ជាតិ
សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម ថា​មិនដែល​ឃើញ​អ្នកណា​បញ្ជា​តុលាការ​ទេ​
24, Mar 2016 , 10:39 pm        
រូបភាព
​គេ​ឮ​ពេញ​ត្រចៀក​ទៅហើយ ចំពោះ​ពាក្យ​និន្ទា​ពី​សំណាក់​ប្រជាពលរដ្ឋ​មួយចំនួនធំ និង​អ្នកនយោបាយ​បក្សប្រឆាំង ដែល​ចាត់ទុកថា​ស្ថាប័ន​តុលាការ កំពុងស្ថិត​នៅក្រោម​ការ​បង្គាប់បញ្ជា​ពី​បក្ស​កាន់អំណាច​។ ប៉ុន្តែ សមាជិក​នៃ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​មួយរូប បាន​ច្រានចោល​ការចោទប្រកាន់​នេះ​។



​លោក អ៊ិត រ៉ា​ឌី សមាជិក​មួយរូប​នៃ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម មិនអាច​ទទួលយកបាន​សោះឡើយ ចំពោះ​ពាក្យ​និន្ទា​ពី​សំណាក់​បក្សប្រឆាំង ឬ​អង្គការក្រៅរដ្ឋាភិបាល ដែល​តែង​វាយប្រហារ​ថា​ស្ថាប័ន​តុលាការ សម្រេចសេចក្តី តាម​ការបង្គាប់បញ្ជា​ពី​បក្ស​កាន់អំណាច​។ លោក អ៊ិត រ៉ា​ឌី យល់ស្រប​ត្រង់ចំណុច​ថា មនុស្ស​គ្រប់រូប និង​ស្ថាប​ន័​គ្រប់​ជាន់ថ្នាក់ តែង​សហការ​និង​ផ្សារភ្ជាប់​ទំនាក់​ទំនងជា​មួយ​គ្នា​ទៅវិញទៅមក ដោយ​ជៀស​មិន​រួច ដូច្នេះ ការរង​ឥទ្ធិ​ពពី​ភាគី​ណាមួយ ទៅលើ​ភាគី​មួយ​ផ្សេងទៀត ក៏​តែងតែ​កើតមាន​ដែរ​។ ប៉ុន្តែ លោក​មិន​ឯកភាព​នោះទេ  បើ​ចោទថា តុលាការ​សម្រេចសេចក្តី​តាម​ការបង្គាប់បញ្ជា​ពី​បុគ្គល​អ្នកមានអំណាច​ណា​ម្នាក់​។

​សមាជិក​នៃ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​រូបនេះ បន្ថែមទៀតថា ការចោទប្រកាន់​ពី​ប្រភព​បក្សប្រឆាំង ឬ​ស្ថាប័ន​ផ្សេងៗ គ្រាន់តែ​ជា​លេស​របស់​ពួកគេ​ប៉ុណ្ណោះ​។ លោក​ថា ដើម្បី​មានរឿង​ប្រឆាំង បក្សប្រឆាំង ត្រូវតែ​បង្កើត​រឿង​អ៊ីចឹង​ហើយ​។

​លោក អ៊ិត រ៉ា​ឌី បានបញ្ជាក់​ដូច្នេះ​ថា​៖«​ធម្មតា​ទេ រឿង​ប្រឆាំង​តែង​រក​លេស ដើម្បី​លើកឡើង​។ បើ​គ្មាន​លេស អត់​មាន​អ្វី​ប្រឆាំង​ទេ អ៊ីចឹង​ចេះតែ​ប្រឹងរក​លេស​នេះ លេ​ល​នោះ​ទៅ ដើម្បី​ប្រឆាំង​។ យើង​ដឹង​ហើយ​ថា នៅក្នុង​ប្រទេសមួយ យើង​មិនអាច​រស់នៅ​តែឯង ឬ​ផ្តាច់ខ្លួន​តែឯង​កើត​ទេ គឺ​យើង​ត្រូវ​ស្ថិតនៅក្នុង​ក្របខណ្ឌ​នីតិរដ្ឋ​មួយ ដែល​យើង​រស់នៅ​ជាមួយគ្នា​។ អ៊ីចឹង​វា​ត្រូវ​ទទួល​ឥទ្ធិពល​ខ្លះ​ពី​ខាង​ណេះ ពី​ខាង​ណោះ ដោយ​ជៀស​ឥត​ផុត​ទេ​។ ប៉ុន្តែ យើង​ឃើ​ង​ហើយ​ថា មិនទាន់មាន​នរណា​មួយ​ទៅ​បញ្ជា​តុលាការ ថា​អ្នកឯង​សម្រេច​បែបនេះ អ្នកឯង​សម្រេច​បែប​នោះទេ គឺ​អត់​មាន​ទេ​»​។ យើង​ត្រូវ​យល់​ពី​បញ្ហា​ហ្នឹង​ទាំងអស់គ្នា​»​។​

