អន្តរជាតិ
​លទ្ធផល​រឹងមាំ និង​ចក្ខុវិស័យ​វិជ្ជមាន ជំរុញ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​អម្រឹត​ឲ្យ​រីកចម្រើន​
22, Mar 2016 , 4:13 pm        
រូបភាព
ដោយ: ថ្មីៗ
 នៅក្នុង​កិច្ចប្រជុំ​នា​សប្ដាហ៍​នេះ គណៈកម្មការ​នាយករ​បស់ អម្រឹត ដែលជា គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ឈានមុខ​គេ​មួយ​នៅ​កម្ពុជា និង​បានទទួល​ដំណឹង ដែល​ធ្វើ​ឲ្យ​អម្រឹត​កាន់តែ​បោះជំហាន​រីកចម្រើន​ទៅមុខ​ថែមទៀត​សម្រាប់​ឆ្នាំ ២០១៦​នេះ ហើយ​នោះ​គឺ​ការវាយតម្លៃ​ខ្ពស់ ការគាំទ្រ​រឹងមាំ​ពី​ដៃគូ​អន្តរជាតិ និង​ការទទួលបាន​កម្ចី​ឥណទាន​ថ្មី​បន្ថែមទៀត​ចំនួន ៥០​លាន​ដុល្លារ​អាមេរិក​ពី​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ​(IFC) ។​



​កាលពីពេល​ថ្មីៗ​កន្លងមកនេះ Microfinanza ដែលជា​ទីភ្នាក់ងារ​អន្តរជាតិ​ឈានមុខ​គេ​មួយ​ដែលមាន​ជំនាញ​ក្នុងការ​វាយតម្លៃ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​បានផ្តល់​ការវាយតម្លៃ​ខ្ពស់​ចំពោះ​ប្រតិបត្តិការ​អាជីវកម្មរ​បស់​អម្រឹត​ក្នុង​ចំណាត់ថ្នាក់ “A-Stable” (A - រឹងមាំ​)​ដែលជា​ចំណាត់ថ្នាក់​ខ្ពស់បំផុត​ក្នុងចំណោម​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​នៅក្នុង​ប្រទេស​កម្ពុជា​។​

​នៅក្នុង​របាយការណ៍​វាយតម្លៃ​ដែល​បានចេញ​ផ្សាយ​កាលពី ដើមឆ្នាំ​នេះ Microfinanza បាន​កោតសរសើរ​ពី “​ប្រសិទ្ធភាព​ប្រតិបត្តិការ និង​កម្រិត​ផលិតភាព​ខ្ពស់​” របស់​អម្រឹត និង​បាន​បង្ហាញថា​អម្រឹត “​បន្ត​ក្តោប​ក្តាប់​ទីផ្សារ​ល្អប្រសើរ​” ។​



​ទីភ្នាក់ងារ Microfinanza ក៏បាន​រំលេច​នូវ​ចំណុចខ្លាំង​នៃ​រចនាសម្ព័ន្ធ​ម្ចាស់​ភាគហ៊ុន​ថ្មី​របស់​អម្រឹត​ផងដែរ ដោយ​លើកសរសើរ​ថា “​បាន​ពង្រឹង​ចក្ខុវិស័យ​យុទ្ធសាស្ត្រ និង​ស្ថិរភាព​ហិរញ្ញវត្ថុ​” របស់​អម្រឹត​។​

​គួរ​រំលឹក​ផងដែរ​ថា កាលពី​ខែ មីនា ឆ្នាំ​២០១៥ កន្លងទៅនេះ អម្រឹត​បានប្រកាស​ពី​ការកែទម្រង់​ដ៏​ធំ​មួយ​ទៅលើ​រចនាសម្ព័ន្ធ​ម្ចាស់​ភាគហ៊ុន​របស់ខ្លួន​ដោយ​ពេលនោះ​ក្រុមហ៊ុន Advans SA ដែលជា​ក្រុមហ៊ុន​វិនិយោគ​មាន​មូលដ្ឋាន​នៅ​លុច​ហ្សំ​ប៊ួ​របា​ន​បង្កើន​ចំណែក​ភាគហ៊ុន​របស់ខ្លួន​និង​ក្លាយទៅជា​ម្ចាស់​ភាគហ៊ុន​ធំ​ខណៈ​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ (IFC) ក៏បាន​វិនិយោគ​ជាមួយ​អម្រឹត​ចំនួន ១៩.៩% ផងដែរ​។​

