ជាតិ
កូនស្រី​លោក គ​ង្គ ប៊ុន​ឈឿន ថា​នឹង​ជម្នះ​បំពេញ​បំណង​ឪពុក បើ​គ្មាន​អន្តរាគមន៍​ពី​អាជ្ញាធរ​
20, Apr 2016 , 2:17 pm        
រូបភាព
​កូនៗ​របស់លោក គ​ង្គ ប៊ុន​ឈឿន នៅតែ​ចិញ្ចឹមចិត្ត​បំពេញ​បំណង​ចុងក្រោយ​របស់​ឪពុក​ដែល​ចង់​មាន ទី​តម្កល់​ធាតុ ឬ​រូបសំណាក នៅក្បែរ​ស្ទឹង​សង្កែ ខេត្តបាត់ដំបង​ដែលជា​ទឹកដី​កំណើត​របស់លោក​។ អ្នកស្រី ប៊ុន​ឈឿន សូ​រី​ដា ជា​កូនស្រី​ម្នាក់ ក្នុងចំណោម​កូនៗ​ដទៃទៀត របស់​កវី​ម្ចាស់​ស្ទឹង​សង្កែ បាន​បញ្ជាក់ថា ខ្លួន និង​សាច់ញាតិ នឹង​ពុះពារ​ដើម្បី​សាង់សង់​ទី​តម្កល់​ធាតុ ឬ​រូបសំណាក​របស់​ឪពុក នៅក្នុង​វត្ត​ណាមួយ ក្នុង​ខេត្តបាត់ដំបង បើទោះជា​យូរ​យ៉ាងណា ឬ​គ្មាន​អន្តរាគមន៍​ពី​អាជ្ញាធរខេត្ត​ក៏ដោយ​។​



​អ្នកស្រី ប៊ុន​ឈឿន សូ​រី​ដា បាន​អះអាងថា​អ្នកស្រី និង​បងប្អូន នឹង​ខិតខំ ជម្នះ ពុះពារ រៀបចំ​ឲ្យ​មានការ​សង់​ទី​តម្កល់​ធាតុ ឬ​រូបសំណាក លោក គ​ង្គ ប៊ុន​ឈឿន នៅក្នុង​ខេត្តបាត់ដំបង ដើម្បី​បំពេញ​បំណង​ចុងក្រោយ​របស់​ឪពុក​។ 
 
​អ្នកស្រី ប៊ុន​ឈឿន សូ​រី​ដា បាន​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ តាមរយៈ​ទូរ​សព្ទ​នៅ​ថ្ងៃទី​២០​មេសា​ថា អ្នកស្រី និង​សាច់ញាតិ​ផ្សេងទៀត នឹង​ទៅសុំ​ព្រះចៅអធិការ​វត្ត​ណាមួយ នៅក្នុង​ក្រុង​បាត់ដំបង ដើម្បី​សាងសង់​ទី​តម្កល់​ធាតុ​របស់​ឪពុក ប្រសិនបើ​គ្មាន​អន្តរាគមន៍​ណាមួយ​ពី​អាជ្ញាធរខេត្ត​ក្នុងករណីនេះ​។ អ្នកស្រី បាន​បញ្ជាក់ថា​៖«​ពួក​ខ្ញុំ​នឹង​ទៅ​! ទៅសុំ​ពី​វត្ត​មួយ ទៅមួយ​។ យើង​នាំគ្នា​ទៅ​មើល​ជាក់ស្តែង តើ​អាចធ្វើ​យ៉ាងណា​បាន យើង​សុំ​គេ​ធ្វើបាន​យ៉ាងម៉េច បាន​កម្រិតណា​? ទោះបីថា​យូរ​យ៉ាង​ក៏ដោយ ក៏​នៅតែ​រក ក៏​នៅតែ​ធ្វើ យើង​ពុះពារ​រហូត​» ។​
 
