អន្តរជាតិ
អតីតយុទ្ធជនសង្គ្រាមលោកលើកទី២ជួបសង្សារចាស់ខ្លួនវិញក្រោយបែកគ្នាជាង៧០ឆ្នាំ
×
បន្ទាប់ពីមានការទាក់ទងគ្នាតាម Skype គូស្នេហ៍ចាស់កាលពីសង្គ្រាមលោកលើកទីពីរ បានជួបមុខគ្នាជាលើកដំបូង ក្រោយបែកគ្នារយៈពេលជាង៧០ឆ្នាំ។ នេះជាកាដូដ៏មានន័យក្នុងទិវានៃក្តីស្រឡាញ់ សម្រាប់លោកតា Norwood Thomas ជនជាតិអាមេរិក អាយុ៩៣ឆ្នាំ និងលោកយាយ Joyce Morris ជនជាតិអង់គ្លេស អាយុ៨៨ឆ្នាំ។
កាលពីអំឡុងឆ្នាំ១៩៤៤ លោក Norwood Thomas ក្នុងវ័យ២១ឆ្នាំ ជាទាហានឆត្រយោងដ៏ស្រស់សង្ហាម្នាក់របស់អាមេរិក ដែលបានបំពេញបេសកកម្មនៅ ក្នុងទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស និងជាទីកន្លែងដែលលោកបានសាងស្នេហ៍ជាមួយ Joyce Durrant [ឈ្មោះរបស់លោកយាយ Morris ដែលបានប្រើប្រាស់កាលពីក្មេង]។ នេះបើយោងតាមការផ្សាយរបស់ The Guardian។
ក្រោយពីមានទំនាក់ទំនងដ៏ស្អិតល្មួតរាប់ខែ លោក Thomas ត្រូវវិលត្រឡប់ទៅមាតុភូមិវិញ។ ប៉ុន្តែលោកបានសរសេរសំបុត្រជាច្រើនច្បាប់ដើម្បីសុំកញ្ញា Morris រៀបការ។ ប៉ុន្តែ Morris គិតថាលោក Thomas បានរៀបការរួចហើយ គាត់ក៏ឈប់សរសេរសំបុត្រឆ្លើយ ហើយក៏បានផ្តាច់ទំនាក់ទំនងចាប់ពីពេលនោះតទៅ។
ក្រោយមក ពួកគាត់បានរៀបការ។ ភរិយារបស់លោក Thomas បានទទួលមរណភាពកាលពីឆ្នាំ២០០១ ហើយលោកយាយ Morris បានលែងលះស្វាមីក្រោយរួមរស់ជាមួយគ្នាអស់រយៈពេល៣០ឆ្នាំ។ កាលពីឆ្នាំមុន លោកយាយ Morris បានប្រាប់កូនប្រុសម្នាក់របស់ខ្លួនឲ្យស្រាវជ្រាវរកឈ្មោះ លោកតា Thomas នៅតាមប្រព័ន្ធអ៊ីនធឺណិត ហើយទីបំផុត ពួកគេបានរកឃើញឈ្មោះនៅក្នុងអត្ថបទមួយរបស់សារព័ត៌មាន Virginian-Pilot។
ពួកគាត់បានភ្ជាប់ទំនាក់ទំនងគ្នាតាម Skype ហើយបានរំលឹករឿងរ៉ាវស្នេហាកន្លងមក។ កាលពីថ្ងៃពុធ ទី១០ ខែកុម្ភៈ លោក Thomas បានធ្វើដំណើរពីរដ្ឋ Virginia សហរដ្ឋអាមេរិក ដើម្បីទៅជួបលោកយាយ Morris ដែលជាគូស្នេហ៍ចាស់របស់ខ្លួន ហើយបច្ចុប្បន្នរស់នៅក្នុងក្រុង Adelaide ប្រទេសអូស្ត្រាលី។
ពួកគាត់ជួបគ្នា ហើយឱបគ្នាយ៉ាងណែន ជាមួយនឹងក្តីនឹករលឹកបំផុត។ ក្នុងបទសម្ភាសជាមួយទូរទស្សន៍អូស្ត្រាលី Channel 10 លោកតា Thomas បានមានប្រសាសន៍ថា៖ «នេះជារឿងដ៏មហាអស្ចារ្យបំផុតដែលបានកើតឡើងចំពោះខ្ញុំ។ យើងមានគម្រោងដើរលេងជាមួយគ្នា ក្នុងរយៈពេល១៥ថ្ងៃពេញ»។ លោកយាយ Morris បានយាយជាមួយនឹងសំណើចថា៖ «ល្អណាស់»។
អ្វីដែលគួរឲ្យកត់សម្គាល់នោះ គឺតម្លៃមួយផ្នែកនៃសំបុត្រយន្តហោះរបស់លោកតា Thomas មានការចូលរួមបរិច្ចាគពីអ្នកដែលបានតាមដានរឿងរ៉ាវស្នេហាដ៏កម្សត់នេះ៕
ទស្សនាវីដេអូខាងក្រោម
VIDEO
VIDEO
Tag:
ទិវានៃក្តីស្រឡាញ់
© រក្សាសិទ្ធិដោយ thmeythmey.com