ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក មា​ជ សុវណ្ណ​រ៉ា បរាជ័យ​ជា​លើក​ទី​២​ក្នុង​ការសុំ​ទៅ​ព្យាបាល​ជំងឺ​នៅ​បរទេស​
17, Mar 2016 , 4:07 pm        
រូបភាព
ក្រោយពី​ដាក់ពាក្យ​ទៅកាន់​សាលាឧទ្ធរណ៍​ដើម្បី​សុំ​ទៅ​ព្យាបាល​ជំងឺ​នៅ​ប្រទេសក្រៅ ស្ថាប័ន​តុលាការ​ជាន់ខ្ពស់​មួយ​នេះ បាន​កោះហៅ​លោក មា​ជ សុវណ្ណ​រ៉ា រួមទាំង​សកម្មជន​បក្ស​សង្គ្រោះ​ជាតិ​១០​នាក់​ទៀត ចូល​ឆ្លើយបំភ្លឺ នាពេល​ព្រឹក ថ្ងៃទី​១៧ ខែមីនា នេះ​។ ប៉ុន្តែ​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​បាន​បដិសេធ​សំណើ​របស់​ជនជាប់ចោទ​។​



​វា​ជា​លទ្ធផល​អវិជ្ជមាន​ស​ម្រា​ប់លោក មា​ជ សុវណ្ណ​រ៉ា ដែល​សាលាឧទ្ធរណ៍ ច្រានចោល​សំណើសុំ​នៅក្រៅ​ឃុំ ដើម្បី​ទៅ​ព្យាបាល​ជំងឺ​នៅ​សហរដ្ឋអាមេរិក​។ លោក មា​ជ សុវណ្ណ​រ៉ា និង​សកម្មជន​បក្សប្រឆាំង​ទាំង​១០​ទៀត ត្រូវបាន​សាលាឧទ្ធរណ៍ កោះហៅ​ទៅ​សាកសួរ អស់​រយៈពេល​ជិន​៤​ម៉ោង នៅថ្ងៃនេះ​។ ការកោះហៅ​នេះ ដោយសារតែ​មេធាវី​ការពារ​ក្តី​របស់​ជនជាប់ចោទ​ទាំង​១១​រូប បាន​ប្តឹង​ជំទាស់ នឹង​សេចក្តីសម្រេច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ លើ​ករណី​ចំនួន​២ ។​

ករណី​ទី​១ ប្តឹង​ជំទាស់​នឹង​សេចក្តីសម្រេច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​បាន​បដិសេធ​មិន​ឲ្យ​លោក មា​ជ​សុវណ្ណ​រ៉ា នៅក្រៅ​ឃុំ​ដើម្បី​ទៅ​ព្យាបាល​ជំងឺ​នៅ​សហរដ្ឋអាមេរិក​។ ប៉ុន្តែ​ជា​អកុសល​សម្រាប់​សកម្មជន​បក្សប្រឆាំង​រូបនេះ ដែល​សាលាឧទ្ធរណ៍​មិនបាន​ធ្វើតាម​សំណូមពរ ពោលគឺ​ស្ថាប័ន​កាត់ក្តី​ជាន់ខ្ពស់​មួយ​នេះ បានចាត់ទុក​សេចក្តីសម្រេច​របស់​សាលាជំនុំ​ជម្រះក្តី​ជាន់​ទាប ថា​ត្រឹមត្រូវ​។

បើតាម​លោក ជូ​ង ជូ​ងឺ មេធាវី​ការពារ​ក្តី​របស់​លោកមា​ជ សុវណ្ណ​រ៉ា ការបដិសេធ​របស់​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម ស្ថិតនៅក្រោម​ហេតុផល​២ គឺ ១ ចៅក្រម​អះអាងថា លោក មា​ជ សុវណ្ណ​រ៉ា មិនមាន​ជំងឺ​អ្វី​ធ្ងន់ធ្ងរ​ឡើយ ហើយ​ទី​២ ចៅក្រម​យល់ថា គ្រូពេទ្យ​នៅ​កម្ពុជា មាន​សមត្ថភាព​គ្រប់គ្រាន់​ដើម្បី​ព្យាបាល​លោក មា​ជ សុវណ្ណ​រ៉ា​។ 

