ជាតិ
បទវិភាគ
គំនិត​សម្ភារ​និយម​ជ្រុល យាយី​សីលធម៌​សង្គម​ខ្មែរ​!
26, Mar 2016 , 9:59 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ការរីកចម្រើន​នៃ​សម្ភារ​និយម បាន​អូសទាញ​យុវជន​ខ្មែរ​ឲ្យ​វក់វី និង​ប្រព្រឹត្ត​ទង្វើ​គ្រប់បែបយ៉ាង​ដើម្បី​បំពេញ​ភាពទាន់សម័យ​របស់ខ្លួន​។ យុវជន​ខ្លះ បានធ្វើ​ការងារ​គ្រប់បែបយ៉ាង​ដើម្បី​ទទួលបាន​សម្ភារ​ទំនើប​។ ហើយ​ពេលខ្លះទៀត ពួកគេ​បាន​លះបង់​គ្រប់យ៉ាង​ដើម្បី​ដើរ​ឲ្យ​ទាន់​សង្គម​ទំនើប ឬ​ការរស់នៅ​បែប​ស៊ី​វិ​ល័យ​។

 


​មនុស្ស​ជា​អ្នកបង្កើត​សម្ភារ មិនមែន​សម្ភារ​ជា​អ្នកបង្កើត​មនុស្ស​នោះទេ​។ តែ​តម្លៃ​មនុស្ស​នៅក្នុង​សង្គម​ខ្មែរ​ត្រូវបាន​គេ​មើលរំលង ឬ​បោះបង់ចោល ហើយ​គេ​ឲ្យ​តម្លៃ​ទៅលើ​សម្ភារ​វិញ​។ មនុស្ស​មួយចំនួនធំ បាន​យក​តម្លៃ​មនុស្ស​ដាក់​ក្រោម​ទ្រនាប់ជើង តែ​បែរជាយក​តម្លៃ​សម្ភារ​ដាក់​ទួល​លើ​ក្បាល​ទៅវិញ​។ ផ្ទះ​វីឡា រថយន្ត​ថ្មី​ទំនើប ទូរ​សព្ទ​ស្មា​ត​ហ្វូ​ន និង​សម្ភារ​ដទៃទៀត ដែល​បាន​អន្ទង​មនុស្ស​ឲ្យ​ភ្លេចខ្លួន ហើយ​ធ្វើ​ការងារ​គ្រប់បែបយ៉ាង​ដើម្បី​ដើរ​ឲ្យ​ទាន់​សង្គម​ទំនើប​។​

​យុវជន​មួយចំនួន បាន​ប្រព្រឹត្ត​អំពើ​មិន​សមរម្យ​ជាច្រើន​ដើម្បី​បុព្វហេតុ​លុយ មាសប្រាក់ និង​សម្ភារ​ទំនើប​។ ជាក់ស្តែង សារព័ត៌មាន​ក្នុងស្រុក​បាន​ចុះផ្សាយ​ស្ទើរ​រាល់ថ្ងៃ​អំពី​ករណី​ចោរលួច ករណី​ប្លន់ និង​ការកាប់សម្លាប់​មនុស្ស​ជាដើម​។ ករណី​ខ្លះទៀត សូម្បីតែ​បងប្អូន​ខ្លួនឯង ក៏​សម្លាប់​គ្នា​ដើម្បី​ដណ្តើម​ទ្រព្យសម្បត្តិ​ផងដែរ​។ ទាំងនេះ គឺ​សុទ្ធសឹង​កើតឡើង​ពី​សម្ភារ​និយម​ដែលជា​របស់​ក្រៅ​ខ្លួន​។

​សម្ភារ​និយម បាននិងកំពុង​ធ្វើ​ឲ្យ​ទំនាក់ទំនង​មនុស្ស​កាន់តែ​ដាច់​ឆ្ងាយ​។ ពេល​កំពុងធ្វើការ ពេល​កំពុង​រៀន កំពុង​ចូលរួម​សិក្ខាសាលា និង​ពេល​មានកម្ម​វិធី​សង្គម​នានា យុវជន​មួយចំនួន​បាន​ហូត​ស្មា​ត​ហ្វូ​ន​ចេញពី​ហោប៉ៅ​យ៉ាង​សង្ហា ដើម្បី​លេង​ហ្វេ​ស​ប៊ុ​ក​។ ទង្វើ​ទាំងនេះ បានបង្ហាញ​ពី​ការមិន​ខ្វល់ខ្វាយ​ចំពោះ​មនុស្ស​នៅ​ជុំវិញខ្លួន ពីព្រោះ មនុស្ស​ម្នាក់ៗ​រវល់​តែ​ជាមួយ​ទូរ​សព្ទ​ដៃ​។