​កាលពី​ខែ​មុន សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ (IFC) បានប្រកាសថា ខ្លួន​នឹង​ផ្តល់​កញ្ចប់​ហិរញ្ញប្បទាន​ចំនួន​៥០​លាន​ដុល្លារ  អាមេរិក ដល់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​អម្រឹត ដើម្បី​ជួយ​ពង្រីក​លទ្ធភាព​ផ្តល់ប្រាក់​កម្ចី​បន្ថែម​ដល់​អតិថិជន​ដែលជា​ម្ចាស់​អាជីវកម្ម​ខ្នាតតូច និង​មធ្យម​ជាពិសេស​នៅក្នុង​វិស័យ​កសិកម្ម​និង​តាម​ទីជនបទ​។​

​លោក ជា ផល្លា​រិ​ន អគ្គនាយក​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​អម្រឹត បាន​មានប្រសាសន៍ថា “​ជាមួយនិង​ការវាយតម្លៃ​និង​ផ្តល់​ចំណាត់ថ្នាក់​ខ្ពស់​ពី Microfinanza បូកផ្សំ​និង​ហិរញ្ញប្បទាន​បន្ថែម​ពី IFC ដែលជា​ម្ចាស់​ភាគហ៊ុន​មួយ​របស់​យើង ខ្ញុំ​ជឿជាក់ថា​ឆ្នាំ​២០១៦​នេះ អម្រឹត​នឹង​រីកចម្រើន​កាន់តែខ្លាំង​ថែមទៀត ហើយ​យើង​និង​ពង្រីក​សមត្ថភាព​ក្នុង​ការទទួលប្រាក់​បញ្ញើ​បន្ថែម​ដើម្បី​អាច ផ្តល់ប្រាក់​កម្ចី​ដល់​ប្រជាជន​ខ្មែរ​កាន់តែច្រើន ដែល​កំពុង​ប្រឹងប្រែង​អភិវឌ្ឍ​ជីវភាព និង​ងើប​ចេញពី​ភាពក្រីក្រ​”​។​

​មុន​និង​ក្លាយជា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​អម្រឹត​ក្នុង​ឆ្នាំ ២០០៤ ស្ថាប័ន​មួយ​នេះ​បានចាប់ផ្តើម​ប្រតិបត្តិការ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​តាំងពី​ឆ្នាំ​១៩៩១​មក​ម្លេះ​។ កាលពី​ឆ្នាំ​២០០៩ អម្រឹត ទទួលបាន​អាជ្ញាប័ណ្ណ ដែល​អនុញ្ញាត​ឲ្យ​ខ្លួន​ទទួល​ប្រាក់​បញ្ញើ​ពី​អតិថិជន​ជា​លើកដំបូង ហើយ​គិត​ត្រឹម​ខែកុម្ភៈ ឆ្នាំ ២០១៦​នេះ អម្រឹត​មាន​សមតុល្យ​ប្រាក់​បញ្ញើ​សរុប​ប្រមាណ ២១៤ លាន​ដុល្លារ​អាមេរិក និង​បានផ្តល់​ប្រាក់កម្ចី​សរុប​ប្រមាណ ៤៥០ លាន​ដុល្លារ​អាមេរិក ដល់​អតិថិជន​របស់​ខ្លួន​។​

​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​អម្រឹត​មាន​ទីស្នាក់ការ​កណ្តាល​នៅក្នុង​រាជធានី​ភ្នំពេញ និង​កំពុងផ្តល់​ការងារ​ដល់​បុគ្គលិក​ជាង ៣៦០០​នាក់ ដែល​បម្រើការ​នៅក្នុង​សាខា​ចំនួន ១៣៨​កន្លែង នៅ​ទូទាំងប្រទេស​កម្ពុជា​។​

(​អត្ថបទ​ពាណិជ្ជកម្ម )


© រក្សាសិទ្ធិដោយ thmeythmey.com