មេធាវី​រូបនេះ អះអាងថា លោក មា​ជ សុវណ្ណ​រ៉ា ត្រូវ​បន្ត​ព្យាបាល​ក្បាល​របស់លោក ដែល​បាន​ប៉ះទង្គិច​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍ មុនពេល​ជាប់ពន្ធនាគារ ហើយ​ម្យ៉ាងទៀត លោក មា​ជ សុវណ្ណ​រ៉ា ក៏មាន​សញ្ជាតិ​អាមេរិក ផងដែរ​។  លោក ជូ​ង ជូ​ងី សោកស្តាយ​យ៉ាងខ្លាំង ដែល​ចៅក្រម​មិន​ទទួលយក​ហេតុផល​នេះ ។​

កន្លងមក លោក មា​ជ សុវណ្ណារ៉ា បានស្នើ​ឲ្យ​សាលាដំបូង​រាជធានី​ភ្នំពេញ ដោះលែង​លោក​នៅក្រៅ​ឃុំ ដើម្បី​បាន​ទៅ​ព្យាបាល​ជំងឺ ព្រមទាំង​បាន​ជួប​ភរិយា​និង​កូន នៅ​សហរដ្ឋ​អារ​មេ​រិ​ក ។ ប៉ុន្តែ សាលាជំនុំ​ជម្រះក្តី​ជាន់​ទាប​មួយ​យ​នេះ បាន​បដិសេធ​។ 

ករណី​ទី​២ ប្តឹង​ជំទាស់​នឹង​សេចក្តីសម្រេច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​ស​ម្រ​ច​ឲ្យ​លោក មា​ជ សុវណ្ណ​រ៉ា និង​សកម្មជន​ទាំង​១០​រូប​ទៀត ជាប់ពន្ធនាគារ​ចាប់​១៥​ឆ្នាំ ដល់ ២០​ឆ្នាំ​។ ប៉ុន្តែ​សម្រាប់​ករណី​ទី​២​នេះ សាលាឧទ្ធរណ៍​មិនទាន់​សម្រេច​នៅឡើយ​ទេ​។ លោក ជូ​ង ជូ​ងី អះអាងថា លោក នឹង​ជំរុញ​ឲ្យ​សាលាឧទ្ធរណ៍ បើកសវនាការ​ឲ្យ​បាន​ឆាប់រហ័ស ដើម្បី​សម្រេច​សំណុំ​រឿងនេះ​។

លោក ជូ​ង ជូ​ងី ថា មូលហេតុ​ដែល​លោក​ប្តឹង​ឧទ្ធរណ៍​នេះ ដោយសារតែ​ការសម្រេច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ បានធ្វើ​ខុស​នីតិវិធី​ក្រមព្រហ្មទណ្ឌ​។ លោក​បញ្ជាក់​ពី​ផ្លូវច្បាប់​បែបនេះ​ថា ការសម្រេច​របស់​តុលាការ​ក្នុង​បទល្មើស​ព្រហ្មទណ្ឌ  មិនអាច​ដំណើរការ​ទៅដោយ​គ្មាន​មេធាវី​របស់​ជនជាប់ចោទ​ឡើយ​។

កាលពី​ថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ​២០១៥ សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បើកសវនាការ​លើ​សំណុំរឿង​លោក មា​ជ សុវណ្ណ​រ៉ា និង​សកម្មជន​ទាំង​១០ នាក់​នោះ ដោយ​គ្មាន​មេធាវី​របស់​ពួកគេ​នោះទេ​។ តុលាការ​ជាន់​ទាប​មួយ​នេះ  បាន​ចោទប្រកាន់​លោក មា​ជ សុវណ្ណ​រ៉ា និង​សកម្មជន​ទាំង​១០​នាក់ ពីបទ​ដឹកនាំ​ធ្វើ​កុបកម្ម ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ និង​ផ្តើមគំនិត​ក្នុង​អំពើហិង្សា ដោយ​ចេតនា មាន​ស្ថាន​ទម្ងន់ទោស នៅក្នុង​ហេតុការណ៍​ប៉ះទង្គិច​គ្នា នៅលើ​ស្ពាន​នាគ កាលពី​ថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០១៤ ៕



Tag:
 មាជ សុវណ្ណរ៉ា
  សកម្ម​ជន​សង្គ្រោះ​ជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com