ជាតិ
លោក ឱម យ៉ិនទៀង ៖ មេឃុំ​គណបក្ស សម រង្ស៊ី ទទួល​ថា ពិតជា​បាន​យកប្រាក់​ឲ្យ​ម្ដាយ​ស្រីមុំ​
25, Apr 2016 , 2:35 pm        
រូបភាព
ដោយ:
​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ACU លោក ឱម យ៉ិនទៀង អះអាងថា មេឃុំ​មកពី​គណបក្ស សម រង្ស៊ី សារភាព​យកប្រាក់ ៥០០ ដុល្លារ​ឲ្យ​ទៅ​ម្ដាយ របស់​កញ្ញា ខុម ចាន់​ដា​រ៉ា​ទី ហៅ ស្រីមុំ ពិតមែន​។​


 
​ក្នុង​សន្និសីទ​សារព័ត៌​មាននៅ​រសៀល​នេះ លោក ឱម យ៉ិនទៀង បាន​បញ្ជាក់ថា ចម្លើយ​ទាំងនេះ គឺ​លោក ស៊ាង ចែត មេឃុំ​ស្រក ស្រុក​កំពង់សៀម ខេត្តកំពង់ចាម បាន​ឆ្លើយ​ប្រាប់​អង្គភាព​លោក នៅក្នុងពេល​កំពុង​សាកសួរ​។ បើតាម​លោក ឱម យ៉ិនទៀង អង្គភាព​លោក​ទុកពេល​ឲ្យ​លោក ស៊ាង ចែត រក​មេធាវី​ការពារ​ខ្លួន មុននឹង​លោក​ទម្លាក់​ភស្តុតាង​លើ​លោក សៀង ចែត នៅ​រយៈពេល​៤៨​ម៉ោង​។​

​ការឃាត់ខ្លួន​លោក ស៊ា​ង ចែត មេឃុំ​មកពី​គណបក្ស​សម រង្ស៊ី​រូបនេះ គឺធ្វើឡើង​ក្រោយពី​មាន​សំណេរ​លើ​ក្រដាស​ដោយ​ដៃ​ចំនួន​៤​ទំព័រ ដែល​សារព័ត៌មាន Fresh News ផ្សាយ​ថា​ជា​អក្សរ​របស់​កញ្ញា ស្រីមុំ ដោយបាន​រៀបរាប់ថា លោក បាន​យក​ថវិកា​របស់​ឯកឧត្តម កឹម សុខា ចំនួន​៥០០​ដុល្លារ យកទៅ​ឲ្យ​ម្ដាយ​របស់​នាង ដើម្បី​លួងលោម​នាង​ឲ្យ​និយាយ​កុហក​ចំពោះមុខ​សមត្ថកិច្ច​។ 

​ត្រង់ចំណុច​នេះ លោក ឱម យ៉ិនទៀង អះអាងថា លោក​ទទួលយក​ព័ត៌មាន​ពី​កញ្ញា​ស្រីមុំ តែ​២០​ភាគរយ តែ​លោក​ទទួលយក​ចម្លើយសារភាព​ពី​លោក ស៊ាង ចែត ៨០​ភាគរយ​។​

​ក្រៅពី​លោក ស៊ា​ង ចែត នេះ ក្នុង​ក្រដាស​សរសេរ​ដោយ​ដៃ​នោះ ក៏​អះអាងថា មាន​មន្ត្រី​អង្គការសហប្រជាជាតិ ទទួលបន្ទុក​ផ្នែក​សិទ្ធិមនុស្ស និង​មន្ត្រី​អង្គការសិទ្ធិមនុស្ស​ក្នុងស្រុក​មួយចំនួនទៀត ដែល​បាន​លួងលោម​រូបនាង​ឲ្យ​និយាយ​កុហក​ពី​ការពិត ប្រាប់​ដល់​មហាជន សារព័ត៌មាន និង​សមត្ថកិច្ច​អំពី​រឿង​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ លោក កឹម សុខា​។ បើតាម​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ លោក​បានដាក់​លិខិត​កោះហៅ​អ្នកពាក់ព័ន្ធ​ចំនួន​៨​នាក់​ទៀត ដើម្បី​មក​ស្ដាប់​ហេតុផល​ពួកគេ​៕


Tag:
 ACU
  ឱម យ៉ិនទៀង
© រក្សាសិទ្ធិដោយ thmeythmey.com