អន្តរជាតិ
លោក ហូឡង់ អរគុណចំពោះការទម្លាយឯកសារ ហើយសន្យាបើកការស៊ើបអង្កេត លោកប្រធានាធិបតីបារាំង ហ្វ្រង់ស្វ័រ ហូឡង់
× ការបែកធ្លាយឯកសារសម្ងាត់ «Panama Papers» របស់ក្រុមហ៊ុនមេធាវីប៉ាណាម៉ា «Mossack Fonseca» ដែល ទាក់ទងនឹងវិធីដែលមេដឹកនាំពិភពលោក និងមនុស្សល្បី សម្បូរទ្រព្យប្រើប្រាស់លាក់លុយដើម្បីរួចផុតពីការបង់ពន្ធជាដើមនោះ ត្រូវបានលោកប្រធានាធិបតីបារាំង ហ្វ្រង់ស្វ័រ ហូឡង់ ចាត់ទុកថា ជាបច្ច័យដ៏សំខាន់មួយសម្រាប់ការស៊ើបអង្កេត។
យោងតាមការផ្សាយរបស់កាសែត Le Figaro លោកប្រធានាធិបតីបារាំងហ្វ្រង់ស្វ័រ ហូឡង់ បានសម្តែងការរីករាយចំពោះដំណឹងបែកធ្លាយឯកសារគេចពន្ធ។ លោកបានលើកឡើងថា ឯកសារ «#PanamaPapers» បានជួយដល់រដ្ឋាភិបាលបារាំងបើកការស៊ើបអង្កេតលើការគេចពន្ធ និងការអនុវត្តនីតិវិធីច្បាប់។
ថ្ងៃអាទិត្យទី ៣ខែមេសា របាយការណ៍សម្ងាត់ដែលមានចំនួន ១១.៥លានឯកសារឈ្មោះ «ឯកសារប៉ាណាម៉ា» របស់ក្រុមហ៊ុនមេធាវីដ៏ធំមួយនៅប៉ាណាម៉ា «Mossack Fonseca» ដែលត្រូវបានគេចាត់ទុកជាអន្តរការី នោះបានបង្ហាញយ៉ាងច្បាស់ពីរបៀបលាក់លុយរបស់មេដឹកនាំពិភពលោក ក្រុមគ្រួសារមេដឹកនាំទាំងនោះ រួមទាំងតារាល្បីៗដើម្បីរួចផុតពីការបង់ពន្ធ និងអាចពាក់ព័ន្ធបញ្ហាលាងលុយ និងពុករលួយផងដែរ។
ការលេចធ្លាយឯកសារសម្ងាត់ដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រនេះ បង្ហាញថា ក្រុមអ្នកនយោបាយនិងមេដឹកនាំពិភពលោកជាង ១៤០នាក់ ហើយក្នុងនោះមានប្រមុខរដ្ឋនិងអតីតប្រមុខរដ្ឋចំនួន ១២នាក់ផងដែរ។ ជនជាតិបារាំងដែលមានឈ្មោះក្នុងបញ្ជីរួមមានដូចជា លោក Michel Platini ប្រធានសហព័ន្ធកីឡាបាល់ទាត់ទ្វីបអឺរ៉ុបដែលកំពុងជាប់ពិន័យ លោក Jérome Valcke អតីតអគ្គលេខាធិការសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ លោក Jérome Cahuzac អតីតរដ្ឋមន្ត្រីក្រសួងថវិការ លោក Patrick Drahi ប្រធានក្រុមហ៊ុន Numericable-SFR រួមទាំងអ្នកជំនិតរបស់អតីតប្រធានាធីបតី លោក Nicolas Sarkozy ដែលក្នុងនោះមានលោក Ziad Takieddine, Patrick Balkany R Arnaud Claude ជាដើម។
លោក ហ្វ្រង់ស្វ័រ ហូឡង់ បានអះអាងថា៖ «រាល់ព័ត៌មានទាំងអស់នឹងបំភ្លឺផ្លូវសម្រាប់ការស៊ើបអង្កេតលើសេវាបង់ពន្ធ និងនីតិវិធីច្បាប់ផ្សេងៗ»។ លោកបានសម្តែងការអរគុណចំពោះការទម្លាយឯកសារសម្ងាត់ «Panama Papers» នេះ៕
© រក្សាសិទ្ធិដោយ thmeythmey.com