ជាតិ
សេដ្ឋកិច្ច
សេដ្ឋវិទូ​៖ ដើម្បី​រស់​ដោយ​ខ្លួនឯង កម្ពុជា​ត្រូវ​ពង្រឹង​វិស័យ​កសិកម្ម​មុខ​គេ​
13, Apr 2016 , 12:39 pm        
រូបភាព
 
​ភ្នំពេញ​៖ ដង្ហើម​សេដ្ឋកិច្ចកម្ពុជា ត្រូវ​ពឹង​ផ្អែកលើ​សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប ខ្លាំងជាងគេ​។ ប្រសិនបើ​ប្លុក​ទាំងពីរ​នេះ មាន​វិបត្តិ​សេដ្ឋកិច្ច នោះ​សេដ្ឋកិច្ចកម្ពុជា ក៏​ប្រហែល​ជាមាន​ភាពវឹកវរ​ផងដែរ​។ ដើម្បី​ដកខ្លួន​ឲ្យ​ផុតពី​បង្អែក​របស់​ប្រទេស​ដទៃ កម្ពុជា​ត្រូវ​ពង្រឹង​វិស័យ​កសិកម្ម ឲ្យ​បាន​ខ្លាំងក្លា​។ នេះ​ជា​ប្រសាសន៍​របស់​អ្នកជំនាញ​ផ្នែក​ម៉ាក្រូសេដ្ឋកិច្ច​និង​សារពើពន្ធ នៃ​ធនាគារពិភពលោក​ប្រចាំ​កម្ពុជា​។​



​លោក លី សូ​ដេ​ត សេដ្ឋវិទូ​ជាន់ខ្ពស់ នៃ​ធានា​គារ​ពិភពលោក​ប្រចាំ​កម្ពុជា បានចាត់ទុក​វិស័យ​កសិកម្ម ថា​ជា​វិស័យ​អាទិភាព ដែល​អាចធ្វើ​សេដ្ឋកិច្ចកម្ពុជា មាន​ភាពនឹងន ដោយ​មិនចាំបាច់​ពឹង​ផ្អែកលើ​ប្រទេស​ដទៃ​។ លោក មើលឃើញថា ដើម្បី​ឲ្យ​សេដ្ឋកិច្ចកម្ពុជា​មាន​ដង្ហើម​ដក​ដោយ​ខ្លួនឯង កម្ពុជា​ត្រូវ​យកចិត្តទុកដាក់​និង​ពង្រឹង​វិស័យ​កសិកម្ម ជាង​វិស័យ​ណាៗ​ទាំងអស់​។ ប៉ុន្តែ លោក​ចង់​ឲ្យ​ប្រទេស​កម្ពុជា អភិវឌ្ឍ​វិស័យ​កសិកម្ម ដោយ​ប្រើប្រាស់​ឧបករណ៍​បច្ចេកទេស និង​តាម​លក្ខណ​វិទ្យាសាស្ត្រ ជាជាង​ការពឹង​ផ្អែកលើ​ទឹកភ្លៀង​។ 
  
​សេដ្ឋវិទូ​រូបនេះ​បានបញ្ជាក់​បែប​ដូច្នេះ​ថា​៖«​សំខាន់ គឺ​យើង​ត្រូវ​ពង្រឹង​កសិកម្ម បន្ថែមទៀត​។ កសិកម្ម​យើង នៅ​ពឹង​ផ្អែកលើ​ធាតុអាកាស ហើយ​អាកាសធាតុ​ប៉ុន្មាន​ឆ្នាំនេះ គឺ​ពិបាក​ជាង​ឆ្នាំមុនៗ​។ យើង​ដឹង​ហើយ​ថា ទឹក​ខ្វះ​ជាង​មុន ហើយ​ភ្លៀង​ក៏​មិនបាន​ទៀត​ទាត់​ដូច​មុន​។ អ៊ីចឹង ផលិតផល​កសិកម្ម ដែល​ពឹង​ផ្អែកលើ​ធាតុអាកាស​គឺមាន​ការលំបាក​។ ដូច្នេះ​យើង​ត្រូវ​ពង្រឹង​ខាង​កសិកម្ម​ថែមទៀត ដើម្បី​កុំ​ឲ្យ​ប្រទេស​យើង​ពឹងផ្អែក​ខាងក្រៅ​ខ្លាំងពេក​។ ឥឡូវ​យើង​នៅ​ពឹងផ្អែក​ខាងក្រៅ​ខ្លាំង​»​។​
 
​លោក លី សូ​ដេ​ត បាន​បន្ថែមទៀតថា នាពេល​បច្ចុប្បន្ននេះ កម្ពុជា ពឹង​ផ្នែក​លើ​សេដ្ឋកិច្ច​សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប ជាង​បណ្តា​ប្រទេស​ផ្សេងៗ​។ លោក​ថា កម្ពុជា បាន​នាំចេញ​នូវ​ផលិតផល​ជាច្រើន ជាពិសេស​ផលិតផល​ផ្នែក​សម្លៀកបំពាក់ ទៅកាន់​ប្រទេស​សហរដ្ឋអាមេរិក​និង​សហភាព​អឺរ៉ុប​។​
  
«​ប្រសិនបើ​សេដ្ឋកិច្ច​ប្លុក​ទាំងពីរ​ហ្នឹង​កាន់តែខ្លាំង​ទៅៗ អ៊ីចឹង​សេដ្ឋកិច្ច​យើង ក៏​កាន់តែខ្លាំង​ទៅៗ​ដែរ ព្រោះ​យើង​ពឹង​ផ្អែកលើ​ការនាំ​ចេញទៅ​ប្លុក​ទាំងពីរ​ហ្នឹង​»​។ នេះ​ជា​បញ្ជាក់បន្ថែម​របស់ លោក លី សូ​ដេ​ត​។ 
 
​ការ​ថ្លែង​របស់លោក លី សូ​ដេ​ត ខាងលើ ធ្វើឡើង​នៅ​ចំពោះមុខ​ក្រុម​អ្នកសារព័ត៌មាន ក្រោយពី​បញ្ចប់ «​ពិធី​ធ្វើ​បទ​បង្ហាញ​ប្រចាំឆមាស​ស្តីពី​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ក្នុង​តំបន់​អាស៊ី​បូព៌ា​និង​បា​ស៊ី​ហ្វិ​ក​របស់​ធានា​គារ​ពិភពលោក​» នៅ​ថ្ងៃទី​១១ ខែមេសា ឆ្នាំ​២០១៦ នេះ​៕
 

Tag:
 កសិកម្ម​
  សេដ្ឋវិទូ​
  លី សូ​ដេ​ត
© រក្សាសិទ្ធិដោយ thmeythmey.com