​បើទោះបីជា​រហូតដល់​ពេល​នេះ អ្នកស្រី​នៅ​មិនទាន់​ទទួលបាន​ការបញ្ជាក់​ជា​ផ្លូវការ​ណាមួយ​ពី​អាជ្ញាធរខេត្ត​បាត់ដំបង ជុំវិញ​ការសាងសង់​ទី​តម្កល់​ធាតុ ឬ​រូបសំណាករបស់លោក គ​ង្គ ប៊ុន​ឈឿន នៅឡើយ​ក៏ដោយ ប៉ុន្តែ​អ្នកស្រី និង​សាច់ញាតិ​បាន​សម្តែង​រំភើប និង​អរគុណ​ទៅដល់​អាជ្ញាធរខេត្ត​បាត់ដំបង ចំពោះ​បំណង​ចង់​សាងសង់​ទី​តម្កល់​ធាតុ ឬ​រូបសំណាករបស់​ឪពុក​។ លោកស្រី​ក៏​សង្ឃឹម​ដែរ​ថា អាជ្ញាធរខេត្ត​បាត់ដំបង​ក៏​ជួយ​សម្រេច​បំណង​របស់​ឪពុក​ខ្លួន​។ មា​នទី​តម្កល់​ធាតុ ឬ​រូបសំណាក​នៅ​មាត់​ស្ទឹង​សង្កែ ខេត្តបាត់ដំបង​ដែលជា​ទឹកដី​កំណើត​របស់ខ្លួន គឺជា​បំណង​ចុងក្រោយ​របស់​កវី​ម្ចាស់​ស្ទឹង​សង្កែ​គ​ង្គ ប៊ុន​ឈឿន​។ 
 
សារព័ត៌មាន​ថ្មីៗ នៅ​មិនទាន់​អាច​សុំ​ការបញ្ជាក់​ពី លោក ច័ន្ទ សុផល អភិបាលខេត្ត​បាត់ដំបងបាន​នៅឡើយ ជុំវិញ​ករណីនេះ ព្រោះ​លោកថា កំពុង​ជាប់​ប្រជុំ​។ លោក ច័ន្ទ សុផល  ធ្លាប់​បាន​អះអាងថា ​នឹង​បំពេញ​បំណង​ចុងក្រោយ ឲ្យ​លោក គ​ង្គ ប៊ុន​ឈឿន ប្រសិនបើ​មានការ​គាំទ្រ​ច្រើន​ពី​មហាជន​។ លោក​ថា​៖«​បើសិនណា​មានការ​គាំទ្រ​យើង​នឹងធ្វើ​។ ដូច្នេះ​យើង​ចាំមើល​មតិ​ភាគច្រើន គាត់​ជួយផ្តល់​យោបល់​មក​ខ្ញុំ ទើប​ខ្ញុំ​អាច​សម្រេច​ថា​យក​កន្លែង​ណា​ជូន​គាត់​(​គ​ង្គ ប៊ុន​ឈឿន​)​បាន​។  យើង​គិតដល់​គាត់​»​។ 
 
​លោក គ​ង្គ ប៊ុន​ឈឿន ដែលជា​កវី អ្នកនិពន្ធ​រឿង​ប្រលោមលោក និង​ជា​អ្នកនិពន្ធ​បទ​ចម្រៀង​ជាច្រើន​រយ​បទ​ឲ្យ​អ្នកចម្រៀង​ខ្មែរ​ដ៏​ល្បីល្បាញ​នៅក្នុង​ទស្សវត្សរ៍​៦០ និង​៧០ បានទទួល​មរណភាព​ក្នុង​វ័យ​៧៧​ឆ្នាំ នៅ​ម៉ោង​៧​ព្រឹក​ម៉ោង​នៅក្នុង​ប្រទេស​ន័​រវេ ត្រូវ​នឹង​ម៉ោង​១​រសៀល​ម៉ោង​នៅ​កម្ពុជា​ថ្ងៃទី​១៧​ខែមេសា​ឆ្នាំ​២០១៦៕
 
 
 
 

Tag:
 គ​ង្គ ប៊ុន​ឈឿន​
© រក្សាសិទ្ធិដោយ thmeythmey.com