​លោក  អ៊ិត រ៉ា​ឌី បានថ្លែងបែបនេះទៅកាន់ក្រុមអ្នកសារព័ត៌មាន បន្ទាប់ពីបញ្ចប់ពិធីបើក​សិក្ខាសាលា​ស្តីពី «​ក្រមសីលធម៌​ចៅក្រម​» នៅ​វិមាន​រដ្ឋ​ចម្ការមន នាពេល​ព្រឹក​ថ្ងៃទី​២៤ ខែមីនា​នេះ​។ ឧ​ត្ត​ម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម បាន​កោះហៅ​ប្រធាន​តុលាការ​ជាន់​ទាប​និង​ព្រះរាជអាជ្ញា​អម​តុលាការ​ជាន់​ទាប ទាំង​២៥​រាជធានី​ខេត្ត ចូលរួម​ក្នុង​សិក្ខាសាលា​នេះ ដើម្បី​ពិភាក្សា​ពី​បញ្ហា​ក្រមសីលធម៌​នៃ​អង្គចៅក្រម ក្នុង​គោលបំណង​ពង្រឹង​នូវ​ប្រព័ន្ធយុត្តិធម៌​នៅ​កម្ពុជា ឲ្យ​កាន់​ប្រសើរឡើង​។ សិក្ខាសាលា​នេះ ក៏មាន​ការចូលរួម​ពី​សំណាក់​មន្ត្រី​នៃ​អង្គការក្រៅរដ្ឋាភិបាល​ជាតិ​និង​អន្តរជាតិ ផងដែរ​។​

​បើតាម​រដ្ឋធម្មនុញ្ញ អង្គការ​តុលាការ គឺជា​ស្ថាប័ន​ឯករាជ​និង​អព្យាក្រឹត ដោយ​មិន​ស្ថិតនៅក្រោម​អំណាច​របស់​បុគ្គល​ណាមួយ​ឡើយ​។ បើទោះបីជា​ច្បាប់កំពូល​ចែង​បែបនេះ​មែន តែ​អ្នកនយោបាយ​បក្សប្រឆាំង រួមទាំង​ក្រុម​សង្គម​ស៊ីវិល​មួយចំនួន តែង​វាយប្រហារ​អង្គការ​នីតិ​វិនិច្ឆ័យ​ថា សម្រេច​ក្តី​តាមតែ​ការចង្អុលបង្ហាញ​ពី​បក្ស​កាន់អំណាច ឬ​អ្នកមាន​ឥទ្ធិពល​ណាមួយ ដែល​ធ្វើ​ឲ្យ​ការ​កាត់​មាន​ភាពលម្អៀង​និង​ភាពអយុត្តិធម៌​។

​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ មន្ត្រីជាន់ខ្ពស់​នៃ​បក្សប្រឆាំង លោក អេង ឆៃអ៊ាង បាន​អះអាងថា គណបក្ស​សង្គ្រោះ​ជាតិ រិះគន់​ប្រព័ន្ធយុត្តិធម៌​បែបនេះ គឺ​ដោយសារតែ​មើលឃើញ​ភាពអយុត្តិធម៌​ជាក់ស្តែង​ក្នុងសង្គម តែ​មិនមែន​បង្កើត​លេស ដើម្បី​វាយប្រហារ​ប្រហារ​ស្ថាប័ន​តុលាការ ក្នុង​គោលបំណង​កេងចំណេញ​នយោបាយ​ឡើយ​។ លោក​ថា បើទោះបីជា គណបក្សប្រឆាំង មិន​រិះគន់​ក៏ដោយ ក៏​គេ​គង់តែ​ដឹងឮ​គ្រប់គ្នា​ដែរ ព្រោះនេះ​ជាការ​ពិត ដែល​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយសារតែ​អង្គការ​តុលាការ​នៅ​កម្ពុជា​។​

​ទាក់ទង​នឹង​បញ្ហា​នេះ​ផងដែរ ក្នុងនាម​ជា​ប្រធាន​គណៈកម្មការ​ទី​១​នៃ​រដ្ឋសភា លោក អេង ឆៃអ៊ាង នឹង​កោះហៅ​លោក អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ឲ្យ​ចូល​បំភ្លឺ​ពី​ការអនុវត្ត​របស់​តុលា​ការដែល​ទាក់ទង​នឹង​សិទ្ធិ​ប្រជាពលរដ្ឋ  នៅ​ថ្ងៃទី​២៥ ខែមីនា ឆ្នាំ​២០១៦ ។ ក្នុង​កិច្ចប្រជុំ​នេះ លោក​នឹង​លើកយក​ប្រធាន​ចំនួន ៤ ទៅ​ពិភាក្សា​ជាមួយ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​។ ប្រធានបទ​ទាំងនោះ គឺ ១. ការចាប់ ការឃុំខ្លួន និង​ការផ្តន្ទាទោស​អនីតិជន​, ២. ការឃុំខ្លួន​លើស​នីតិវិធី​កំណត់​, ៣. កំហុស​នៃ​ការអនុវត្ត​នីតិវិធី និង​ការមិន​អនុវត្ត​តួនាទី​របស់​ចៅក្រម និង​ព្រះរាជអាជ្ញា ជុំវិញ​ករណី​វិវាទ​ដីធ្លី និង​វិវាទ​ផ្សេងទៀត​, ៤. ឯករាជ្យភាព​របស់​តុលាការ និង​ការជ្រៀតជ្រែក​៕


Tag:
 ​តុលាការ​
  ឧ​ត្ត​ម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម
© រក្សាសិទ្ធិដោយ thmeythmey.com