ជាតិ
លោក យ៉ែម បុញ្ញឫទ្ធិ ស្នើ​អ្នកនយោបាយ​គិតពី​គ្រោះរាំងស្ងួត កសិករ​ខ្វះ​ទឹក​ធ្វើស្រែ ជាង​ចំណាយពេល​ឈ្លោះ​គ្នា​
10, Apr 2016 , 9:10 pm        
រូបភាព
លោក យ៉ែម​​ បុញ្ញឫទ្ធិ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ
លោក យ៉ែម​​ បុញ្ញឫទ្ធិ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ
ដោយ: ថ្មីៗ
 អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យ៉ែម បុញ្ញឫទ្ធិ អំពាវនាវ​ឲ្យ​អ្នកនយោបាយ​ខ្មែរ​ឈប់​ចំណាយពេល​ឈ្លោះ​គ្នា តែ​ត្រូវ​រួមគ្នា​ដោះស្រាយ​បញ្ហា​ជាតិ​នៅ​ចំពោះមុខ គឺ​គ្រោះ​រាំង​ស្ងួ​ង ហើយ​កសិករ​គ្មាន​ទឹក​ធ្វើស្រែ​។

 
​បញ្ហា​គ្រោះរាំងស្ងួត កសិករ​គ្មាន​ទឹក​ធ្វើស្រែ ជា​ក្តីកង្វល់​យ៉ាងខ្លាំង​របស់លោក យ៉ែម បុញ្ញឫទ្ធិ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​ព្រៃវែង​។ ក្តីកង្វល់​នេះ បាន​ជំរុញ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​រូបនេះ អំពាវនាវ​ឲ្យ​អ្នកនយោបាយ​ឈប់​ចំណាយពេល​ឈ្លោះ​គ្នា ហើយ​ងាក​មក​ចាប់អារម្មណ៍​បញ្ហា​របស់​ប្រទេសជាតិ​ខាងលើ​វិញ​ម្តង​។ តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន លោក បុញ្ញឫទ្ធិ បាន​សរសេរ​យ៉ាងនេះ​ថា​៖« ការឈ្លោះទាស់ទែង​គ្នា​របស់​អ្នកនយោបាយ គឺ​នាំ​ឲ្យ​ខូច​ពេលវេលា​ជាតិ​។​បញ្ហា​ធំ​ដែល​យើង​គួរ​យកចិត្តទុកដាក់​ដោះស្រាយ​នៅពេលនេះ គឺ​រឿង​គ្រោះរាំងស្ងួត កសិករ​ខ្វះ​ទឹក​ធ្វើស្រែ ពីព្រោះ​កម្តៅ​អាកាសធាតុ​ឡើង​ខ្លាំង​និង​ខ្យល់មូសុង​ដែល​នាំ​ទឹកភ្លៀង​បក់​មក​យឺត​នៅ​ឆ្នាំនេះ នឹងធ្វើ​ឲ្យ​ប្រភពទឹក​ឆាប់​រីងស្ងួត​ហួតហែង ហើយ​រដូវប្រាំង​នឹង​អូសបន្លាយ​ពេលវេលា​យូរ​»​។​
 
​មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រឆាំង​រូបនេះ យល់ថា បញ្ហា​គ្រោះរាំងស្ងួត​នេះ អាចធ្វើ​ឲ្យ​ដី​រាប់សែន​ហិកតា និង​ដំណាំ​កសិកម្ម​ច្រើន​មុខ ជាពិសេស​ដំណាំ​ស្រូវ​ត្រូវ​ក្រៀម​ស្វិត និង​ជីវភាព​កសិករ​ខ្មែរ​រាប់សែន​គ្រួសារ ជួបប្រទះ​ការលំបាក​ជាខ្លាំង​ជាមិនខាន​។ «​ដូច្នេះ​ការចំណាយ​ពេលវេលា​ឈ្លោះទាស់ទែង​គ្នា​នឹង​រឿង​តូចតាច នោះ​នឹងធ្វើ​ឲ្យ​យើង​បាត់បង់​ពេលវេលា​ជាតិ​ដ៏​សំខាន់ ក្នុង​ការធ្វើ​កិច្ចការ​ជាតិ​ធំៗ ដូចជា​ការធ្វើ​ឲ្យ​កសិករ​របស់​យើង​មាន​ជីវភាព​ធូរធារ​ជាដើម​។ ពេលវេលា​ជាតិ​ដល់​ហើយ ល្មម​យើង​អ្នកនយោបាយ​រួបរួមគ្នា កសាង​នាវា​កម្ពុជា​ឲ្យ​ឆ្ពោះទៅរក​ការរីកចម្រើន ទាំង​វិស័យសេដ្ឋកិច្ច នយោបាយ​»​។ នេះ​ជាការ​បញ្ជាក់​របស់ លោក យ៉ែម បុញ្ញឫទ្ធិ​។​
 
​ជាមួយគ្នានេះ លោក បុញ្ញឫទ្ធិ ក៏​ឆ្លៀត​បញ្ជាក់​ពី​គោលដៅ​របស់​គណបក្ស​ស​ង្គ្រោះ​ជាតិ​ដែរ​។ លោក​ថា ទស្សនៈ​នយោបាយ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ចង់​ឲ្យ​មានការ​ជជែក​ដេញដោល​គ្នា​ក្នុងចំណោម​អ្នកនយោបាយ លើ​គោលនយោបាយ​ជាតិ​សំខាន់ៗ ដើម្បី​ដោះស្រាយ​បញ្ហា​ជាតិ មាតុភូមិ និង​ប្រជាពលរដ្ឋ​ខ្មែរ ដែល​កំពុង​ប្រឈម​នាពេល​ប​ច្ចប្ប​ន្ន​៕

Tag:
 យ៉ែម បុញ្ញឫទ្ធិ​
© រក្សាសិទ្ធិដោយ thmeythmey.com