​ងាក​ទៅ​ម្ខាង​ទៀត គេ​តែង​សង្កេតឃើញថា មាន​នារី​ខ្មែរ​ក្មេងៗ​មួយចំនួន​តូច បាន​លះបង់​ខ្លួនប្រាណ ដោយ​ធ្វើជា​នារី​រកស៊ី​ផ្លូវភេទ ដើម្បី​ប្តូរ​ជាមួយ​ប្រាក់ និង​សម្ភារ​ទំនើប​។ រីឯ​យុវជន​មួយក្រុម​ទៀត បើទោះបីជា​ពួកគេ​មាន​ជីវភាព​ខ្សត់ខ្សោយ​យ៉ាងណាក៏ដោយ ក៏​ពួកគេ​ហ៊ាន​កុហក​ឪពុកម្តាយ ដោយ​សុំ​លុយ​ម្តាយ​ឪពុក​ដែល​រកបាន​ដោយ​លំបាកទៅ​ទិញ​សម្ភារ​ស៊ី​វិ​ល័យ​តាម​មិត្តភក្តិ​អ្នកមាន​។ លើសពីនេះ យុវជន​ខ្លះទៀត ថែមទាំង​លួច​លុយ ឬ​ទ្រព្យសម្បត្តិ​ឪពុកម្តាយ​យកទៅ​ទិញ​សម្ភារ​ទាំងនេះ ដើម្បី​ដើរ​ឲ្យ​ទាន់​សង្គម​ប​ច្ចក​វិទ្យា​ទៀតផង​។

​ដោយឡែក មន្ត្រីរាជការ​មួយចំនួន ហ៊ាន​ប្រព្រឹត្ត​អំពើ​លើ​តុ ឬ​ក្រោម​ក៏​ដោយសារតែ​ពួកគេ​ចង់​រស់នៅ​ជាមួយ​ជីវភាព​ស៊ី​វិ​ល័យ មាន​រថយន្ត​ទំនើប និង​មាន​វីឡា​ធំៗ​។ លើសពីនេះ អ្នកជំនួញ និង​អ្នកនយោបាយ​ខ្លះ ហ៊ាន​ប្រព្រឹត្ត​អំពើ​មិនល្អ​ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​។

​ថ្វី​ដ្បិត សម្ភារ​និយម បង្ក​ភាពងាយស្រួល​ដល់​មនុស្ស​បាន​យ៉ាងច្រើន​យ៉ាងនេះ​ក្តី ប៉ុន្តែ សម្ភារ​និយម ក៏​កំពុង​ធ្វើ​ឲ្យ​មនុស្ស​ក្លាយជា​អ្នក​កាច​សាហាវ​ដែរ​។ លើសពីនេះ សីលធម៌ គុណធម៌ និង តម្លៃ​មនុស្ស ក៏ត្រូវ​កាត់ផ្តាច់​ចេញពី​មនុស្ស​ខ្មែរ​មួយចំនួន ពីព្រោះ​ការ​ឲ្យ​តម្លៃ​សម្ភារ​និយម​ជ្រុល​ហួសហេតុ​នេះឯង​។​

​ដូច្នេះ បុគ្គល​គ្រប់រូប គួរ​មើលគ្នា​ទៅវិញទៅមក ក្នុង​ក្រសែភ្នែក​ជា​ភាតរភាព ហើយ​បោះបង់ចោល​គំនិត​ស្រឡាញ់​សម្ភារ​ជាជាង​ជីវិត​មនុស្ស​។ សុភមង្គល គឺ​ត្រូវ​ពឹង​ផ្អែកលើ​កត្តា​សម្ភារ និង​កត្តា​ស្មារតី​។ ប៉ុន្តែ​សុភមង្គល​ពិត គឺ​ត្រូវ​ពឹង​ផ្អែកលើ​កត្តា​ស្មារតី ដូចជា ភាពជា​មនុស្សធម៌ សីលធម៌ គុណធម៌ និង​តម្លៃពិត​របស់​មនុស្ស​។ ការ​បំប៉ន​រាងកាយ មិនមែនជា​សេចក្តីសុខ​ពិត​ទេ តែ​ការ​បំប៉ន​ស្មារតី ទើប​ជា​សេចក្តីសុខ​ពិតប្រាកដ​។ រាងកាយ​មនុស្ស គឺ​គ្រាន់តែ​ជា​របស់​បណ្តោះអាសន្ន​តែប៉ុណ្ណោះ ពីព្រោះ មនុស្ស​នឹងត្រូវ​ស្លាប់ទៅ​វិញ ដោយ​មិនអាច​យក​អ្វី​តាម​ខ្លួន​បានឡើយ​។ ប៉ុន្តែ កិត្តិយស និង​កេរ្តិ៍ឈ្មោះ គឺជា​របស់​ពិត ដែល​ស្ថិត​ស្ថិរ​គង់វង្ស​យូរអង្វែង ដូច​ពាក្យស្លោក​ខ្មែរ​មួយ​ឃ្លា​ថា​«​ទូក​ទៅ កំពង់​នៅ​»៕


Tag:
 សង្គម​
© រក្សាសិទ្ធិដោយ thmeythmey.com