំង​គំរាម​រដ្ឋ​តូចៗ​ដែលមាន​ជម្លោះ​ជាមួយ​ខ្លួន ហើយ​អាមេរិក​កាន់​សកម្ម​ជាមុន ដោយ​បញ្ជូន​នាវាចម្បាំង ដើរ​ប្រមែរ​ប្រមូល​ភាគី​នានា​ឲ្យ​ចូលមក​ពាក់ព័ន្ធ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​ថែមទៀត​។ 

​តាមពិតទៅ ប្រធានាធិបតី​បា​រ៉ា​ក់ អូ​បា​ម៉ា បាន​ជជែក​ជាមួយ​លោក ស៊ី ជិន​ពីង​ប្រធានាធិបតី​ចិន រួចរាល់​ហើយ​ក្នុងឱកាស​បុណ្យចូលឆ្នាំ​ចិន​ពី​បរិបទ​កិច្ចប្រជុំ​នេះ​ជារួម​។ លោក​បាន​ថ្លែងប្រាប់​មេដឹកនាំ​ចិន​ផ្ទាល់ ថា​អាមេរិក​រក្សា​ជំហរ​ដដែល​ក្នុងការ​គាំទ្រ​សេរីភាព​នាវាចរណ៍ រក្សា​សន្តិសុខ​ដែនសមុទ្រ និង​ការដោះស្រាយ​បញ្ហា​ជម្លោះ​ដោយ​សន្តិវិធី ផ្អែកលើ​ច្បាប់ និង​លិខិតបទដ្ឋាន​អន្តរជាតិ​ជាដើម​។ នេះ​មានន័យថា លោក ស៊ី ជិន​ពីង ដឹង​ច្បាស់​ពីអ្វី​ដែលមាន​ក្នុង​កិច្ចពិភាក្សា​ខាងមុខ ហើយ​វា​ក៏​មិន​ធ្វើ​ឲ្យ​របប​ដឹកនាំ​ក្រុង​ប៉េកាំង​អាក់អន់​ស្រពន់​ចិន ឬ​ខឹងសម្បារ​អ្វី​ទេ​។ ហើយ​កាលពី​សប្តាហ៍​មុន មន្ត្រី​អាមេរិក​ក៏​ចេញមុខ​បកស្រាយ​ម្តង​ដែរ​ថា កិច្ចប្រជុំ​នៅ Sunnylands​មិនមែន​ធ្វើឡើង​ដើម្បី​ប្រឆាំង​ប្រទេស​ចិន​ឡើយ​៕


Tag:
 ​សមុទ្រ​ចិន​ខាងត្បូង​
  ភេរវកម្ម​
  អូ​បា​ម៉ា​
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com